អភិបាលស្រុកស្ទោង អញ្ជើញពិនិត្យវឌ្ឍនភាពសាងសង់ វិថីអនុគណតូច អ៊ុល នៅស្រុកស្ទោង

0

ខេត្តកំពង់ធំ÷ លោក សាយ  គឹមឡម អភិបាលស្រុកស្ទោង និងសហការី ព្រមទាំងព្រះគ្រូចៅអធិការវត្តករណីដើមនិងគណៈកម្មការវត្ត បានអញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពសាងសង់ “វិថីអនុគណតូច អ៊ុល” ស្ថិតនៅក្នុងភូមិឈើទាល ឃុំកំពង់ចិនត្បូង  ស្រុកស្ទោង ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ ២០២៣នេះ។

លោកសាយ  គឹមឡម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ព្រះគ្រូចៅអធិការ គណៈកម្មការវត្តករណីដើម សប្បុរសជននានា ដែលបាន សហការគ្រប់បែបយ៉ាងជាមួយរដ្ឋបាលស្រុកស្ទោង និងឃុំកំពង់ចិនត្បូង ក្នុងការសាងសង់ “វិថីអនុគណតូច អ៊ុល” ដែលធ្វើឡើងអំពីបេតុង ដែលជាការបូករួមបញ្ចូលគ្នារវាងថវិកាសប្បុរសជននិងមូលនិធិឃុំកំពង់ចិត្តត្បូង ដែលជាសមិទ្ធផលថ្មីស្រឡាង ក្រោមសុខសន្តិភាពនិងការអភិវឌ្ឍគ្រប់វិស័យរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

លោក សាយ  គឹមឡម ក៏បានថ្លែងអំណរគុណជាអនេក ដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដែលមានគេហដ្ឋាននៅអមសងខាងវិថីនេះ ក្នុងកិច្ចការសហការ សម្របសម្រួល ដើម្បីងាយស្រួលក្នុងការសាងសង់ ដើម្បីទទួលបាននូវវិថីមួយប្រកបដោយសោភ័ណភាព បរិស្ថានស្អាត គុណភាព  ងាយស្រួលក្នុងការធ្វើដំណើរ និងទុកជាសម្បត្តិរួមរបស់យើងទាំងអស់គ្នាតទៅ។

ទន្ទឹមក្នុងនេះលោកអភិបាលស្រុកស្ទោង ក៏បានណែនាំដល់រដ្ឋបាលឃុំកំពង់ចិត្តត្បូង និងក្រុមហ៊ុន លី ដា ត្រូវសហការគ្នាឲ្យបានល្អក្នុងនិងតាមដានត្រួតពិនិត្យជាប្រចាំនូវ ការសាងសង់ផ្លូវនេះតាមបទដ្ឋានបច្ចេកទេសសំណង់ផ្លូវបេតុង ប្រកបដោយគុណភាព និងទាន់ពេលវេលា ដើម្បីធានានៅការប្រើប្រាស់បានយូរអង្វែង។

លោកអភិបាលរង ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានជាពិសេសបងប្អូនដែលមានលំនៅដ្ឋានអមសងខាងផ្លូវសូមនាំគ្នាជួយថែរក្សា  ការពារ វិថីនេះ ដើម្បីមានសោភ័ណភាពបរិស្ថានល្អ គ្មានការកកស្ទះប្រព័ន្ធលូ និងធានាបាននូវគុណភាពយូរអង្វែង។

គួរបញ្ជាក់ផងដែរថា វិថីអនុគណតូច អ៊ុល មានប្រវែង៤៥០ ម៉ែត្រទទឹង០៩ម៉ែត្រ និងមានសួនច្បារកណ្ដាល ដែលបានសាងសង់បានប្រហែល៥៥% ដែលគ្រោងនឹងបញ្ចប់ការសាងសង់នៅមុនដំណាច់ឆ្នាំ២០២៣នេះ៕ អត្ថបទលោក ឆុន ឆេងក្រឹម