កំពង់ចាម : រដ្ឋបាលខេត្តកំពង់ចាម បានបើក អង្គ សន្និបាត បូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅសម្រាប់អនុវត្តបន្ត ឆ្នាំ២០២៤ ដែល បាន ធ្វើ ឡើង នាព្រឹក ថ្ងៃ ទី ២៥ ខែធ្នូ ឆ្នាំ ២០២៣ ក្រោម វត្តមាន ឯកឧត្តម ខ្លូត ផន ប្រធាន ក្រុម ព្រឹក្សា ខេត្ត និង ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ដោយ មាន ការ អញ្ជើញ ចូល រួម ពី សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំ មន្ទីរ អង្គភាពពាក់ព័ន្ធ ជុំវិញខេត្ត លោក លោកស្រី ជា ក្រុមប្រឹក្សា – គណៈ អភិបាលក្រុង-ស្រុក មេឃុំ ចៅសង្កាត់ នាយ ប៉ុស្តិ៍ នគរបាល រដ្ឋបាល ប្រធាន មណ្ឌលសុខភាព និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប ទៀត ។
ថ្លែង ក្នុង ពិធី នោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានលេីកឡេីងថា ក្នុងរយៈពេល ១ឆ្នាំកន្លងមកនេះ រដ្ឋបាលខេត្ត បានអនុវត្តយ៉ាងសកម្ម និងប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់ នូវគោលនយោបាយ និងគោលការណ៍នានារបស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួង មហាផ្ទៃ និងបានចូលរួមការពារយ៉ាងរឹងមាំនូវសុខសន្តិភាព ស្ថិរភាពនយោបាយ ព្រមទាំងទប់ស្កាត់ បទល្មើសគ្រប់ប្រភេទ ដោយ មាន ការ ចូលរួមពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន តាមរយៈការអនុវត្តគោលនយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» បានរួមគ្នាយ៉ាងសកម្មក្នុងការបង្ការទប់ស្កាត់បង្រ្កាបបទល្មើសនានា ក្នុងខេត្ត កាន់តែមានប្រសិទ្ធភាពថែមទៀត។
ជាមួយ គ្នា នោះ ឯកឧត្ដម អភិបាលខេត្ត ក៏បាន សម្តែងការកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះ ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ព្រមទាំង អាជ្ញាធរគ្រប់ថ្នាក់ និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានធ្វើការប្តេជ្ញាចិត្តចូលរួមយ៉ាងសកម្ម ក្នុងការអនុវត្តតួនាទី ភារកិច្ច តាមកំណត់នៃច្បាប់ លិខិតបទដ្ឋានជាធរមាន ព្រមទាំងចូលរួមចំណែក និងផ្តល់កិច្ចសហការគាំទ្រ ធ្វើឱ្យរដ្ឋបាលខេត្តកំពង់ចាម សម្រេចបានសមិទ្ធផល នានាជាច្រើននៅរយៈពេលមួយឆ្នាំ២០២៣នេះ។
បន្ទាប់ពី ស្តាប់ នូវ របាយការណ៍ បូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាលខេត្ត រួច មក ឯកឧត្ដម អភិបាលខេត្ត ក៏បានធ្វើការបែងចែកក្រុមពិភាក្សា លើប្រធានបទសំខាន់ៗ ដើម្បីប្រមូលធាតុចូលពីសមាជិក សមាជិកានៃអង្គសន្និបាត សំរាប់បំពេញបន្ថែមលើខ្លឹមសាររបាយការណ៍សម្រាប់អនុវត្ត ក្នុងឆ្នាំ២០២៤ បន្តទៀត ៕