ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ នាំយកថវិកា ៤លានរៀល ប្រគល់ជូនគ្រួសារសពអតីតយុទ្ធជនកម្ពុជា

0

ខេត្តព្រះវិហារ៖ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានអញ្ជើញដឹកនាំក្រុមការងារថ្នាក់ខេត្ត ថ្នាក់ស្រុក និងមានការចូលរួមពី អាជ្ញាធរនៅថ្នាក់មូលដ្ឋាន បាននាំយកថវិកាបេឡាមរណៈសង្គ្រោះ ៤លានរៀល លិខិតចូលរួមរំលែកមរណៈទុក្ខ រួមទាំងគ្រឿងឧបភោគ-បរិភោគមួយចំនួន ប្រគល់ជូនគ្រួសារសពអតីតយុទ្ធជនកម្ពុជា នាថ្ងៃទី២ ខែមករា ឆ្នាំ២០២៤ ស្ថិតនៅភូមិរំដោះ ឃុំរក្សា ស្រុករវៀង ខេត្តព្រះវិហារ។

លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា មានប្រសាសន៍ ពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹក ពីសំណាក់ថ្នាក់ដឹកនាំកំពូល សមាគមអតីតយុទ្ធជនកម្ពុជា ជូនចំពោះក្រុមគ្រួសារនៃសពអតីតយុទ្ធជន ឈ្មោះ ឯក  ថន ភេទប្រុស អាយុ ៦០ឆ្នាំ មុខសញ្ញាពិកា  ស្ថិត នៅភូមិរំដោះ  ឃុំរក្សា ស្រុករវៀង ខេត្តព្រះវិហារ ​ក៏ដូចគ្រួសារសពអតីតយុទ្ធជនកម្ពុជា នៅទូទាំងប្រទេស ផងដែរ។

លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានបន្តថា គ្រួសារសពអតីតយុទ្ធជន លោក ឯក ថន ក្នុងខណៈនេះទទួលបានថវិកាបេឡាមរណៈសង្គ្រោះពី សមាគមអតីតយុទ្ធជនកម្ពុជា មានចំនួន ៤លានរៀល លិខិតចូលរួមរំលែកមរណៈទុក្ខ ១ច្បាប់ ព្រមទាំងគ្រឿងឧបភោគ-បរិភោគមួយចំនួន ទុក្ខដោះស្រាយក្នុងជីវភាពរស់នៅ ផងដែរ។

ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តព្រះវិហារ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានថ្លែង រំលឹកពីថ្នាក់ដឹកនាំកំពូលសមាគម ដែលជានិច្ចជាកាល តែងតែយកចិត្តទុកដាក់ និងគិតគូ ចំពោះបងប្អូនអតីតយុទ្ធជនកម្ពុជា និងក៏បានរំលឹកពីគំរូវីរភាពដ៏អង់អាចក្លាហាន របស់អតីតយុទ្ធជន ដែលកន្លងមកធ្លាប់ចូលរួមចំណែកក្នុងការកសាង រំដោះជាតិ មាតុភូមិ ឲ្យរួចផុតពីភ្លើងសង្រ្គាម ធ្វើអោយមានសុខសន្ដិភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យ រហូតមកដល់បច្ចុប្បន្ននេះ ៕ ដោយ៖ឡុង សំបូរ