ថ្ងៃឆ្លងឆ្នាំសកល ២០២៣-២០២៤ ខេត្ដតាកែវមានភ្ញៀវទេសចរជាតិ និងអន្តរជាតិជិត ១០ម៉ឺននាក់ចូលរួមលេងកម្សាន្តនៅសួនច្បារមាត់បឹងតាកែវ

0

តាកែវ៖ មន្ទីរទេសចរណ៍ខេត្ដតាកែវនៅថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៤នេះ បានបង្ហាញឲ្យដឹងថា ពិធីឆ្លងឆ្នាំសកលឆ្នាំ ២០២៣ ចូលឆ្នាំ ២០២៤ នេះខេត្ដតាកែវបានទទួលភ្ញៀវទេសចរទាំងភ្ញៀវជាតិ អន្តរជាតិកើនឡើងខ្ពស់ជាងឆ្នាំចាស់ច្រើនដែលភ្ញៀវមានសរុបចំនួន ៨២៧៩៩នាក់កើនឡើង គុណនឹង២ដង បើធៀបឆ្នាំ២០២២ មានត្រឹមចំនួន ជាង៤ម៉ឺននាក់ប៉ុណ្ណោះ។

ចំនួនភ្ញៀវទេសចរដែលកើនឡើងក្នុងឱកាសឆ្លងឆ្នាំចាស់ ផ្លាស់ចូលឆ្នាំថ្មីខាងលើគិតត្រឹមថ្ងៃទី ៣០ ដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៣ ក្នុងនោះភ្ញៀវជាតិ សរុបចំនួន ៨២៧៩៩ នាក់ ភ្ញៀវអន្តរជាតិ មានចំនួន ២៥ នាក់។

រយ:ពេល ២ថ្ងៃនៃឱកាសបុណ្យឆ្លងឆ្នាំសកលនេះភ្ញៀវទេសចរបានសម្រុកទៅតាមគោលដៅទេសចរណ៍នានាដើម្បីលំហែលេងកម្សាន្តពេលថ្ងៃ ខ្លះទៀតបានសម្រាកកាយឆ្លងឆ្នាំពេលរាត្រី និងភ្ញៀវទេសចរមួយចំនួនទៀតបានចូលមកអបអរសាទរក្នុងពិធីឆ្លងឆ្នាំនៅក្នុងទីប្រជុំជនសួនច្បារមាត់បឹងតាកែវដែលរៀបចំកម្មវិធីយ៉ាងរីករាយដោយរដ្ឋបាលខេត្ត។

លោក កង អាណាន់ អភិបាលក្រុងដូនកែវបានអោយដឹងថា ព្រឹត្តិការណ៍ឆ្លងឆ្នាំសកលឆ្នាំថ្មីនេះដែរគណ:កម្មការរៀបចំបុណ្យជាតិ អន្តរជាតិខេត្តបានរៀបចំកម្មវិធីដាក់បង្ហាញម្ហូបអាហាររបស់ប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្ដតាកែវផ្ទាល់ ម៉្យាងទៀតកម្មវិធីអបអរឆ្នាំថ្មីឆ្នាំនេះក៏ជាព្រឹត្តិការណ៍ប្លែក និងថ្មីដែលភ្ញៀវទេសចរទទួលព័ត៌មានបានមុនគ្រប់គ្រាន់ ដែលជាហេតុនាំឲ្យមានការទាក់ទាញដល់ភ្ញៀវទេសចរក្នុង និងក្រៅតំបន់យ៉ាងច្រើដោយកុះករ ក្រៅពីនេះមានការរក្សាការពារនូវសន្តិសុខ សណ្តាប់ធ្នាប់យ៉ាងម៉ត់ចត់ និងបានល្អប្រកបដោយភាពរលូនតាំងពីដើមដល់ចប់កម្មវិធី ដោយកងកម្លាំងនគរបាលខេត្ដ និងកងកំលាំងកងរាជអាវុធហត្ថខេត្ដ សហការណជាមួយកម្លាំងរៀបចំសណ្ដាប់ធ្នាប់ក្រុងផងដែរ ។ លោក កង អាណាន់ ក៏បានបញ្ជាក់ផងដែរថា ចំពោះការរៀបចំសណ្ដាប់ធ្នាប់សម្រាប់ក្រុមអាជីវករលក់ដូរ គឺអាជ្ញាធរក្រុងបានហៅម្ចាស់អាជីវកម្មមកប្រជុំណែនាំដោយឯកភាពគ្នា ពីផលប៉ះពាល់បរិស្ថានអនាម័យ ត្រូវលក់ដូរទៅតាមការកំណត់ព្រំដែលបានស្នើសុំ នឹងត្រូវលក់ដូរគិតពីអនាម័យបរិស្ថានល្អស្អាត ដើម្បីសុវត្តិភាពសុខភាពរបស់បងប្អូនប្រជាពលរដ្ឋមកបរិភោគនិងលេងកំសាន្ដ ៕តាកែវ