ឧត្តមសេនីយ៍ទោ សោម ស៊ុន បាននាំយកស័ង្កសី គ្រឿងឧបភោគបរិភោគ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ទៅប្រគល់ជូនប្រជាពលរដ្ឋដែលមានជម្រកស្នាក់នៅមិនសមរម្យ នៅស្រុកស្ទោង 

0

កំពង់ធំ÷ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធាន ក្រុមការងារ របស់រាជរដ្ឋាភិបាលថ្នាក់ខេត្ត  ចុះជួយមូលដ្ឋានឃុំបន្ទាយស្ទោង បានដឹកនាំសហការី រួមជាមួយអាជ្ញាធរដែនដីនាំយកស័ង្កសីចំនួន២០០សន្លឹក គ្រឿងឧបភោគបរិភោគ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ទៅប្រគល់ជូនប្រជាពលរដ្ឋក្រីក្រ និងប្រជាពលរដ្ឋមានជម្រកស្នាក់នៅមិនសមរម្យ ចំនួន១៥គ្រួសារ រស់នៅឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំនៅរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានពាំនូវការផ្តាំផ្ញើសាកសួរ សុខទុក្ខ ពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ព្រមទាំងឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំនិងលោក ជំទាវ បានមានប្រសាសន៍ថា ពេលប្រជាជនមានទុក្ខលំបាក គឺមានមុខក្រុមការងាររបស់រាជរដ្ឋាភិបាល រួមជាមួយអាជ្ញាធរដែនដី និង ជាកូនចៅរបស់ប្រជាជនមើលការខុសត្រូវ នឹងជួយដោះស្រាយនូវរាល់ការលំបាកជូនគាត់ ដោយមិនទុកឲ្យប្រជាជនណាម្នាក់ទទួលមរណភាពដោយខ្វះអាហារបរិភោគនោះឡើយ ។ ជាក់ស្ដែងនៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បាននាំយកស័ង្កសីចំនួន២០០សន្លឹក  និងស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី  ជួយឧបត្ថម្ភជូនប្រជាពលរដ្ឋក្រីក្រសម្រាប់ជួសជុលជម្រកស្នាក់នៅមិនសមរម្យ ព្រមទាំងបានឧបត្តមអំណោយស្បៀងអាហារគ្រឿងឧបភោគបរិភោគ ជូនគាត់ចំនួន១៥គ្រួសារ ដោយក្នុង១គ្រួសារ ទទួលបាននូវអង្ករចំនួន២៥គីឡូក្រាម មីជាតិចំនួន១កេស ទឹកត្រីចំនួន១យួរ និងត្រីខកំប៉ុងចំនួន១យួរ ។

ឧត្តមសេនីយ៍ទោ សោម  ស៊ុន បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវខិតខំថែរក្សាសុខភាព រស់នៅស្អាតហូបស្អាតជៀស វាងជំងឺ ដង្កាត់ផ្សេងៗ នាំឲ្យខាតបង់ថវិកា និងពេលវេលាក្នុងការព្យាបាលជំងឺ  ព្រមទាំងត្រូវរួមគ្នាអនុវត្តន៍ឲ្យបានជោគជ័យនូវគោលនយោបាយ ភូមិ.ឃុំ .សង្កាត់ មានសុវត្ថិភាពនៅក្នុងមូលដ្ឋាន ហើយត្រូវរួមគ្នាថែរក្សាឲ្យបាននូវសុខសន្តិភាព ដែលយើងកំពុងមានដូច សព្វថ្ងៃនេះឲ្យនៅគង់វង្សជារៀងរហូត  ។

លោក សូត្រ អ៊ុល មេឃុំបន្ទាយស្ទោង តំណាងអាជ្ញាធរដែនដី និងប្រជាពលរដ្ឋក្រីក្រ បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះសម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ព្រមទាំងឧត្តមសេនីយ៍ទោសោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ  និងសហការី  ដែលបានជួយដោះស្រាយសម្ភារៈ និងគ្រឿងឧបភោគបរិភោគនៅពេលនេះ និងសូមគោរពជូនពរសម្ដេច លោកជំទាវ និងក្រុមការងារទាំងអស់សូមទទួលបាននូវពុទ្ឋពរទាំងឡាយបួនប្រការ កុំបីឃ្លៀងឃ្លាតឡើយ៕