អភិបាលស្រុកស្ទោង អញ្ជើញចែកអំណោយមនុស្សធម៌ជូនដល់គ្រួសារដែលមានជីវភាពខ្វះខាត និងតាជីយយាយជី១២០នាក់

0

កំពង់ធំ: នៅរសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ លោកសាយ គឹមឡម អភិបាលស្រុកស្ទោង និងសហការី បានអញ្ជើញជាអធិបតីភាពក្នុងពិធីចែកអំណោយមនុស្សធម៌ជូនដល់តាជី យាយជី និងប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនិងងាយហហនីភ័យចំនួន១២០នាក់ នៅក្នុងភូមិត្នោត ឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ ដែលជាអំណោយរបស់សប្បុរសជន។

ជាមួយគ្នានេះលោកសាយ គឹមឡម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោក បៃ ប៊ុនណា និង អ្នកស្រី សួន ស្រីទូច និងបុត្រធីតា ដែលបានសហការជាមួយរដ្ឋបាលស្រុកស្ទោង ក្នុងការរៀបចំពិធីចែកអំណោយសប្បុរសធម៌នៅពេលនេះ គឺជាការចូលរួមចំណែកយ៉ាងធំធេងជាមួយរដ្ឋបាលស្រុកស្ទោងក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ក្នុងការយកចិត្តទុកដាក់ដល់សុខទុក្ខ សុខុមាលភាព បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ ជាពិសេសពុកម៉ែបងប្អូនដែលមានជីវភាពខ្វះខាត ដែលជាគោលនយោបាយមួយក្នុងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋគឺ មិនទុកឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរណាម្នាក់ដាច់បាយស្លាប់ ដោយអាជ្ញាធរមូលដ្ឋានឬរាជរដ្ឋាភិបាលកម្ពុជាពុំបានដឹងនោះឡើយ។

ជាមួយគ្នានេះដែរលោក បៃ ប៊ុនណា និងអ្នកស្រី សួន ស្រីទូច បានថ្លែងអំណរគុណជាអានេកមដល់លោកអភិបាលស្រុកស្ទោង និងសហការី ដែលបានលះបង់ពេលវេលាដ៏មានតម្លៃក្នុងការចូលរួមក្នុងពិធីចែកអំណោយដែលក្រុមគ្រួសារគាត់បានរៀបចំនៅពេលនេះទោះមានចំនួនតិចហើយពុំបានឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងរបស់មូលដ្ឋានក្តី ក៏បានចូលរួមចំណែកយ៉ាងធំធេង ជាមួយរដ្ឋបាលស្រុក ដែលជានិច្ចជាកាលតែងតែចុះជួយនិងចែកអំណោយសង្គ្រោះដល់ប្រជាពលរដ្ឋតាមបណ្ដាភូមិដ្ឋាននានានៅក្នុងស្រុក។

គួរបញ្ជាក់ផងដែរថា អំណោយដែលចែកជូននៅពេលនេះជាអំណោយរបស់លោក បៃ ប៊ុនណា និងលោកស្រី សួន ស្រីទូច និងបុត្រធីតា ដែលមួយគ្រួសារៗ ទទួលបាននូវអង្ករ០១បេ  មី០១កេស ទឹកសុទ្ធ០១កេស ទឹកស៊ីវ០១យួរ ទឹកត្រី០១យួរ កន្ទេល០១ និងថវិកាចំនួន៥ម៉ឺនរៀលផងដែរ៕ អត្ថបទលោក ឆុន ឆេងក្រឹម