ខេត្តកំពង់ធំ៖ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ លោក យ៉ូន លីយុន ជាគ្រូគង្វេលព្រះវិហារថ្មដាបាទីស្ត លោកស្រី លន់ សុភាព ជាក្រុមចលនាស្រ្តី ក្រុមជំនុំ ប្រជាពលរដ្ឋ និងក្រុមយុវជនបានរៀបចំពិធីខួបកំណើតព្រះយេស៊ូ និងចែកអំណោយដល់ចាស់ជរាចំនួន២៥០គ្រួសារ ដែលមានជីវភាពខ្វះខាត ស្ថិតនៅព្រះវិហារថ្មដាបាទីស្តភូមិស្មោញ ភូមិស្មោញ ឃុំផាន់ញើម ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។
លោកស្រី លន់ សុភាព ក្រុមចលនាស្ត្រីបានលើកឡើងពីអបអរសាទរពិធីខួបកំណើតព្រះយេស៊ូគ្រីស្ទ និងប្រវត្តិកសាងព្រះវិហារព្រះវិហារថ្មដាបាទីស្តភូមិស្មោញ ព្រោះកន្លងមកគឺផ្ដើមចេញពីគ្រួសារគាត់តែម្ដង ដែលជាអ្នកផ្តួចផ្ដើមនិងស្វែងរកដៃគូ សប្បុរសជន អង្គការនានាជួយគាំទ្រអភិវឌ្ឍព្រះវិហាររបស់គាត់ ឱ្យមានការរីកចម្រើន ដោយមានក្រុមជំនុំបានមកចូលរួមជាបន្តបន្ទាប់រហូតដល់បច្ចុប្បន្ន។
លោក យ៉ូន លីយុន ជាគ្រូគង្វាលព្រះវិហារថ្មដាបាទីស្តភូមិស្មោញ បានរៀបរាប់ពីការតស៊ូក្នុងការដឹកនាំក្រុមជំនុំមកថ្វាយបង្គំនៅព្រះវិហាររៀងរាល់សប្តាហ៍ ធ្វើឱ្យរូបខ្ញុំមានទំនុកចិត្តយ៉ាងខ្លាំងបំផុតក្នុងការផ្សព្វផ្សាយពីព្រះគម្ពីរទៅដល់ក្រុមជំនុំផ្សេងៗទៀតផងដែរ។ សម្រាប់អំណោយដែលចែកជូនដល់ចាស់ជរាដែលមានជីវភាពខ្វះខាត និងកុមារងាយរងគ្រោះមាន២៥០គ្រួសារ សប្បុរសជន និងក្រុមជំនុំនៅក្នុងព្រះវិហារយើងខ្ញុំផងដែរ។
លោក យ៉ូន លីយុន ក៏បានបន្តទៀតថាការចែកចាយពីព្រះគម្ពីរដល់ក្រុមជំនុំនីមួយៗធ្វើឲ្យពួកគាត់ទទួលបាននូវភាពក្លាហានក្នុងការដឹកនាំ និងជួយផ្សព្វផ្សាយដល់ក្រុមជំនុំផ្សេងៗទៀតឱ្យមានការរីកចម្រើននិងមានភាពទទួលខុសត្រូវ។ សូមផ្តាំផ្ញើ និងលើកទឹកចិត្តដល់ក្រុមជំនុំទាំងអស់សូមចូលរួមសហការគ្នាឱ្យបានល្អក្នុងការផ្សព្វផ្សាយនូវព្រះគម្ពីរដល់មូលដ្ឋាន ដែលបងប្អូនកំពុងតែចូលរួមថ្វាយបង្គំតាមព្រះវិហាររៀងរាល់សប្តាហ៍។
គួរបញ្ជាក់ផងដែរ អំណោយចែកជូនដល់ចាស់ជរាដែលមានជីវភាពខ្វះខាត ចំនួន២៥០គ្រួសារមាន÷សារុងចំនួន០១ និងសម្ភារៈមួយចំនួនទៀតផងដែរ។ អត្ថបទលោក ធូ កែវមុនី្ន-ពិនិត្យនិងកែសម្រួលដោយអ៊ុមញឹប៕