អភិបាលស្រុកស្ទោង បានអំពាវនាវដល់អាជីវករនៅក្នុងផ្សារសេរីស្ទោងត្រូវចូលរួមសហការជាមួយអាជ្ញាធរ ដើម្បីអភិវឌ្ឍផ្សារមានសុវត្ថិភាព

0

កំពង់ធំ÷ នៅពីព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ ២០២៤
លោក សាយ គឹមឡម អភិបាលស្រុកស្ទោង និងសហការី បានអញ្ជើញចុះត្រួតពិនិត្យផ្សារសេរីស្ទោង ស្ថិតនៅក្នុងភូមិកំពង់ក្តី ឃុំកំពង់ចិនត្បូង ស្រុកស្ទោងខេត្តកំពង់ធំ។

ក្នុងឱកាសនេះដែរលោក សាយ គឹមឡម ក៏បានអំពាវនាវដល់ពុកម៉ែ បងប្អូន អាជីវករ នៅក្នុងផ្សារ និងប្រជាពលរដ្ឋដែលរស់នៅជុំវិញផ្សារសេរីស្ទោងគ្រប់ៗគ្នា សូមសហការជាមួយអាជ្ញាធរ និងដៃគូអភិវឌ្ឍ ដើម្បីអភិវឌ្ឍកែលម្អគុណភាពផ្សារឱ្យមាន គុណភាព សោភ័ណភាពបរិស្ថានល្អ ក៏ដូចជាការចូលរួមលើកកម្ពស់មុខមាត់ខ្លួនយើងនិងស្រុកស្ទោងផងដែរ។

ជាមួយគ្នានេះលោកអភិបាលស្រុកស្ទោង បានណែនាំដល់ក្រុមហ៊ុន កូយ គឹមសាយ ដែលគ្រប់គ្រងលើការប្រមូល ភាស៊ី និងអភិវឌ្ឍផ្សារសេរីស្ទោង ត្រូវខិតខំអភិវឌ្ឍផ្សារឱ្យបានល្អនូវហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូ ផ្លូវបេតុងផ្សេងៗប្រកបដោយគុណភាពបទដ្ឋានបច្ចេកទេស ធានាបាននូវការបង្ហូរទឹកដោយពុំមានការកកស្ទះជាដើម។

លើសពីនេះលោក សាយ គឹមឡម ក៏បានអំពាវនាវដល់ពុកម៉ែបងប្អូនអាជីវករ ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ សូមជួយថែរក្សាបរិស្ថាន សោភ័ណភាពផ្សារ ជាពិសេសត្រូវទុកដាក់សម្រាមឱ្យបានល្អ កុំដាក់ចូលនៅក្នុងប្រព័ន្ធលូដែលបណ្ដាលឱ្យមានការកកស្ទះ និងមានក្លិនមិនល្អដែលនាំឱ្យរំខានដល់សោភ័ណភាព និងបរិស្ថានផងដែរ។

ទន្ទឹមនឹងនេះលោក សាយ គឹមឡម អភិបាលស្រុកស្ទង់បានណែនាំដល់ក្រុមហ៊ុនប្រមូលសម្រាម “ខារ៉ាបាវ “ស្ទោង  ត្រូវធ្វើការប្រមូលយកសម្រាមឱ្យបានទាន់ពេលវេលាកុំឱ្យមានការកកស្ទះដែលជាហេតុបណ្ដាលឲ្យមានការស្អុយរលួយនិងបំភាយក្លិនមិនល្អធ្វើឲ្យមានការប៉ះពាល់ដល់សោភ័ណភាពនិងបរិស្ថាននៅក្នុងផ្សារក៏ដូចជាមូលដ្ឋានទីរួមស្រុកស្ទោងទាំងមូល។

គួរបញ្ជាក់ផងដែរថា ការអភិវឌ្ឍជួសជុលផ្សារនៅពេលនេះជារួមមាន ការចាក់បេតុងនៅមុខផ្សារ ធ្វើបន្ថែមនិងជួសជុលប្រព័ន្ធលូបង្ហូរទឹក ឱ្យបានច្រើន និងធំមាំល្អជាងមុន ផ្លូវបេតុងទទឹង៣ម៉ែត្រនៅក្នុងផ្សារ និងប្រព័ន្ធលូជាច្រើនខ្សែទៀតផងដែរ៕ អត្ថបទលោក ឆុន ឆេងក្រឹម