ខេត្តរតនគិរី៖ អភិបាលខេត្តរតនគិរី លោក ញ៉ែម សំអឿន បានដឹកនាំក្រុមការងារថ្នាក់ខេត្ត និងមន្ត្រីថ្នាក់មូលដ្ឋាន រួមទាំងកងកម្លាំងទាំង៣ នៅថ្ងៃទី២៧ធ្នូ២០២៣នេះ នាំយកគ្រឿងឧបភោគ បរិភោគ (ស្បៀងអាហារ) ដែលជាអំណោយរបស់ រាជរដ្ឋាភិបាល ទៅឧបត្ថម្ភដល់ប្រជាពលរដ្ឋក្រីក្រ ដូនចាស់ជរា ជនពិការ ស្ត្រីមេម៉ាយ និងកុមារកំព្រា ១៧០គ្រួសារ ដែលកំពុងមានជីវភាពខ្វះខាត នៅក្នុងអូរយ៉ាដាវ ខេត្តរតនគិរី ជាប់ព្រំដែនប្រទេសវៀតណាម។
អំណោយ រាជរដ្ឋាភិបាល តាមរយៈមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តរតនគិរី ដែលប្រជាពលរដ្ឋក្រីក្រទាំង ១៧០គ្រួសារ ទទួលបាននាពេលនោះ ក្នុង១គ្រួសារៗរួមមាន៖ អង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខកំប៉ុង ១យួរ ទឹកត្រី ១យួរ ភួយ១ និងមុង១។ ស្របពេលជាមួយគ្នានោះ អភិបាលខេត្តរតគិរី លោក ញ៉ែម សំអឿន បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួន ជូនដូន តា ដែលមានវ័យចំណាស់ជាងគេ មួយចំនួន ផងដែរ។
អភិបាលខេត្តរតនគិរី លោក ញ៉ែម សំអឿ បានមានប្រសាសន៍ថា ក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីសម្បទា ដែលមានមន្ទីរសង្គមកិច្ចខេត្តរតនគិរី ជាសេនាធិការ បាននាំយកអំណាយរបស់ រាជរដ្ឋាភិបាល មកចែកជូនប្រជាពលរដ្ឋនៅពេលនេះ ដើម្បីចូលរួមចំណែកដោះស្រាយបញ្ហា ដែលជួបប្រទះខ្វះខាត និងដោះស្រាយជីវភាពរបស់បងប្អូនបានមួយកម្រិត សំដៅការអភិវឌ្ឍ រួមចំណែកលើកកម្ពស់ជីវភាពរបស់ពលរដ្ឋ ឲ្យកាន់តែល្អថែមទៀត។
លោកអភិបាលខេត្តរតនគិរី បានសម្តែងការអរគុណដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដែលតែងតែបានចូលរួមសហការ និងជួយសង្រ្គោះប្រជាពលរដ្ឋក្នុងខេត្ត នូវគ្រប់ស្ថានភាព គ្រប់ហេតុការណ៍ ដោយនៅជាមួយប្រជាជន និងការរួមរស់ជាមួយប្រជាជន គ្រប់កាលៈទេសៈ។
អភិបាលស្រុកអូរយ៉ាដាវ លោក ហេង ប៊ុន្នី បានឲ្យដឹងថា ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតទាំង ១៧០គ្រួសារ ដែលបានមកទទួលអំណោយនាពេលនេះ គឺ មកពីភូមិចំនួន៨ ស្ថិតក្នុងឃុំ ២ គឺឃុំលំជ័រ និងឃុំប៉ាតេ និងលោកអភិបាលស្រុក ក្នុងនាមប្រជាពលរដ្ឋទាំងអស់ នៅក្នុងស្រុកអូរយ៉ាដាវ បានសម្តែងការអរគុណ រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំខេត្តគ្រប់លំដាប់ថ្នាក់ ដែលតែងបានគិតគូ យកចិត្តទុកដាក់ ចំពោះសុខទុក្ខប្រជាពលរដ្ឋមូលដ្ឋាន ក្នុងគ្រាកំពុងជួបប្រទះការខ្វះខាត ហើយបានទទួលអំណោយជាស្បៀងអាហារ សម្រាប់ដោះស្រាយក្នុងជីវភាពរស់នៅ ដែលជាការដោះបន្ទុកការលំបាក បានបានមួយរយៈពេលដែរ៕ដោយ៖ឡុង សំបូរ