អភិបាលខេត្តកំពង់ចាម ជំរុញឲ្យចាត់វិធានការផ្តន្ទាទោសដាច់ខាតមេខ្យល់ជួញដូរមនុស្ស និងដោះស្រាយភាពរងគ្រោះរបស់ពលករឲ្យបានលឿន និងមានប្រសិទ្ធភាព

0

កំពង់ចាម: អភិបាលនៃគណៈអភិបាលខេត្តំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា ជំរុញឲ្យចាត់វិធានការផ្តន្ទាទោសដាច់ខាតមេខ្យល់ជួញដូរមនុស្ស និងដោះស្រាយភាព រងគ្រោះរបស់ពលករឲ្យបានលឿន និងមានប្រសិទ្ធភាព ពោលគឺត្រូវចូលរួមទាំងអស់គ្នា «រួមសហការគ្នា បង្ការ បង្ក្រាប ផ្តន្ទាទោស សង្គ្រោះ ការពារ ដើម្បីកម្ពុជា គ្មានអំពើជួញដូរមនុស្ស»។ ថ្លែងបែបនេះក្នុងឱកាសប្រារព្ធទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៅវត្តជោតនារាមគរ ស្ថិតក្នុងឃុំគរ ស្រុកព្រៃឈរ នាព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ ។

ក្នុងឱកាសនោះដែរ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា ក្នុងនីតិកាលទី៧ នៃរដ្ឋសភា ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញ នូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលក្នុងសូចនាករទី៤ មុំទី១ បានសង្កត់ធ្ងន់លើ ការទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទ ក្នុងនោះរួមមានបទល្មើសនៃអំពើ ជួញដូរមនុស្ស ការជួញដូរកំលាំងពលកម្ម អាជីវកម្មផ្លូវភេទ និងការបន្តពង្រឹងការអនុវត្ត គោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ផងដែរ ។

ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់មន្ត្រីពាក់ព័ន្ធ ត្រូវតាមដានត្រួតពិនិត្យសភាពការណ៍ និងការវិវត្តប្រែប្រួលនៃបទល្មើស កលល្បិច ជនល្មើស ទំនោរ និងបញ្ហាសង្គមដែលជាកត្តាអូសទាញ ជំរុញ ឬនាំប្រជាពលរដ្ឋងាយរងគ្រោះ ដោយការជួញដូរមនុស្ស ការរំលោភបំពាន និងការកេងប្រវ័ញ្ចគ្រប់រូបភាព ពោលគឺត្រូវសហការ ដើម្បីប្រមូលព័ត៌មានដែលអាចធានាដល់វិធានការបង្ក្រាបបទល្មើសចាប់ជនល្មើស និងជួយជនរងគ្រោះក្នុងករណីឆ្លងដែនទាន់ពេលវេលា។

ជាមួយគ្នានោះ ឯកឧត្តម អ៊ុន ចាន់ដា បានអំពាវនាវសូមឲ្យគ្រប់សមត្ថកិច្ច ក៏ដូចជាបងប្អូនប្រជាពលរដ្ឋនៅទូទាំងខេត្ត ជាពិសេសយន្តការ របស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សគ្រប់ថ្នាក់ ត្រូវបន្តខិតខំបន្ថែមទៀត ដើម្បីរួមគ្នាលុបបំបាត់ឲ្យបាននូវអំពើល្មើសច្បាប់នៃការជួញដូរមនុស្ស ដោយឡែកសម្រាប់បងប្អូនប្រជាពលរដ្ឋ និងក្មួយៗសិស្សានុសិស្ស សូមអប់រំកូនក្មួយ និងមិត្តភ័ក្ត្រ កុំឲ្យលង់ខ្លួនទៅក្នុងការសេពគ្រឿងញៀនឲ្យសោះ ព្រោះថាវាបំផ្លាញអនាគតយើង ៕