ប្រទះឃើញគ្រោងឆ្អឹងមនុស្សស្លាប់ នៅស្រុកស្ទោង សង្ស័យមានជម្ងឺប្រចាំកាយហើយលង់ទឹក

0

ខេត្តកំពង់ធំ៖ សាកសពបុរសម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់ នៅសល់តែគ្រោងឆ្អឹង។ ការប្រទះឃើញសាកសពនេះនៅម៉ោងប្រមាណ០៨:៣០នាទីព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤ នៅចំណុចស្ទឹងស្ទោង នៅភូមិឈើទាល ឃុំកំពង់ចិត្តត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ។

លោកវរៈសេនីយ៍ត្រី វ៉ា សុណា នាយប៉ុស្តិ៍រដ្ឋបាលកំពង់ចិនត្បូង បានឱ្យដឹងថា៖ នាព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤ មានប្រជាពលរដ្ឋដាក់ម៉ងនៅចំណុចស្ទឹងស្ទោង ស្ថិតនៅក្នុងភូមិឈើទាល ឃុំកំពង់ចិត្តត្បូង ស្រុកស្ទោងខេត្តកំពង់ធំ បានប្រទះឃើញគ្រោងឆ្អឹងសព ស្លាប់ជាប់នឹងព្រៃមាត់ស្ទឹង ហើយបានរាយការណ៍ដល់សមត្ថកិច្ច នឹងបានចុះទៅដល់កន្លែងកើតហេតុតែម្តង។

តាមការពិនិត្យជាក់ស្តែងរបស់សមត្ថកិច្ចបានបញ្ជាក់ថា សាកសពមានសភាពសល់តែគ្រោងឆ្អឹង ស្លៀកខោជើងខ្លីពីរជាន់ពណ៌ខ្មៅមានហោប៉ៅមួយ និងខោជើងខ្លីខាងក្នុងពណ៌ខ្មៅមួយទៀត ពាក់អាវដៃខ្លីក្រឡាបង្កង់ករបើក ហោប៉ៅមួយ។

ក្រោយការពិនិត្យរួច សមត្ថកិច្ចជំនាញ កំណត់ភិនភាគជនរងគ្រោះមានឈ្មោះ ផង់ គី ភេទប្រុស អាយុ៤៩ឆ្នាំ រស់នៅភូមិក្រយាជើង ឃុំក្រយា ស្រុកប្រាសាទបល្ល័ង ខេត្តកំពង់ធំ។តាមការសន្និដ្ឋាន ជនរងគ្រោះស្លាប់ដោយសារលង់ទឹក និងមានជម្ងឺប្រចាំកាយផងដែរ បច្ចុប្បន្ន សព សមត្ថកិច្ចបានកំពុងទំនាក់ទំនងសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕ អត្ថបទលោក ធូ កែវមុន្នី