ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន បានណែនាំ ឱ្យ មន្ត្រី រាជរដ្ឋាភិបាល ចុះ មូលដ្ឋាន ក្នុង ខេត្តកំពង់ចាម ចាប់ដៃគូ ជាមួយ អាជ្ញាធរ ដេីម្បី ធ្វើ ផែនការ រួមគ្នា កសាង អភិវឌ្ឍន៍

0

កំពង់ចាម : ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកប្រធាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ចាម បានណែនាំ ឱ្យ ក្រុមការងារ រាជរដ្ឋាភិបាល ចុះ ជួយ ក្រុង -ស្រុក ចាប់ដៃគូ ជាមួយ អាជ្ញាធរ ដេីម្បី ធ្វើ ផែនការ រួមគ្នា កសាង អភិវឌ្ឍន៍ នៅ មូលដ្ឋាន នោះ ឱ្យ មាន ការ រីកចម្រើន ព្រោះ រាជរដ្ឋាភិបាល មាន គោលបំណង ជួយ ដល់ រដ្ឋបាល ខេត្ត ស្រុក ឱ្យ មាន សមត្ថភាព មាន ទាំង គំនិត តាម រយៈ ការ ជួយ គៀងគរ ធនធាន ដូច្នេះ សូម ជួយ ធ្វើ ការ ផ្សព្វផ្សាយ អំពី គោលនយោបាយ <<យុទ្ធសាស្តបញ្ចកោណ ដែលមាន៥ចំនុចជាសំខាន់រួមមានៈ កំណើន, ការងារ, សមធម៍, ប្រសិទ្ធភាព និងចីរភាព>> របស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិថ្មី ដែលមានសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ឱ្យ បងប្អូន ប្រជាពលរដ្ឋ បាន ជ្រួតជ្រាប ផងដែរ ។ ថ្លែង បែប នេះ ក្នុងពិធីបិទ អង្គ សន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តកំពង់ចាម នារសៀលថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០២៣ ។

ក្នុង ឱកាស នោះ ដែរ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា ក្រៅពី លទ្ធផល នៃការអនុវត្តចលនាប្រឡងប្រណាំង ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព អង្គសន្និបាតបានកំណត់អំពីបញ្ហាប្រឈម វិធានការ និងដំណោះស្រាយ ចំពោះបញ្ហាប្រឈមដែលកើតមាននៅមូលដ្ឋានក្នុងការបំពេញបេសកកម្ម ដើម្បីចូលរួមអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគោលនយោបាយ និងកម្មវិធីកំណែ ទម្រង់នានារបស់រាជរដ្ឋាភិបាលកម្ពុជាសំដៅឱ្យមូលដ្ឋានមានការអភិវឌ្ឍន៍រីកចម្រើន។ ព្រមទាំង បានធ្វើការប្តេជ្ញាចិត្តរួមគ្នា អនុវត្តកម្មវិធីនយោបាយអាទិភាពទាំង ៦ចំណុចដែលរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញឱ្យអនុវត្តចាប់តាំងពីបំណាច់ឆ្នាំ២០២៣នេះ និង ប្ដេជ្ញាចិត្តយ៉ាងមុតមាំរួមគ្នា ដើម្បី ពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ដោយផ្តោតសំខាន់លើការពង្រឹងគុណភាព ប្រសិទ្ធភាព និងសមិទ្ធកម្មរបស់មន្ត្រីរាជការ សំដៅពង្រឹងគុណភាពការផ្តល់សេវាសាធារណៈជូន ប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព តម្លាភាព និងការទទួលខុសត្រូវ។ ក្រៅពី នោះ អង្គសន្និបាតក៏បានប្ដេជ្ញាចិត្តយ៉ាងមុតមាំរួមគ្នាការពារសុខសន្តិភាពដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍន៍សង្គមជាតិ ផងដែរ ៕