អភិបាលខេត្តកំពង់ចាម ប្រាប់ មន្ត្រីក្រុមចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ឱ្យ បង្កេីនល្បឿន វាស់វែង ដីធ្លី ជូន ពលរដ្ឋ ហើយ កុំភ្លេច ឱ្យ សោះ រឿង ទុក ផ្លូវ

0

កំពង់ចាម : អភិបាលនៃគណៈអភិបាលខេត្តំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានណែនាំ ដល់ មន្ត្រីក្រុម ចុះ បញ្ជី ដីធ្លី មាន លក្ខណៈ ជា ប្រព័ន្ធ ឱ្យ ធ្វើការសម្រុក និងបង្កើនល្បឿនអនុវត្តកិច្ចការរបស់ខ្លួន ជាពិសេស ការចុះវាស់វែងដីធ្លីជូនប្រជាពលរដ្ឋ ឱ្យ បាន ទាន់ពេលវេលា និងសម្រេចទៅតាមផែនការគ្រោងទុក ហេីយ សូម កុំ ភ្លេច ឱ្យ សោះ រឿង ទុក ផ្លូវ ធ្វើយ៉ាងណា ត្រូវ ឱ្យ បងប្អូន នៅ ខាង ក្រោយ មាន ផ្លូវ ចេញ ចូល ផង ថ្លែង បែប នេះ ក្នុងពិធីជួបសំណេះសំណាលជាមួយមន្ត្រីក្រុមចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ នៅ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី ៤ ខែមករា ឆ្នាំ ២០២៤ ។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា ថ្នាក់ ដឹកនាំ ក្រសួង រៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី គ្រោង នឹង យក ខេត្តកំពង់ចាម ធ្វើ ជា ខេត្ត គំរូ ក្នុង ការ ចុះ បញ្ជី ដីធ្លី មានលក្ខណៈជាប្រព័ន្ឋ ឱ្យ បាន ចប់ សព្វគ្រប់ ១០០% នា ពាក់កណ្ដាល ឆ្នាំ ២០២៤ ខាងមុខនេះ ដូច្នេះ សូម ឱ្យ មន្ត្រី អនុវត្តការងារនេះ បន្តស្នាដៃ ឱ្យ បានសម្រេច នូវ ផែនការដែលបានដាក់ចុះ ទន្ទឹមនេះ ត្រូវខិតខំសហការជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងការបំផុសប្រមូលផ្តុំប្រជាពលរដ្ឋ ឱ្យ បាន ចូលរួមក្នុងសកម្មភាពការងារ នេះ ឱ្យ បានខ្លាំងក្លា បន្ថែម ទៀត ។

ជាមួយគ្នានោះ ឯកឧត្ដមអភិបាលខេត្ត ក៏បាន ស្នេី ដល់ មន្ទីរ អង្គភាពពាក់ព័ន្ធនានា ត្រូវចូលរួមកំណត់ព្រំប្រទល់ ឱ្យ បានឆាប់រហ័ស ដូចជាការកំណត់ដីអាងទឹក ប្រឡាយ បឹង ឡូតិ៍នេសាទ ។ល។ ក្រៅពី នោះ សូម ឱ្យ ចូលរួមអនុវត្ត និងជំរុញការដោះស្រាយ វិវាទ ដីធ្លី ឱ្យ មានការថយចុះជាលំដាប់ ។ នៅពេលបិទផ្សាយទិន្នន័យជាសាធារណៈ សូម ឱ្យ គណៈកម្មការរដ្ឋបាល ពន្លឿន ការងារ ដោះស្រាយ ទំនាស់ដែលនៅសេសសល់ ឱ្យ បានឆាប់ ដើម្បីចេញប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ ។

បេីតាម របាយការណ៍ បានឱ្យដឹងថា ការងារចុះបញ្ជី ដីធ្លី មានលក្ខណៈជាប្រព័ន្ធ ក្នុង ឆ្នាំ ២០២៣ វាស់វែង បានចំនួន ៨១៣ ៤៨៤ក្បាលដី- បញ្ចូលទិន្នន័យ បានចំនួន ៧៨៦ ៨៨១ក្បាលដី- ចេញប័ណ្ណ បានចំនួន ៧៤៤ ០២២ ប័ណ្ណ ។ បើប្រៀបធៀបទៅ នឹង ផែនការដែលក្រសួងបានដាក់ចុះចំនួន ៩២៤ ៤២១ក្បាលដី អនុវត្តបាន៨៨ % នៃការប្រមូលទិន្នន័យ និង ៨០% លើការងារចេញប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ ។ ផែនការថ្មីឆ្នាំ២០២៣ គឺជាឆ្នាំដែលត្រូវអនុវត្តជម្រុញផែនការនៃការងារចេញប័ណ្ណកម្មសិទ្ធិចំនួន ១៥១ ២០០ប័ណ្ណ នៅទូទាំងខេត្តកំពង់ចាម ៕