កម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ចាប់រថយន្តខ្នាតយក្សមួយគ្រឿង ដឹកជញ្ជូនឈើធ្វើជំនួញល្មើសច្បាប់

0

ខេត្តស្ទឹងត្រែង៖ កម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ក្រោមបញ្ជាពីឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី ចុះចាប់រថយន្តខ្នាតយក្សមួយគ្រឿង ដែលក្រុមឈ្មួញបានធ្វើសកម្មភាពលើកឈើដាក់ក្នុងរថយន្ត ដែលឈើទាំងនោះអាចមានតម្លៃច្រើនពាន់ដុល្លារ នៅក្នុងប្រតិបត្តិការដែលបានធ្វើឡើង នៅម៉ោង ៧ និង២០នាទីយប់ ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ ស្ថិតនៅភូមិស្រឡៅ ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

សេចក្តីរាយការណ៍បានឲ្យដឹងថា រថយន្តដែលរងការបង្ក្រាបនោះ ជាប្រភេទយីឌុប ពាក់ស្លាកលេខ កំពង់ចាម 3A-7045 ពណ៌ខៀវ ផ្ទុកឈើគ្រឿងផ្ទះចាស់ពីលើ និងបង្កប់ឈើអារថ្មីៗពីក្រោម មានជាច្រើនម៉ែត្រគូបត្រីគុណ។ រថយន្តដឹកឈើល្មើសច្បាប់នេះ តែងធ្វើសកម្មភាពដឹកជញ្ជូនឈើគ្រឿងផ្ទះចាស់ បន្លំភ្នែកសមត្ថកិច្ចអស់រយៈពេលជាយូរមកហើយ មិនមានផលរំខានដល់សមត្ថកិច្ចជំនាញប្រចាំមូលដ្ឋាននោះឡើយ។ ប៉ុន្តែ រថយន្តដឹកឈើនោះ បានរងការបង្ក្រាបបានពីកម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ដែលមានលោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី ជាមេបញ្ជាការ និងបង្ក្រាបបទល្មើសនានា នៅក្នុងមូលដ្ឋាន ដើម្បីរក្សាការពារសម្បត្តិព្រៃឈើ ការពារសន្តិសុខ សុវត្ថិភាព នៅក្នុងមូលដ្ឋានខេត្តស្ទឹងត្រែង បានយ៉ាងល្អ ផងដែរ។

សេចក្តីរាយការណ៍ដដែលបានឲ្យដឹងទៀតថា ក្រោយការបង្ក្រាបរថយន្តខ្នាតយក្សដឹកជញ្ជូនឈើធ្វើជំនួញល្មើសច្បាប់នោះ ត្រូវបានកម្លាំងកងរាជអាវុធហត្ថ បញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត នាម៉ោងជាង ១០យប់ ថ្ងៃដដែល និងនៅថ្ងៃទី២៩ធ្នូ២០២៣នេះ កម្លាំងជំនាញអាវុធហត្ថខេត្ត បានធ្វើកំណត់ហេតុផ្ទេរប្រគល់ ទៅអោយខណ្ឌរដ្ឋបាលព្រៃឈើស្ទឹងត្រែង ចាត់ការបន្តតាមច្បាប់។ ទោះយ៉ាងណារហូតមកទល់ពេលនេះ គេនៅមិនទាន់ដឹងពីចំនួនឈើ និងចំនួនម៉ែត្រគូបនៅឡើយទេ ព្រោះមន្ត្រីជំនាញកំពុងវាស់វែង៕ដោយ៖ឡុង សំបូរ