មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ ចុះត្រួតពិនិត្យការងារបង្កបង្កើនផល ចិញ្ចឹមសត្វ

0

ដោយ វេហាស៍

កំពង់ធំ÷ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹងរងកំពង់ធំ បានដឹកនាំសហការី នៃក្រុមការងារប្រឡងប្រណាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានទៅត្រួតពិនិត្យសកម្មភាពការងារបង្កបង្កើតផលចិញ្ចឹមសត្វ  លើកស្ទួយជីវភាពរស់នៅរបស់កងទ័ពបង្កើនថែមលើគោលរបប ដែលថ្នាក់បានកំណត់ ក្នុងចលនាប្រឡងប្រណាំងផ្នែកសឹករងស្ទឹងសែន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ  ស្ថិតនៅសង្កាត់ អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ  កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ ។

លោកវរសេនីយ៍ទោ សៀង ហុកឃាន់ មេបញ្ជាការផ្នែកសឹករងស្ទឹងសែន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ  បានបញ្ជាក់ថា កងកម្លាំងផ្នែកសឹករងស្ទឹងសែន ក្រៅពីភារកិច្ចស្នូលក្នុងការងារហ្វឹកហ្វឺនរៀនសូត្រ ការសហការចូលរួមអនុវត្តគោលនយោបាយភូមិ.ឃុំមានសុវត្ថិភាព  និងការកសាងអង្គភាពរឹងមាំ ផ្នែកសឹករងស្ទឹងសែន បានដំណើរការដាំដុះដំណាំ នឹងចិញ្ចឹមសត្វ ដើម្បីលើកស្ទួយជីវភាពរបស់កងទ័ពបង្កើនបន្ថែមលើគោលរបប ដែលក្រសួងការពារជាតិ បានកំណត់ ហើយបងប្អូនមានការហូបចុកនៅក្នុងផ្ទះបាយសមូហភាពបានគ្រប់គ្រាន់ ។ក្នុងនោះអង្គភាពមានស្រះចិញ្ចឹមត្រីចំនួន២ ស្រះ  មានត្រីប្រមាណជាង ៥០ ,០០០ ក្បាល  ចិញ្ចឹមគោចំនួន២២ ក្បាល  និងមាន មាន់ ទា ក្ងានមួយចំនួន ដើម្បីដោះស្រាយគោលនយោបាយជូនយោធិនក្នុងអង្គភាពដែលត្រូវបានថ្នាក់លើដាក់ឲ្យចូលនិវត្តន៍ផងដែរ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ  បានថ្លែងនូវការកោតសរសើរចំពោះថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់នៅផ្នែកសឹករងស្ទឹងសែន ដែលបានខិតខំបំពេញភារកិច្ច ដែលថ្នាក់លើបានប្រគល់ជូនឲ្យទទួលបានជោគជ័យគួរជាទីមោទនៈ ក្នុងនោះដែរអង្គភាព ផ្នែកសឹករងស្ទឹងសែន ជាអង្គភាព មួយ ដែលមានស្នាដៃល្អក្នុងការងារចលនាប្រឡងប្រណាំងទាំង ៥ ខ្លឹមសារ  ដែលថ្នាក់លើបានដាក់ចេញដើម្បីលើកស្ទួយជីវភាពរស់នៅរបស់កងទ័ពបានយ៉ាងល្អប្រសើរ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានណែនាំបន្ថែមដល់យោធិនទាំងអស់ ត្រូវខិតខំអនុវត្តឱ្យបានល្អ នូវខ្លឹមសារចលនាប្រឡងប្រណាំងទាំង៥ ដែលយោធភូមិភាគទី៤ បានដាក់ចេញឲ្យទទួលបានជោគជ័យ និងត្រូវប្តេជ្ញាចិត្តដាច់ខាតក្នុងភារកិច្ច ការពារជាតិ សាសនា  ព្រះមហាក្សត្រ  និងការពារឲ្យបានដាច់ខាតរាជរដ្ឋាភិបាលស្របច្បាប់ ដែលដឹកនាំដោយសម្តេច មហាបវរធិបតី ហ៊ុន  ម៉ាណែត  នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីប្រទេសជាតិយើងបន្តការអភិវឌ្ឍន៍ ឲ្យមានការរីកចម្រើនរុងរឿងបន្ថែមទៀត៕