ដោយ សេង ណារិទ្ធ
ខេត្តកែប៖ ថ្វីដ្បិតភ្ញៀវទេសចរសម្រុកមកសំរាក លម្ហែ កម្សាន្តនៅរមណីយដ្ឋានខេត្តកែបដូចទឹកបាក់ទំនប់ កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ម្សិលមិញ ប៉ុន្តែបើផ្តោតលើតម្លៃសេវាស្នាក់នៅ ក៏ដូចជាការលក់ដូរចំណីអាហារ និងការជួលកន្លែងអង្គុយលម្ហែ ឬហូបចុក ហាក់ពុំមែនមានការតម្លើងថ្លៃហួសហេតុពេកនោះដែរ។នេះបើតាមការប្រាប់ឱ្យដឹង ពីលោក សោម ចិន្តា ប្រធានមន្ទីរទេសចរណ៍ខេត្តកែប។ប្រធានមន្ទីរទេសចរណ៍បានបញ្ជាក់ទៀតថា ក្នុងឱកាសថ្ងៃឆ្លងឆ្នាំសកលនេះ ភ្ញៀវទេសចរភាគច្រើនមកពីបណ្តាខេត្តផ្សេងៗបានសម្រុកមកសម្រាក លម្ហែ ដើម្បីអបអរសាទរឆ្លងឆ្នាំសកលយ៉ាងច្រើនកកកុញ ប៉ុន្តែសេវាស្នាក់នៅ និងសេវាផ្នែកបម្រើម្ហូបអាហារពុំមានការឡើងថ្លៃហួសហេតុពេកទេ ដោយអាចឡើងបន្តិចបន្តួចខុសថ្ងៃធម្មតាប៉ុណ្ណោះ។លោកប្រធានបានបន្តថា ចំពោះភ្ញៀវទេសចរដែលមកសម្រាក លម្ហែ នៅខេត្តកែប នាថ្ងៃឆ្លងឆ្នាំ(ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ឆ្លងចូលថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤) មានចំនួនសរុប ៩៩,៨៥៦នាក់ ក្នុងនោះមានភ្ញៀវជាតិចំនួន ៩៨,៥១៨នាក់ ភ្ញៀវអន្តរជាតិចំនួន ១,៣៣៨នាក់។
លោក ឯម រតន៍មុន្នី ប្រធានមន្ទីរពាណិជ្ជកម្មខេត្តកែប បានឱ្យដឹងដែរថា បើទោះជាក្នុងឱកាសបុណ្យឆ្លងឆ្នាំសកល ២០២៣-២០២៤ មានភ្ញៀវទេសចរចូលមកលេងខេត្តកែបច្រើនកកកុញ តែតម្លៃគ្រឿងសមុទ្រក៏មិនមានការឡើងថ្លៃហួសប្រមាណនោះដែរ ព្រោះបច្ចុប្បន្ននេះ អាជីវករលក់ដូរនៅខេត្តកែបពិតជាមានការយល់ដឹងច្រើនក្នុងរបររកស៊ីរបស់ពួកគាត់ ម្យ៉ាងទៀតអាជីវករមិនហ៊ានតម្លើងថ្លៃទំនិញ ព្រោះមានបំណងលក់ប្រជែងទីផ្សារក្នុងស្រុក ពោលគឺលក់ចំណេញតិច តែលក់បានច្រើន ប្រសើរជាងលក់ថ្លៃតែបាត់បង់អតិថិជន។
ក្នុងឱកាសបុណ្យឆ្លងឆ្នាំសកល(២០២៣-២០២៤)នេះ គេសង្កេតឃើញកម្លាំងសមត្ថកិច្ចចម្រុះ ចុះអន្តរាគមន៍ រៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយ រក្សាសុវត្ថិភាពជូនភ្ញៀវ នៅគ្រប់ទីកន្លែង ដោយពុំមានបទល្មើសណាមួយកើតឡើងគួរឱ្យកត់សម្គាល់ឡើយ៕