អាវុធហត្ថស្រុកជាំក្សាន្ត បានធ្វើការឃាត់ខ្លួនជនសង្ស័យ៣នាក់ និងថ្នាំញៀនចំនួន២៩កញ្ចប់.!

0

ខេត្តព្រះវិហារ៖ កងកម្លាំងអាវុធហត្ថស្រុកជាំក្សាន្ត នៃខេត្តព្រះវិហារ ចំនួន ៦នាក់ រថយន្តចំនួន ២គ្រឿង អាវុធAK៤៧ចំនួន ២ដើមវិទ្យុទាក់ទងចំនួន ៦គ្រឿង ដឹកនាំដោយលោកវរសេនីយ៍ត្រី ជុន បូរ៉ា មេបញ្ជាការកងរាជអាវុធហេត្ថស្រុក សហការជាមួយកម្លាំងជំនាញការិយាល័យទី២ កងពលតូចអន្តរាគមន៍លេខ៨ ចុះបង្រ្កាបករណីរក្សាទុក និងចែកចាយខុសច្បាប់នូវសារធាតុញៀន កាលពីវេលាម៉ោង ១៣:០០នាទី ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ ត្រង់ចំណុច UTM ៤៥៤០៩៦ – ១៥៨៤១៩០ ស្តិតក្នុងភូមិបង្គោល៨ ឃុំស្រអែម ស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ ។

វរសេនីយ៍ត្រី ជុន បូរ៉ា មេបញ្ជាការកងរាជអាវុធហត្ថស្រុកជាំក្សាន្ត បានឲ្យដឹងថា បន្ទាប់ពីទទួលបានបទបញ្ជា របស់លោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ
កម្លាំងកងរាជអាវុធហត្ថស្រុកជាំក្សាន្ដចំនួន ៦នាក់ រថយន្តចំនួន ២គ្រឿង អាវុធAK៤៧ចំនួន ២ដើម វិទ្យុទាក់ទងចំនួន ៦គ្រឿង ដឹកនាំដោយលោក និងសហការជាមួយកម្លាំងជំនាញការិយាល័យទី២ កងពលតូចអន្តរាគមន៍លេខ៨ បានចុះបង្រ្កាបករណីរក្សាទុក និងចែកចាយខុសច្បាប់ នូវសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ ទី១ឈ្មោះ សេង គឹមសឿន ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ ទី២ឈ្មោះ ចាន់ វិច្ឆិកា ភេទស្រី អាយុ ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ អ្នកទាំងពីររស់នៅភូមិបង្គោល៨ ឃុំស្រអែម ស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ។ ក្នុងប្រតិបត្តិការនេះកម្លាំងបានចាប់យកវត្ថុតាងរួមមាន៖ ថ្នាំញៀនម៉ាទឹកកកចំនួន ២៦កញ្ចប់ ស្មើនឹង ៧៥,៦ក្រាម លុយខ្មែរចំនួន ២០០០០រៀល ព្រមជាមួយសំភារៈសំរាប់វេចខ្ចប់ និងប្រើប្រាស់គ្រឿងញៀនមួយចំនួន ។

សូមបញ្ជាក់ជូនផងដែរថា បន្ទាប់ពីកម្លាំងជំនាញឃាត់ខ្លួន ជនសង្ស័យខាងលើបានឆ្លើយសារភាពថា ខ្លួនគេបានទិញថ្នាំញៀននេះមកពីឈ្មោះ អិច លុះទទួលបានចម្លើយ កម្លាំងបានបន្តប្រតិបត្តិការចុះទៅបង្ក្រាបមួយកន្លែងទៀត នៅចំណុច UTM ៤៤៨១៦៦ – ១៥៨៣៩៤២ វេលាម៉ោង ១៣:២០នាទី ស្តិតក្នុងភូមិត្រពាំងបី ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ។ កម្លាំងក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់មានឈ្មោះ កាំង សុខឃាង ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ ត្រូវជាកូនជនជាប់សង្ស័យឈ្មោះអិច បានរត់គេចខ្លួន រស់នៅភូមិឃុំខាងលើ និងចាប់យកវត្ថុតាងបានមួយចំនួនរួមមាន៖ ១.ថ្នាំញៀនម៉ាទឹកកកចំនួន ៣កញ្ចប់ ស្មើនឹង ៩៤៧,២ក្រាម, ២.ជញ្ជីងសំរាប់ថ្លឹងថ្នាំញៀនចំនួន ១គ្រឿង, ៣.ម៉ូតូចំនួន ១គ្រឿង ម៉ាកវេវ ពណ៌ខ្មៅ គ្មានស្លាកលេខ, ៤.សំភារៈសំរាប់វេចខ្ចប់ និងប្រើប្រាស់គ្រឿងញៀនមួយចំនួន ។

លោកវរសេនីយ៍ត្រី ជុន បូរ៉ា មេបញ្ជាការកងរាជអាវុធហត្ថស្រុក បានឲ្យដឹងដែរថា ចំពោះជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ បច្ចុប្បន្នកម្លាំងជំនាញកងរាជអាវុធហត្ថស្រុកជាំក្សាន្ដ កំពុងកសាងសំនុំរឿង និងបញ្ជូនទៅកងរាជអាវុធហត្ថខេត្តព្រះវិហារ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕ សួនលីណា