មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកែប រៀបចំទិវា ជនមានពិការភាពកម្ពុជា និងទិវាជនមានពិការភាពអន្តរជាតិ

0

ខេត្តកែប៖ កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣នេះ មន្ទីរសង្គមកិច្ច អតិតយុទ្ធជន និងយុវនីតិសម្បទាខេត្តកែប បានរៀបប្រារព្ធទិវាជនមានពិការភាពកម្ពុជាលើកទី២៥ និងទិវាជនមានពិការភាពអន្តរជាតិលើកទី៤១ ក្រោមប្រធានបទ “ ដំណោះស្រាយប្រកបដោយនវានុវត្តន៍ដើម្បី សង្គមមួយមានផាសុកវត្ថុ និងសមធម៌” អមជាមួយ ពិធីបើកផ្តល់ប្រាក់របបគោលនយោបាយ ចំពោះជនពិកាក្រីក្រនៅក្នុងសហគមន៍ខេត្តកែប ។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប និងជាប្រធានគណៈកម្មការគ្រប់គ្រងរបប គោលនយោបាយចំពោះជនមានពិការភាព។

លោក ចាន់ សាម៉េង ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធ និងយុវនិតិសម្បទាខេត្ត បានធ្វើរបាយការណ៍បញ្ជាក់ថា កន្លងមក នាយកដ្ឋានសុខុមាលភាពជនពិការ និងមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទាខេត្តកែប បានធ្វើការបណ្តុះបណ្តាល ការងារកំណត់អត្តសញ្ញាណកម្មពិការភាពតាមគម្រូសង្គម និងសិទ្ធជាមូលដ្ឋាន ដល់មន្ត្រីក្រុង ស្រុក ឃុំ សង្កាត់ និងមន្ត្រីទទួលបន្ទុកកម្មវិធី ឃុំ សង្កាត់ ដើម្បីរៀបចំទិន្នន័យអត្តសញ្ញាណកម្មពិការភាពដែលមានលក្ខណៈស្តង់ដារួមមួយតាមប្រព័ន្ធបច្ចេកវិទ្យាគ្រប់គ្រងព័ត៌មានពិការភាព សម្រាប់ជាមូលដ្ឋានកំណត់ក្រុមគោលដៅ ជនមានពិការភាព ក្នុងការលើកកំពស់សេវាគាំពារ និងការអភិវឌ្ឍដល់ជនមានពិការភាព សំដៅរួមចំណែកធ្វើអោយសម្រេចគោលដៅ អភិវឌ្ឍប្រកបដោយចិរភាពរបស់រាជរដ្ឋាភិបាល។

លោកប្រធានមន្ទីរបន្ថែមថា តាមរយៈការចុះសម្ភាសន៍កំណត់អត្តសញ្ញាណកម្មពិការភាព របស់អាជ្ញាធរ ក្រុង ស្រុក ឃុំ សង្កាត់ ពីឆ្នាំ២០២១ដល់ឆ្នាំ២០២៣ ជនមានពិការភាពទូទាំងខេត្តកែបមានចំនួន ៧២១នាក់ ស្រី ៣៣៥នាក់ ក្នុងនោះ ពិការកម្រិតស្រាល ៤១២នាក់ , កម្រិតមធ្យម ១២៧នាក់ និងពិការកម្រិតធ្ងន់ ១៨១នាក់ ។ ដោយឡែក សម្រាប់ជនមានពិការភាពដែលទទួលបានរបបគោលនយោបាយ ចំពោះជនពិការក្រីក្រនៅតាមសហគមន៍ សម្រាប់ឆ្នាំ២០២២មានចំនួន ២៣៩នាក់ ស្មើនិងថវិកា៤២.២៤០.០០០រៀល ។ សម្រាប់ឆ្នាំ ២០២៣ ជនមានពិការភាពទទួលរបបគោលនយោបាយរយៈពេល៦ខែ ស្មើ១២០.០០០រៀល មានចំនួន១២៥នាក់ , ទទួលប្រាក់ឧបត្ថម្ភរយៈពេល១២ខែ ស្មើ ២៤០.០០០រៀល មានចំនួន១១៧នាក់ សរុបទឹកប្រាក់ឆ្នាំ២០២៣ ៤៣.០៨០.០០០រៀល។

បន្ទាប់ពីអាន សាលិខិត របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណចក្រកម្ពុជា  ថ្លែងក្នុងឱកាសប្រារព្ធទិវាជនមានពិការភាពកម្ពុជាលើកទី២៥ និងទិវាជនមានពិការភាពអន្តរជាតិលោកទី៤១ រួចមក ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប បានមានប្រសាសន៍បន្ថែមថា  ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត សម្តេចបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយបន្តនូវនិរន្តរភាពសន្តិភាព និងការអភិវឌ្ឍន៍រីកចម្រើនគ្រប់វិស័យ ជាពិសេសរាជរដ្ឋាភិបាល បានបន្តយកចិត្តទុកដាក់ខ្ពស់ចំពោះសុខុមាលភាពរបស់បងប្អូនជនមានពិការភាព ដោយបានដាក់ចេញច្បាប់ស្តីពី កិច្ចការពារ និងលើកកម្ពស់សិទ្ធជនពិការ និងលិខិតបទដ្ឋានគតិយុទ្ធនានា ដើម្បីជម្រុញ និងគៀងគរក្រសួងស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ វិស័យឯកជន អង្គការសង្គមស៊ីវិល ដៃគូរអភិវឌ្ឍន៍ និងអ្នកពាក់ព័ន្ធ ឱ្យចូលរួមក្នុងការគាំពារ និងអភិវឌ្ឍន៍ជនមានពិការភាព រួមទាំងការផ្តល់ជំនួយសង្រ្គោះ បន្ទាន់ជួយដល់បងប្អូនជនមានពិការភាព អោយមានជីវភាពល្អប្រសើរ និងរស់នៅដោយសុខសាន្តក្រោមដំបូលនៃសុខសន្តិភាព៕ សេង ណារិទ្ធ