មន្រ្តីជាន់ខ្ពស់ក្រសួងការពារជាតិ បើកកិច្ចប្រជុំត្រួតពិនិត្យ និងដោះស្រាយបញ្ហាដំណើរចេញចូលរបស់ពលករខ្មែរតាមបណ្ដាយព្រំដែនក្នុងភូមិសាស្រ្តខេត្តព្រះវិហារ

0

ព្រះវិហារ៖ ឯកឧត្ដម សៀក សុជាតិ រដ្ឋលេខាធិការក្រសួងការពារជាតិ អនុប្រធានគណៈកម្មការចំពោះកិច្ចរបស់រាជរដ្ឋាភិបាល នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣មិ្សលមិញ បានដឹកនាំក្រុមការងារទី២ នៃគណៈកម្មការបើកកិច្ចប្រជុំពិនិត្យ និងដោះស្រាយបញ្ហាដំណើរចេញចូលរបស់ពលករខ្មែរតាមព្រំដែននៃព្រះរាជាណាចក្រកម្ពុជា នៅសាលប្រជុំសាលាខេត្តព្រះវិហារ ដើម្បីពង្រឹងការអនុវត្តការងាររបស់មន្ត្រីសមត្ថកិច្ចឈរជើងនៅតាមបណ្ដាយព្រំដែន ។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ព្រមទាំង ឯកឧត្តមជាប្រតិភូអមដំណើរក្រសួងការពារជាតិ អភិបាលរងខេត្ត មេបញ្ជាការ មេបញ្ជាការរង យោធភូមិភាគទី៤ ប្រចាំទិសទី២ និងទី៣ នឹងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត ។

ឯកឧត្តម គីម រិទ្ធី បានមានប្រសាសន៍ថា ខេត្តព្រះវិហារ នៃព្រះរាជាណាចក្រកម្ពុជា និងខេត្តឧប៊ុនរាជធានី នៃព្រះរាជាណាចក្រថៃ តែងតែមានជំនួបទ្វេរភាគីរវាងប្រទេសទាំងពីរជាបន្ត បន្ទាប់ មិនថាថ្នាក់ប្រមុខរាជរដ្ឋាភិបាល និងថ្នាក់ខេត្តនោះទេ សូម្បីថ្នាក់ស្រុក ឃុំ ក៏តែងតែជួបគ្នាជាញឹកញាប់ និងផ្លាស់ប្តូរព័ត៌មានអោយគ្នានូវរាល់សភាពការណ៍ និងបាតុភាពនានា ដែលកើតមានតាមបណ្តោយព្រំដែនជាប្រចាំ ។

ជំនួបទាំងនោះ គឺបានធ្វើអោយទំនាក់ទំនងកាន់តែជិតស្និតបន្ថែមទៀត ដោយឈរលើមូលដ្ឋានចំណងមិត្តភាពជាប្រពៃណី និងភាពជាអ្នកជិតខាងល្អ។ប៉ុន្តែទោះបីជា ទំនាក់ទំនងរវាងខេត្តទាំងពីរមានទំនាក់ទំនងល្អ ជិតស្និទ្ធិ និងសម្រេចបាន នូវលទ្ធផលរួមគ្នាជាច្រើនក៏ដោយ ក៏នៅមានចំណុចមួយចំនួន ដែលទាមទារអោយភាគីទាំងពីរត្រូវបន្តអនុវត្ត ពិសេសកិច្ចព្រមព្រៀងផ្សេងៗ ព្រមទាំងកំណត់ហេតុកិច្ចសហប្រតិបត្តិការដែល ប្រមុខរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរបានឯកភាពគ្នា ។

ឆ្លៀតក្នុងឪកាសនោះដែរ ឯកឧត្ដម សៀក សុជាតិ បានថ្លៃងថា ដោយមើលឃើញពីទុក្ខលំបាករបស់ប្រជាពលរដ្ឋ និងដោយមានការសំណូមពរពីអាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធនៅច្រកទ្វារ ព្រំដែន ឯកឧត្តមបានដាក់ចេញនូវវិធានការពាក់ព័ន្ធនឹងការបើកដំណើរការឡើងវិញនូវច្រកព្រំដែនអានសេះ ដើម្បីជួយសម្រួលដល់ការឆ្លងដែនចេញចូលរបស់ប្រជាពលរដ្ឋ និងការដោះដូរទំនិញរវាងកម្ពុជា-ថៃ។ចំពោះច្រករបៀងទាំងអស់ក្នុងទឹកដីខេត្តព្រះវិហារ ត្រូវបិទមិនអោយ ដំណើរការទាំងអស់ជៀសវាងកុំអោយមានការឆ្លងដែនខុសច្បាប់ ។

ជាមួយនេះ ត្រូវកែសម្រួលការសាងសង់អគារដ្ឋបាលច្រកចេញចូលតែមួយនៅច្រកទ្វារអានសេះ ដើម្បីជួយសម្រួលដល់កងម្លាំងសមត្ថកិច្ចប្រចាំការនៅទីនោះ នឹងសង់លំនៅដ្ឋានជូនប្រជាពលរដ្ឋចំនួន៥៥គ្រួសារ ដែលរស់នៅច្រកទ្វារតំបន់ព្រំដែនអានសេះ ដើម្បីជួយសម្រួលដល់ពួកគាត់អាចសាងសង់លំនៅដ្ឋាននៅទីនោះបាន ។

បន្ថែមពីនេះ អាជ្ញាធរខេត្ត និងសមត្ថកិច្ចពាក់ព័ន្ធនៅតាមច្រកទ្វារព្រំដែន ត្រូវសហការសម្របសម្រួលជាមួយអាជ្ញាធរថៃ ដើម្បីសម្រួលភាពងាយស្រួលដល់ដំណើរចេញចូលរបស់ពលករខ្មែរ ហើយត្រូវផ្សព្វផ្សាយ និងលើកទឹកចិត្តអោយប្រជាពលរដ្ឋចូលរួមសហការ និងរាយ ការណ៍នូវរាល់ភាពមិនប្រក្រតីនានានៅតាមតំបន់ព្រំដែន និងតាមបណ្តាច្រកទ្វារព្រំដែនរវាង ប្រទេសទាំងពីរ៕ សួនលីណា