សមាគមកអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ប្រារព្ធសន្និបាតប្រចាំឆ្នាំ ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ គន់ គីម 

0

កំពង់ធំ÷ នៅរសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានប្រារព្ធពិធីសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ នឹងដាក់ចេញទិសដៅអនុវត្តបន្តឆ្នាំ២០២៤ របស់គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ ដែលពិធីនេះប្រព្រឹត្តទៅនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ធំ ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដម នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត  គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាននិងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា។

ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានឡើងធ្វើរបាយការណ៍ស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុត ចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដមនាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ព្រមទាំងប្រតិភូអមដំណើរ  ដែលបានឆ្លៀតឱកាសដ៏មមាញឹក និងមានតម្លៃអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ចូលរួមក្នុងពិធីសន្និបាត ដ៏មានសារៈសំខាន់នៅថ្ងៃនេះ  ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានគូសបញ្ជាក់អំពីចំណុចសំខាន់ៗមួយចំនួន ដែលគណៈកម្មាធិការអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ សម្រេចបានក្នុងឆ្នាំ២០២៣ មានជាអាទិ៍៖ ការបំពាក់គ្រឿងឥស្សរិយយសការពារជាតិ និងឧបត្ថម្ភថវិកាជូនអតីតយុទ្ធជន ចំនួន ៣.៤៤៧នាក់  ដែលមានគុណបំណាច់ចំពោះជាតិ និង មាតុភូមិ  ។  ការបើកប្រាក់បេឡាមរណសង្គ្រោះជូនគ្រួសារសពក្នុងឆ្នាំនេះមានចំនួន៨៧សព និងការបើកប្រាក់ធានារ៉ាប់រងសង្គម ជូនគ្រួសារសពអតីតយុទ្ធជន បានចំនួន៦១គ្រួសារ ។  ក្រៅពីនោះទៀត គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ គ្រប់លំដាប់ថ្នាក់បានសំណេះសំណាលសាកសួរសុខទុក្ខនិងឧបត្ថម្ភស្បៀងអាហារ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនដល់បងប្អូនអតីតយុទ្ធជន ដែលមានជីវភាពលំបាកខ្វះខាតបានចំនួន១៩៨លើក ស្មើចំនួន១.៥០២គ្រួសារ។

ឯកឧត្ដមទេសរដ្ឋមន្រ្តីនាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម បានថ្លែងនូវការកោតសរសើរចំពោះ ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់គ្រប់បែបយ៉ាង ដើម្បីបង្កលក្ខណៈងាយស្រួល និងការដោះស្រាយការលំបាកជូនបងប្អូនអតីតយុទ្ធជន ក្នុងខេត្តកំពង់ធំ បានទាន់ពេលវេលា និងបានថ្លែងអំណរគុណចំពោះអាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ នៅក្នុងខេត្តកំពង់ធំ ដែលបានបង្កលក្ខណះងាយស្រួល ជួយដោះស្រាយនូវរាល់ការលំបាកដល់គណៈកម្មាធិការសមាគមកម្ពុជាខេត្តកំពង់ធំ នាពេលកន្លងមកបានយ៉ាងល្អប្រសើរផងដែរ   ។

ឯកឧត្ដមនាយឧត្តមសេនីយ៍ គន់ គីម បានប្រគល់ទិសដៅភារកិច្ចសំខាន់ៗមួយចំនួន ជូនដល់អាជ្ញាធរខេត្ត និងគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ និងបណ្ដា មន្ទីរ ស្ថាប័ន  អង្គភាពទាំងអស់ ត្រូវខិតខំបន្តយកចិត្តទុកដាក់មើលថែទាំសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជន ព្រោះបងប្អូនអតីតយុទ្ធជន គឺជាអ្នកដែលធ្លាប់មានគុណបំណាច់ចំពោះជាតិ មាតុភូមិ និងបានរួមចំណែកជាមួយសម្តេចតេជោ អនុវត្តនូវនយោបាយ ឈ្នះ ឈ្នះ ធ្វើឱ្យប្រទេសជាតិយើងមានសុខសន្តិភាពដូចសព្វថ្ងៃនេះ៕