តុលាការខេត្តព្រះវិហារ ឃុំខ្លួនជនសង្ស័យ ៣នាក់ ក្នុងបទចោទ លួចមានស្ថានទម្ងន់ទោស ទទួលផលចោរកម្ម និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

0

ខេត្តព្រះវិហារ៖ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តព្រះវិហារ លោក ផេង កុសល បានចេញដីកាបង្គាប់អោយភ្នាក់ងារមានសមត្ថកិច្ច នៃកម្លាំងសាធារណៈ ធ្វើការនាំខ្លួនជនត្រូវចោទ ៣នាក់ ទៅពន្ធនាគារ ឬ មណ្ឌលឃុំខ្លួនខេត្តព្រះវិហារ ដោយអនុវត្តអោយបានត្រឹមត្រូវតាមច្បាប់ នៅល្ងាចថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ ក្រោមបទចោទ «លួចមានស្ថានទម្ងន់ទោស ទទួលផលចោរកម្ម និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន» ដែលបានប្រព្រឹត្តនៅភូមិហ្មសែត សង្កាត់ប៉ាលហាល និងភូមិអណ្តូងពោធិ៍ សង្កាត់កំពុងប្រណាក ក្រុងព្រះវិហារ នៅក្នុងអំឡុងខែធ្នូ ឆ្នាំ២០២៣។

ការសម្រេចឃុំខ្លួនជនសង្ស័យទាំង ៣នាក់នោះ នៅក្រោយការសាកសួរអស់រយៈពេល ១ថ្ងៃពេញ បន្ទាប់ពីតំណាងអយ្យការអមសាលាដំបូងខេត្ត លោក ស្រេង វុទ្ធា បានធ្វើការចោទប្រកាន់នៅថ្ងៃទី២០ធ្នូ២០២៣ និងនៅក្រោយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានចុះស្រាវជ្រាវកំណត់មុខសញ្ញា ឈានទៅឃាត់ខ្លួនជនសង្ស័យទាំង ៣នាក់ កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ នៅក្នុងក្រុងព្រះវិហារ និងបានកសាងសំណុំរឿងបញ្ជូនទៅតលាកាខេត្តរួចមក។

នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាល ខេត្តព្រះវិហារ លោកវរសេនីយ៍ឯក គង់ គា បានប្រាប់អោយដឹងថា ជនសង្ស័យទាំង ៣នាក់ ដែលត្រូវបានតុលាការខេត្ត សម្រេចឃុំខ្លួននៅល្ងាចថ្ងៃទី២១ធ្នូ ម្សិលមិញនោះ គឺ ១-ឈ្មោះ អឿន ម៉េងហ័រ ភេទប្រុស អាយុ ១៨ឆ្នាំ មានទីកន្លែងកំណើត ភូមិទុកស្រូវ ឃុំរកាគង់កើត ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង។ បច្ចុប្បន្ន រស់នៅភូមិអូរខ្លែងពណ៌ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ធ្លាប់ជាប់ពន្ធនាគារ ២ឆ្នាំ ៨ខែ។ ២-ឈ្មោះ ឃាង ភាក់ ភេទប្រុស អាយុ ២៥ឆ្នាំ ទីកន្លែងកំណើត ភូមិដូនដោកលិច ឃុំជៀច ស្រុកកំចាយមា ខេត្តព្រៃវែង។ បច្ចុប្បន្ន រស់នៅភូមិស្វាយលើ ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប។ ៣-ឈ្មោះ បឿន សង្ហា ភេទប្រុស អាយុ ២៧ឆ្នាំ ទីកន្លែងកំណើត ភូមិអូរខ្លែងពណ៌ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ ធ្លាប់ជាប់ទោស ៣ខែ រឿងគ្រឿងញៀន។

លោកវរសេនីយ៍ឯក គង់ គា បានប្រាប់ឲ្យដឹងទៀតថា ការឃុំខ្លួនជនសង្ស័យទាំង ៣នាក់នោះ បានធ្វើឡើងក្រោយកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលខេត្ត បានសហការជាមួយ កម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះវិហារ ដោយមានការចង្អុលបង្ហាញពី ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា និងក្រោមកិច្ចសម្របសម្រួលពីស្ថាប័នអយ្យការខេត្ត កាលពីថ្ងៃទី១៨ធ្នូ២០២៣ បានចុះបង្ក្រាបឃាត់ខ្លួនជនសង្ស័យទាំង ៣នាក់ ដែលធ្វើសកម្មភាពលួចម៉ូតូ ៣គ្រឿង យកមកលាក់ទុកនៅក្នុងក្រុងព្រះវិហារ ដើម្បីកែច្នៃលក់ និងចេញធ្វើសកម្មភាពជាបន្ត។

លោកវរសេនីយ៍ឯក គង់ គា បានបញ្ជាក់ថា មុនឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំង ៣នាក់ គឺកម្លាំងនគរបាលជំនាញ បានស៊ើបអង្កេត និងតាមដានយ៉ាងយកចិត្តទុកដាក់ រហូតឈានដល់ការកំណត់បានមុខសញ្ញា ដែលក្រុមនេះបានលួចពីខេត្តព្រៃវែង ហើយបានមកលាក់ខ្លួនធ្វើសកម្មភាពលួចបន្ត នៅក្នុងភូមិសាស្ត្រខេត្តព្រះវិហារ បន្ថែមទៀត។ លោកវរសេនីយ៍ឯក គង់ គា បានបញ្ជាក់ទៀតថា​ ជាលទ្ធផលក្នុងកិច្ចប្រត្តិបត្តិការខាងលើនោះ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបាន ៣នាក់ ដកហូតវត្ថុតាងម៉ូតូ ៣គ្រឿង និងសារធាតុញៀន ១,៦២ក្រាម កសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការបន្តតាមច្បាប់៕ដោយ៖ឡុង សំបូរ