ខេត្តកំពត៖ ការអភិវឌ្ឍមិនអាចខ្វះបានឡើយនូវកិច្ចខិតខំប្រឹងប្រែង និងកិច្ចសហការរវាងមន្ទីរ-អង្គភាពពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ពិសេសប្រជាពលរដ្ឋទើបអាចដំណើរការបាន។ ក្នុងឆ្នាំ២០២៣កន្លងទៅ ខេត្តកំពតបានសម្រេចបានូវលទ្ធផលសំខាន់ៗ និងការអភិវឌ្ឍជាច្រើនគួរឱ្យកត់សម្គាល់ ដែលនេះគឺកើតចេញពីកិច្ចខិតខំប្រឹងប្រែង និងកិច្ចសហការគ្នាពីគ្រប់ភាគីពាក់ព័ន្ធ។
ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តកំពត នៅព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរមូលដ្ឋាន មន្ទីរ-អង្គភាព មន្ត្រីរាជការ និងកងកម្លាំងគ្រប់ប្រភេទ គ្រប់លំដាប់ថ្នាក់ ដែលបានខិតខំយកចិត្តទុកដាក់បំពេញការងារតាមតួនាទី និងភារកិច្ចរបស់ខ្លួនក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ស្របតាមច្បាប់ លិខិតបទដ្ឋានគតិយុត្ត គោលនយោបាយ និងគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល ក្រសួង ស្ថាប័ននានា ប្រកបដោយតម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាព ធ្វើឱ្យរដ្ឋបាលខេត្តកំពតធានាបាននូវស្ថេរភាពនយោបាយ សន្តិសុខសុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍ ប្រកបដាយលទ្ធផលល្អប្រសើរក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ។
ឯកឧត្តមអភិបាលខេត្តបានបន្តថា តាមការកត់សម្គាល់ឃើញថា កន្លងមកដោយមានកិច្ចខិតខំប្រឹងប្រែងគ្រប់មន្ទីរ-អង្គភាព កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរ គ្រប់លំដាប់ថ្នាក់ ពិសេសការចូលរួមរបស់ប្រជាពលរដ្ឋទូទាំងខេត្ត បានធ្វើឱ្យខេត្តយើងសម្រេចបាននូវលទ្ធផលសំខាន់ៗជាច្រើន ក្នុងនោះរួមមាន៖ ១-ការរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាពជូនថ្នាក់ដឹកនាំ ប្រតិភូរាជរដ្ឋាភិបាល ភ្ញៀវជាតិ អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋ ទទួលបាននូវលទ្ធផលល្អប្រសើរ ដោយពុំមានហេតុការណ៍ណាមួយកើតឡើងគួរឱ្យកត់សម្គាល់ឡើយ និងរាល់បទល្មើសកើតឡើងសមត្ថកិច្ចបានបង្ក្រាបទាន់ពេលវេលា។ ២-ការរៀបចំសោភណ្ឌភាពក្រុង ដោយបានរៀបចំឆ្នេរព្រែក កែលម្អសួន ហេដ្ឋារចនាសម្ព័ន្ធផ្លូវជាច្រើន ដើម្បីទាក់ទាញកំណើនទេសចរណ៍ក្នុងខេត្ត។ លើសពីនេះ យើងបានខិតខំសម្រេចលទ្ធផលជាច្រើនទៀតដោយមន្ទីរ អង្គភាពជំនាញជុំវិញខេត្ត រដ្ឋបាលក្រុង-ស្រុក ឃុំ-សង្កាត់ លើវិស័យសេដ្ឋកិច្ច និងសង្គម។ ៣-ការដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ ប្រចាំឆ្នាំ២០២៣ រដ្ឋបាលខេត្ត បានសម្របសម្រួលដោះស្រាយពាក្យបណ្តឹង និងសំណូមពរផ្សេងៗជូនប្រជាពលរដ្ឋ សរុបចំនួន ៨៧០ករណី ទន្ទឹមនឹងនោះរដ្ឋបាលខេត្តក៏បានចុះទៅដោះស្រាយសំណូមពរជាច្រើនទៀតរបស់ប្រជាពលរដ្ឋតាមរយៈវេទិកាសាធារណៈ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត វេទិកាក្រុមប្រឹក្សាខេត្ត ដែលបានរៀបចំនៅគ្រប់ក្រុង-ស្រុក ឃុំ-សង្កាត់ផងដែរ។
ក្នុងអង្គសន្និបាតនេះដែរ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ក៏បានជំរុញ និងលើកទឹកចិត្តដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ក្នុងខេត្ត ត្រូវបន្តកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀតធ្វើយ៉ាងណាឱ្យលទ្ធផលការងារក្នុងឆ្នាំ២០២៤ខាងមុខបានល្អប្រសើជាងឆ្នាំ២០២៣កន្លងទៅ។ ឯកឧត្តមបានបន្តថា ខេត្តកំពតគឺជាខេត្តមួយដែលមានសក្តានុពលជាច្រើនដែលបម្រើផលប្រយោជន៍ដល់ប្រជាពលរដ្ឋក្នុងខេត្តពិសេសវិស័យទេសចរណ៍ ដែលបច្ចុប្បន្នតំបន់ទេសចរណ៍មានប្រមានជិត ៤០កន្លែង ដូច្នេះយើងត្រូវរួមគ្នាផ្សព្វផ្សាយ និងរួមគ្នាបង្កើត កែច្នៃ និងអភិវឌ្ឍឱ្យបានកាន់តែប្រសើបន្ថែមទៀត៕