កំពង់ធំ÷នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ស្ថិតនៅភូមិថ្នល់បែក ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានដំណើរការផ្សព្វផ្សាយអនុសាសន៍ថ្មីៗ និងបទបញ្ជារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនដល់កងកម្លាំងចំណុះទីបញ្ជាការតំបន់ប្រតិបត្តិការសឹករង ដែលពិធីផ្សព្វផ្សាយនេះប្រព្រឹត្តទៅស្ថិតក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការកោតសរសើរចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មេបញ្ជាការគ្រប់បណ្ដាកងឯកភាព នាយការិយាល័យ និងស្ថាប័នចំណុះ ព្រមទាំងនាយទាហាននាយទាហានរង និងពលទាហានទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ច និងគោរពប្រតិបត្តិយ៉ាងម៉ឺងម៉ាត់តាមបទបញ្ជារបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់តាមឋានានុក្រម និងការគោរពបាននូវវិន័យ សេចក្តីថ្លៃថ្នូររបស់កងយោធពលខេមរភូមិន្ទ ដោយមិនមានយោធិនណាម្នាក់ប្រព្រឹត្តផ្ទុយពីបទបញ្ជារបស់កងទ័ព និងលក្ខន្តិកៈ បទវិន័យទូទៅរបស់កងយោធពលខេមរភូមិន្ទ ឡើយ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានផ្សព្វផ្សាយអនុសាសន៍ថ្មីៗ និងបទបញ្ជារបស់សម្ដេចហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺកងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀន ក្នុងនោះក្នុងជួរកងទ័ព បើមានយោធិនណាម្នាក់ពាក់ព័ន្ធក្នុងកាប្រើប្រាស់ ឬពាក់ព័ន្ធករណីចែកចាយគ្រឿងញៀន ត្រូវលុបឈ្មោះ និងបណ្ដេញចេញពីក្របខ័ណ្ឌរបស់កងយោធពលខេមរភូមិន្ទជាបន្ទាន់ និងទទួលទោសតាមច្បាប់ជាធរមាន ។ហើយ យោធិនគ្រប់រូបត្រូវបង្កើនចំណេះដឹង ដោយត្រូវហ្វឹកហ្វឺនពង្រឹងកាយសម្បទា សមត្ថភាពរបស់កងកម្លាំង ពង្រឹងវិន័យសេចក្តីថ្លៃថ្នូរ និងចូលរួមក្នុងផែនការកំណែទម្រង់របស់កងយោធពលខេមរភូមិន្ទ ។
យោធិនគ្រប់រូបចំណុះឲ្យបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានប្ដេជ្ញាចិត្តដាច់ខាត ក្នុងការការពារជាតិ សាសនា ព្រះមហាក្សត្រ និងការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រសូត្រចេញពីការបោះឆ្នោតដោយប្រជាជន និងប្តេជ្ញាចិត្តអនុវត្តឱ្យបានម៉ឺងម៉ាត់ តាមអនុសាសន៍ និងបទបញ្ជារបស់សម្ដេចធិបតី នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឱ្យទទួលបានជោគជ័យ។ អត្ថបទតំបន់សឹករងកំពង់ធំ៕