កំពង់ធំ៖ នាព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២៤នេះរដ្ឋបាលខេត្តកំពង់ធំរៀបចំសន្និសីទសារព័ត៌មានពាក់ព័ន្ធនឹងឈ្មោះហង្ស សុគន្ធដែលបានប្រមូលប្រជាពលរដ្ឋធ្វើការតវ៉ាគ្រប់គ្រងប្រឡាយទឹកព្រះគន្លងនិងព្រះស្នែងដែលមានទីតាំងស្ថិតនៅភូមិឈូកខ្សាច់ឃុំកំពង់គោស្រុកកំពង់ស្វាយខេត្តកំពង់ធំ។
ការរៀបចំសន្និសីទសារព័ត៌មាននេះធ្វើឡើងនៅ សាលប្រជុំសាលាខេត្តកំពង់ធំក្រោមវត្តមាន ឯកឧត្តម សុក ហៃ អភិបាលរងខេត្ត និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តកំពង់ធំ និងដោយមានការចូលរួមពីលោក ម៉ាក់ ប៊ុនហុង នាយករដ្ឋបាលសាលាខេត្ត, លោក អ៊ុត វណ្ណរ៉ា អភិបាលស្រុកកំពង់ស្វាយ, លោក ប៉ែនវ ណ្ណរិទ្ធិ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, លោក យូ ឡា ប្រធានមន្ទីរធនធានទឹក និងឧតុនិយម, លោកឧត្តមសេនីយ៍ត្រី វ៉ា ចាន់កុសល ស្នងការរងនគរបាលខេត្ត, លោកវរសេនីយ៍ឯក មាន មុំ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកស្រី ង៉ែត ណារីន ប្រធានមន្ទីរព័ត៌មានខេត្ត រួមទាំងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។
ខ្លឹមសារសំខាន់ៗនៃសន្និសីទសារព័ត៌មានស្តីពីករណីឈោ្មះ ហង់ សុគន្ធ បានប្រមូលប្រជាពលរដ្ឋ ធ្វើការតវ៉ាបញ្ហាគ្រប់គ្រងប្រឡាយទឹកព្រះគន្លង និងព្រះស្នែងដែលមានទីតាំងស្ថិតនៅភូមិឈូកខ្សាច់ឃុំកំពង់គោស្រុកកំពង់ស្វាយខេត្តកំពង់ធំ។
សន្និសីទមានខ្លឹមសាសំខាន់ៗដូចជា៖*ទី១៖ រាជរដ្ឋាភិបាល មិនបានទិញប្រឡាយទឹកទេ គឺរាជរដ្ឋាភិបាលទិញស្ថានីយ៍បូមទឹក និងបំពាក់ឧបករណ៍បម្រើឲ្យការបូមទឹកជូនប្រជាពលរដ្ឋក្នុងសហគមន៍នីមួយៗ*ទី២៖ ទីតាំងប្រឡាយប្រស្នែង និងប្រឡាយព្រះគន្លងនេះ គឺជាទីតាំងដីរបស់រដ្ឋ ឯកសារបានបញ្ជាក់ថាខ្ចីដីរបស់រដ្ឋ អនុក្រឹត្យបទបញ្ជា បញ្ជាក់យ៉ាងច្បាស់អំពីទិដ្ឋភាពផ្លូវច្បាប់ថាដីរបស់រដ្ឋ ហើយទីតាំងនេះនៅក្នុងសេចក្តី ប្រកាសព័ត៌មាន ក៏មានការលើកឡើងដែរថា នៅពេលដែលយើងចុះទៅពិនិត្យស្ថានភាពនៃការទិញកន្លែងនេះ គឺជាតំបន់អនុវត្តបទបញ្ជារបស់សម្ដេចតេជោ យ៉ាងតឹងរឹងដែរ។*ទី៣៖ ទីតាំងនេះរដ្ឋបាលខេត្ត បានរក្សាផលប្រយោជន៍ប្រជាពលរដ្ឋ រក្សាសណ្ដាប់ធ្នាប់គោលការណ៍ដឹកនាំរបស់អភិបាលខេត្ត គឺឲ្យមន្ទីរធនធានទឹក ត្រូវដាក់ម៉ាស៊ីនដូចឆ្នាំកន្លងៗមកដែលលោក ហង់ សុគន្ធ នៅតែមានការទាមទារ ឲ្យបន្តនីតិវិធីតាមផ្លូវច្បាប់ ព្រោះការទិញប្រឡាយហួសពីសមត្ថកិច្ចរបស់ខេត្តហើយ។ សូម្បីតែទិញស្ថានីយ៍ក៏មិនមែនខេត្តអ្នកសម្រេចទិញដែរគឺរាជរដ្ឋាភិបាលជាអ្នកទិញ បើមានឯកសារសូមធ្វើតាម ផ្លូវច្បាប់ទៅ ប៉ុន្តែត្រូវតែតម្កល់ផលប្រយោជន៍ប្រជាពលរដ្ឋជាធំ ហើយបង្កើតសហគមន៍នៅលើទីតាំងស្ថានីយ៍បូមទឹកដែលរដ្ឋបានប្រមូលទិញដើម្បីប្រគល់ជូនសហគមន៍គ្រប់គ្រង៕អត្ថបទ ដោយអ៊ុមញឹប-រូបភាពដោយយឹម ប៊ុនហ័រ