ឧត្តមសេនីយ៍ទោ សោម ស៊ុន ជួបសំណេះសំណាលសាកសួរសុខទុក្ខ និងឧបត្ថម្ភគ្រឿងឧបភោគបរិភោគ ជូនក្រុមបច្ចេកទេសជីករុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀត ណាម K72អបអរសាទរខួបលើកទី៧៩ថ្ងៃ កំណើតកងទ័ពប្រជាជនវៀតណាម

0

ដោយ វេហាស៍
កំពង់ធំ÷ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មការឯកទេសជីករុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមខេត្តកំពង់ធំ និងជាតំណាងឲ្យរដ្ឋបាលខេត្ត បានដឹកនាំសហការីទៅសំណេះ សំណាលសាកសួរសុខទុក្ខក្រុមបច្ចេកទេសជីករុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម K72 ប្រចាំខេត្តកំពង់ធំ និងដើម្បីចូលរួមអបអរសាទរក្នុងពិធីខួបលើកទី79 ថ្ងៃកំណើតកងទ័ពប្រជាជនវៀតណាម (២២-១២-១៩៤៤- ២២-១២- ២០២៣)  ដែលពិធីនេះប្រព្រឹត្តទៅ នៅទីកន្លែងស្នាក់នៅបណ្ដោះអាសន្នរបស់ក្រុមបច្ចេកទេស K72  នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣  ។

លោកវរសេនីយត្រី ង្វៀន វ៉ាន់ឡុង អនុប្រធានក្រុមបច្ចេកទេសជីករុករកអដ្ឋិធាតុកងទ័ពស្ម័គ្រ ចិត្តវៀតណាមK72ប្រចាំខេត្តកំពង់ធំ បានឡើងរាយការណ៍អំពីសកម្មភាព និងលទ្ធផលនៃការជីករុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ក្នុងដំណាក់កាលទី២៣ រដូវប្រាំងឆ្នាំ២០២៣ និង២០២៤  នឹងបានសូមគោរពថ្លែងអំណរគុណ ដ៏ជ្រាលជ្រៅជាទីបំផុតចំពោះថ្នាក់ដឹកនាំខេត្ត ថ្នាក់ដឹកនាំកងកម្លាំងប្រដាប់អាវុធទាំងបី អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋនៅខេត្តកំពង់ធំ ដែលបានផ្ដល់នូវកិច្ចសហប្រតិបត្តិការល្អក្នុងការស្រាវជ្រាវជីករុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម នាពេលកន្លងមក ក៏ដូចជាបច្ចុប្បន្ននេះ។ ហើយនៅក្នុងឱកាសខួបលើកទី79 នៃថ្ងៃកំណើតកងទ័ពប្រជាជនវៀតណាម បានមកសំណេះសំណាលសាកសួរសុខទុក្ខ និងឧបត្ថម្ភគ្រឿងឧបភោគបរិភោគ ភេសជ្ជៈដល់អង្គភាពក្រុមបច្ចេកទេសK72នៅថ្ងៃនេះ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការកោតសរសើចំពោះវិរភាពដ៏អង់អាចក្លាហានរបស់កងទ័ពស្ម័គ្រចិត្ត នៃប្រជាជនវៀតណាម ដែលបានតស៊ូពលីជីវិតក្នុងសម័យសង្គ្រាម ដើម្បីបង្រួបបង្រួមទឹកដីវៀតណាម ឱ្យមានសន្តិភាពនិងការអភិវឌ្ឍរីកចម្រើន។ ជាមួយនោះដែរឯកឧត្តមមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក៏បានថ្លែងអំណរគុណចំពោះកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានសហការជាមួយកងទ័ពរណសិរ្យសាមគ្គីសង្គ្រោះជាតិកម្ពុជា  វាយផ្ដួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត អៀងសារី ខៀវសំផន ទទួលបានមហាជ័យជំនះជាប្រវត្តិសាស្ត្រនៅថ្ងៃទី៧ ខែមករា ឆ្នាំ២១៩៧៩។ នៅក្នុងឱកាសខួបលើកទី៧៩ ទិវាកំណើតកងទ័ពប្រជាជនវៀតណាមនៅពេលនេះ ឧត្តមសេនីយ៍ទោ  សោម ស៊ុន រួមជាមួយរដ្ឋបាលខេត្តកំពង់ធំ បានឧបត្ថម្ភ គ្រឿងឧបភោគបរិភោគ និងភេសជ្ជៈមួយចំនួនសម្រាប់ ផ្ដល់ជូនដល់ក្រុមបច្ចេក ទេសK72 ដើម្បីរៀបចំពិធីអាហារសាមគ្គីអបអរសាទរក្នុងពិធីខួបកំណើតនៅថ្ងៃនេះផងដែរ៕