ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន បានណែនាំដល់មន្ត្រីចុះជួយមូលដ្ឋាន ត្រូវចាប់ដៃជាមួយអាជ្ញាធរ ដើម្បីរួមគ្នាធ្វើការឆ្លើយតបទៅនឹងតម្រូវការនានារបស់ប្រជាពលរដ្ឋ

0

កំពង់ចាម: ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងប្រធានក្រុមការងារគណបក្សចុះ មូលដ្ឋានខេត្តកំពង់ចាម បានណែនាំដល់ក្រុមការងារចុះជួយមូលដ្ឋានទាំងអស់ ត្រូវចាប់ដៃជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីរួមគ្នាធ្វើការឆ្លើយតបទៅនឹងតម្រូវការនានារបស់ប្រជាពលរដ្ឋ ឱ្យបានទាន់ពេលវេលា ដោយមានតម្លាភាព ភាពទន់ភ្លន់ និងមានគុណធម៌ ពោលគឺត្រូវក្តាប់ឱ្យបានចំពោះតម្រូវការ និងសំណូមពររបស់ប្រជាពលរដ្ឋ ហើយត្រូវជួយដល់ពួកគាត់ ថ្លែងបែបនេះក្នុងកិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារ មហាសន្និបាតវិសាមញ្ញ តំណាងទូទាំងប្រទេស របស់គណបក្សប្រជាជនកម្ពុជា និងពិធីប្រកាសសេក្ដីសម្រេចចាត់តាំងក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ ។

ក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន បានលេីកឡេីងថា ទិសដៅទី១-របស់គណបក្សប្រជាជនគឺពង្រឹងការពារសុខសន្តិភាព ស្ថេរភាព សុវត្ថិភាពសង្គម។ ទី២-ការពាររបបរាជានិយម រាជបល្ល័ង្កព្រះមហាក្សត្រ នីតិរដ្ឋ។ ទី៣-ប្រកាន់ខ្ជាប់ទិសដៅ អនុវត្ត អភិក្រម ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និងវះកាត់។ ទី៤-រក្សាស្ថេរភាពសេដ្ឋកិច្ច ជម្រុញកំណេីនសេដ្ឋកិច្ចជាតិ។ ទី៥-ជម្រុញប្រព័ន្ធគាំពារសង្គម ជួយពលរដ្ឋក្រីក្រ។ ទី៦-អភិវឌ្ឍន៍វិស័យសុខាភិបាល សំខាន់គឺមណ្ឌលសុខភាពនៅតាមមូលដ្ឋាន។ ទី៧-ជម្រុញទិសដៅរបស់គណបក្ស គឺជីវភាពប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លំាងប្រដាប់អាវុធ ពលករ កម្មករ។ ទី៨- ជម្រុញនយោបាយសតិអារម្មណ៍ ចំណុចសំខាន់សាមគ្គីភាព ឯកភាពផ្ទៃក្នុង នេះគឺកត្តាស្លាប់រស់របស់គណបក្សប្រជាជនកម្ពុជា។ ទី៩-ផែនការយុទ្ធសាស្ត្រចុងក្រោយ ទិសដៅគឺជ័យជម្នះសម្រាប់បោះឆ្នោតព្រឹទ្ធសភា ។

ជាមួយគ្នានោះ ឯកឧត្តម អ៊ុន ចាន់ដា សមាជិក គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ចាម បានថ្លែងថា ឆ្នាំ២០២៣ ជិតឆ្លងផុតទៅនេះ ជាឆ្នាំដែលគណបក្សយើងបានអនុវត្តបញ្ចប់នូវកម្មវិធីនយោបាយ របស់គណបក្សប្រជាជនកម្ពុជា ស្តីពីការកសាង និងការពារមាតុភូមិកម្ពុជា ឆ្នាំ (២០១៨-២០២៣) និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ទទួលបានជោគជ័យដ៏ត្រចេះត្រចង់ ទាំងការងារសន្តិសុខ ការងារសេដ្ឋកិច្ចសង្គម ការងារកសាង អភិវឌ្ឍខេត្ត ព្រមទាំងការបោះឆ្នោតជ្រើស តាំងតំណាងរាស្ត្រនីតិកាលទី៧ ផងដែរ ៕