បិទមួយដង្ហើមចង្រិត បើកលេងដដែល មាន់ជល់អនឡាញតាមកុំព្យូទ័រនៅឃុំពត់សរ

0

ខេត្តតាកែវ ៖ ល្បែងជល់មាន់ក្នុងកុំព្យូទ័រឡែបថប តាមប្រព័ន្ធអនឡាញកំពុងដំណើរការឡើងវិងនៅទីតាំងផ្ទះឈ្មោះ ភាព ភូមិឃ្លាំងសម្បត្តិ ឃុំពត់សរ ស្រុកបាទី ដដែលបន្ទាប់ពីផ្អាកមួយរយៈខ្លី សង្ស័យមេល្បែងសែនព្រេនអ្នកតាម្ចាស់ស្រុកត្រូវហើយ។

ទីតាំងនេះធ្លាប់ផ្អាកមួយរយៈខ្លី កាលពីប៉ុន្មានថ្ងៃមុន ថ្ងៃនេះក៏បើកដំណើរការមាន់ជល់អនឡាញឡើងវិញ និងមានអ្នកមកលេងទីជិតទីឆ្ងាយជួបជុំគ្នាលេងល្បែងភ្នាល់ដាក់លុយ រាប់លានរៀល និងស្រែកហ៊ោកញ្ជ្រៀវ ទ្រហឹងអឺងកង ដោយគ្មានខ្លាចញញើតសមត្ថកិច្ចបន្តិចសោះ។

ប្រជាពលរដ្ឋក្នុងមូលដ្ឋានខាងលើសំណូមពរទៅលោកមេប៉ុស្តិ៍ឃុំពត់សរ ជាពិសេសលោក ឆាយ កែវមុន្នី អធិការនគរបាលស្រុកបាទី ចុះបង្ក្រាបទីតាំងល្បែងស៊ីសងតាមអនឡាញក្នុងដំបន់ខ្លួនផង។
លោកមេប៉ុស្តិ៍រឃុំពត់សរ មិនបានឆ្លើយតបទេ រហូតមកដល់ព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣នេះ ពាក់ព័ន្ធនឹងល្បែងស៊ីសងក្នុងមូលដ្ឋានខ្លួន។ លោក ឆាយ កែវមុន្នី  អធិការនគរបាលស្រុកបាទី ក៏មិនបានឆ្លើយតបដែរ នៅរសៀលថ្ងៃទី២២ ខែធ្នូនេះ ឬមួយជាឆ្នាំបាយខ្លួន។

គួរបញ្ជាក់ថា សម្ដេចក្រឡាហោម ស ខេង អតីត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់បានដាក់បទបញ្ជាតឹងរ៉ឹង ដល់គ្រប់ខេត្ត-រាជធានីទូទាំងប្រទេស ឲ្យអនុវត្ត គោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាព៩ចំណុច គឺត្រូវបង្ក្រាបបទល្មើសល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទឲ្យខាងតែបាន ហើយបើកើតមាននៅក្នុងទឹកដីណា អ្នកនោះជាអ្នកទទួលខុសត្រូវ។

យោងតាមច្បាប់ ស្តីពី ការបង្ក្រាបល្បែងស៊ីសង ដែលរដ្ឋសភាបានអនុម័ត កាលពីឆ្នាំ១៩៩៦ បានចែងផ្តន្ទាទោស៖អ្នកញៀនល្បែងស៊ីសង ផ្អែកតាម

មាត្រា៤៖ ជនណាលេងល្បែងស៊ីសង ជននោះត្រូវផ្តន្ទាទោស ពិន័យជាប្រាក់ ពី១ម៉ឺនរៀល ដល់ ៥ម៊ឺនរៀល រឺ ដាក់គុកពី១សប្តាហ៍ ដល់ ១ខែ។
ក្នុងករណីពុំរាងចាល ត្រូវផ្តន្ទាទោស ពិន័យជាប្រាក់ ពី៥ម៉ឺនរៀល ដល់ ៥សែនរៀល និងដាក់គុកពី១ខែ ដល់ ១ឆ្នាំ។មេបនល្បែងស៊ីសង ផ្អែកតាម

មាត្រា៥៖ ត្រូវផ្តន្ទាទោស ពិន័យជាប្រាក់ ពី ៥លានរៀល ដល់ ២០លានរៀល និងដាក់គុកពី ១ឆ្នាំ ដល់ ៥ឆ្នាំ ចំពោះអ្នកបើកលេងល្បែងស៊ីសង អ្នកកាន់កាប់ល្បែងស៊ីសង អ្នកចាត់ចែងនិងភ្នាក់ងារស៊ីសង។
ក្នុងករណីពុំរាងចាល ត្រូវផ្តន្ទាទោស ពិន័យជាប្រាក់ និងដាក់គុកនេះជាអតិបរមា៕ ស្មីត