អភិបាលខេត្តកំពង់ចាម​ អះអាងថា​ គោលការណ៍​របស់​ថ្នាក់ដឹកនាំ​ ធ្វេីយ៉ាងណា​ត្រូវ​បន្សុទ្ធ​កងកម្លាំង​និង​មន្ត្រី​រាជការ​ស៊ីវិល​ ហាម​ដាច់ខាត​មិន​ឱ្យ​មាន​ការ​ពាក់ព័ន្ធ​ទេ​រឿង​គ្រឿងញៀន​

0

ដោយ វេហាសំ

កំពង់ចាម​: អភិបាលនៃគណៈអភិបាលខេត្តំពង់ចាម ឯកឧត្តម អ៊ុន​ ចាន់ដា​ បានអះអាងថា​ គោលការណ៍​របស់​ថ្នាក់ដឹកនាំ​ ធ្វេីយ៉ាងណា​ត្រូវ​បន្សុទ្ធ​កងកម្លាំង​របស់​យើង​​ ដែល​មិន​មាន​ការ​ពាក់ព័ន្ធ​ ទាំង​ការ​ប្រើប្រាស់​ និង​ការ​ជួញដូរ​ ហាម​ដាច់ខាត​មិន​ឱ្យ​មាន​ការ​ពាក់ព័ន្ធ​ទេ​រឿង​គ្រឿងញៀន​ ជាមួយគ្នានេះ​មន្ត្រី​រាជការ​ស៊ីវិល​ក៏​ត្រូវ​ធ្វើ​ដូចគ្នា​ដែរ​ ថ្លែង​បែប​នេះ​ក្នុង​អង្គ​សន្និបាត បូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅសម្រាប់អនុវត្តបន្ត ឆ្នាំ២០២៤ ដែល​​បាន​ធ្វើ​ឡើង​​នាព្រឹក​ថ្ងៃ​ទី​២៦ ខែធ្នូ​​ ឆ្នាំ​២០២៣​ ។

​ឆ្លៀត​ក្នុងឱកាសនោះដែរ​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានណែនាំ​ដល់​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់​ ត្រូវ​ជំរុញ និងលើកកម្ពស់ការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព សំដៅលើកកម្ពស់ការចូលរួមរបស់មន្ត្រីរាជការ បងប្អូនប្រជាពលរដ្ឋក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា នៅតាមមូលដ្ឋាន ពិសេស ការជួញដូរចែកចាយប្រើប្រាស់ គ្រឿងញៀនខុសច្បាប់ បទល្មើសលួច ឆក់ ប្លន់ ល្បែងស៊ីសងខុសច្បាប់នៅតាមមូលដ្ឋាន អំពើហិង្សាក្នុងគ្រួសារ ក្រុមក្មេងទំនើង និងបទល្មើសគ្រប់ប្រភេទនៅតាមមូលដ្ឋាននានា ទូទាំងខេត្ត​ផងដែរ​ ។

ក្នុង​អង្គ​សន្និបាត​នេះ​ដែរ​ ឯកឧត្តម ប្រាក់ សំអឿន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ​ បានថ្លែងថា​ ដើម្បីធានាអោយការអនុវត្តគោលនយោបាយ “ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព” កាន់តែមាន ប្រសិទ្ធិភាពថែមទៀត ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាល ទី៧ នៃរដ្ឋសភា​ សូម​ឱ្យ​រដ្ឋបាលថ្នាក់ក្រោមជាតិត្រូវវិភាជន៍ថវិកាសម្រាប់អនុវត្តគម្រោង និងសកម្មភាពដែល ពាក់ព័ន្ធនឹងគោលនយោបាយ “ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព” ។​ ក្រៅពី​នោះ​ត្រូវជម្រុញការរៀបចំវេទិកាសាធារណៈ​ឱ្យ​បានទៀងទាត់​ និងតាមការកំណត់ ដោយសហការជាមួយក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាននីមួយៗ ដើម្បីផ្សព្វផ្សាយគោល- នយោបាយ “ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព” និងប្រមូលនូវសំណើសំណូមពររបស់ ប្រជាពលរដ្ឋ​ ដើម្បីធ្វើការដោះស្រាយតាមសមត្ថកិច្ច។​ ជាមួយ​គ្នា​នោះ​ ត្រូវ​ខិតខំពង្រឹងនិងជម្រុញការផ្ដល់សេវាជូនប្រជាពលរដ្ឋតាមរយៈយន្តការច្រកចេញចូលតែ មួយ​ឱ្យ​មានតម្លាភាព គណនេយ្យភាព និងប្រសិទ្ធិភាពថែមទៀត​ផងដែរ​ ៕