ក្រុមលេខាធិការ នៃគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បើកកិច្ចប្រជុំប្រុងប្រៀបរៀបចំពិធី   សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងដាក់ចេញទិសដៅឆ្នាំ២០២៤

0

កំពង់ធំ÷ ក្រុមលេខាធិការនៃគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ រួមជាមួយបណ្ដាស្ថាប័នមានការពាក់ព័ន្ធ បានបើកកិច្ចប្រជុំត្រួតពិនិត្យកិច្ចការមួយចំនួន ក្នុងការត្រៀមរៀបចំពិធីសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងដាក់ចេញទិសដៅអនុវត្តបន្តនៅឆ្នាំ២០២៤ ដែលកិច្ចប្រជុំនេះស្ថិតក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣។

ឧត្តមសេនីយ៍ត្រី ង៉ាង ស ប្រធានក្រុមលេខាធិការដ្ឋាន នៃគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានឡើងរាយការណ៍អំពីលទ្ធផល នៃការអនុវត្តការងារសមាគមអតីតយុទ្ធជនកម្ពុជាក្នុងឆ្នាំ២០២៣កន្លងទៅ ហើយនឹងបានរាយការណ៍ជូនអំពីសេចក្តីព្រាងទិសដៅមួយចំនួន សម្រាប់អនុវត្តបន្តក្នុងឆ្នាំ២០២៤ ខាងមុខនេះ ក្នុងនោះដែរក៏បានគូសបញ្ជាក់អំពីលទ្ធផលសំខាន់ៗ ដែលសម្រេចបានក្នុងការបម្រើនិងដោះស្រាយជូនបងប្អូនអតីតយុទ្ធជននៅក្នុងខេត្តកំពង់ធំ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការកោតសរសើរចំពោះគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាគ្រប់លំដាប់ថ្នាក់ រួមជាមួយអាជ្ញាធរដែនដី និងកងកម្លាំងប្រដាប់អាវុធទាំងបី ដែលមានក្រុមលេខាធិការដ្ឋាន នៃសមាគមបតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ធ្វើជាសេនាធិការ បានខិតខំប្រឹងប្រែងបំពេញភារកិច្ចដោយមិនខ្លាចនឿយហត់ ដើម្បីបម្រើជូនដល់បងប្អូនអតីតយុទ្ធជនរបស់យើង ដែលពួកគាត់ធ្លាប់មានគុណបំណាច់ចំពោះជាតិនិងមាតុភូមិកម្ពុជា។

ឧត្តមសេនីយ៍ទោ បានប្រគល់ភារកិច្ចមួយចំនួន ជូនក្រុមលេខាធិការដ្ឋានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ដែលចំពោះមុខនេះត្រូវប្រុងប្រៀបឱ្យបានល្អ ក្នុងការរៀបចំពិធីសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងដាក់ចេញទិសដៅអនុវត្តបន្តនៅឆ្នាំ២០២៤ របស់សមាគមអតីតយុទ្ធជនកម្ពុជាឲ្យទទួលបានលទ្ធផលល្អនិងជោគជ័យ ។ ដែលពិធីនេះនឹងប្រព្រឹត្តទៅនៅពេលដ៏ខ្លីខាងមុខនេះ ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមទេសរដ្ឋ មន្ត្រី នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ដោយមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត ថ្នាក់ដឹកនាំគណៈកម្មាធិការសមាគមអតីតយុទ្ធជនគ្រប់ថ្នាក់ រួមជាមួយអាជ្ញាធរដែនដី ស្រុក ឃុំសង្កាត់ និងសប្បុរសជនមួយចំនួនទៀតផងដែរ៕