សាលារៀនមួយខ្នង និងអគារទីចាត់ការសាលាមួយខ្នងដែលជាអំណោយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ត្រូវបានបើកការដ្ឋានសាងសង់ ជូនសាលាបឋមសិក្សាកំពុងត្រឡាច

0

ខេត្តកែប: នៅរសៀលថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម សំ សារីន ប្រធានក្រុមប្រឹក្សាខេត្តកែប ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប និងលោកជំទាវ ស ម៉ាលីដា សោមពិសិដ្ឋ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកការដ្ឋានកសាងអគារសាលាបឋមសិក្សាវត្តកំពង់ត្រឡាចចំនួនមួយខ្នង និងអគារទីចាត់ការសាលាមួយខ្នង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ស្ថិតនៅក្នុងបរិវេណវត្តកំពង់ត្រឡាច ក្នុងសង្កាត់ព្រៃធំក្រុងកែប ខេត្តកែប។

លោក ខេង យ័ន អភិបាលក្រុងកែប បានធ្វើរបាយការណ៍អោយដឹងថា អនុវត្តតាមគោលនយោបាយយុទ្ធសាស្ត្ រ បញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជារដ្ឋបាលក្រុងកែបបានពង្រឹងការអនុវត្តល្អមុខងារវិស័យអប់រំ យុវជន និងកីឡា លើមុខងារ គ្រប់គ្រងការអប់រំកុមារតូច, គ្រប់គ្រងការអប់រំបឋមសិក្សា, គ្រប់គ្រងការអប់រំក្រៅប្រព័ន្ធ ធ្វើឲ្យប្រសើរឡើងនូវការគ្រប់គ្រង និងការផ្តល់សេវាអប់រំ យុវជន និងកីឡាប្រកបដោយប្រសិទ្ធភាព គុណភាព គណនេយ្យភាព តម្លាភាព បរិយាប័ន្ន និងសមធម៌សង្គម តាមរយៈការបង្ខិតការ សម្រេចចិត្ត ខ្សែគណនេយ្យភាព និងការទទួលខុសត្រូវក្នុងការគ្រប់គ្រង និងការផ្តល់សេវាទាំងនេះទៅឲ្យរដ្ឋបាល ក្រុង ស្រុក ខណ្ឌ ទូទាំងប្រទេស ។ លោកអភិបាលក្រុងបន្តថា ថ្ងៃនេះសាលាបឋមសិក្សាវត្តកំពង់ត្រឡាច នឹងទទួលបាននូវអាគារសិក្សាថ្មីមួយខ្នង ៥បន្ទប់ រួមទាំងអគារ ទីចាត់ការសាលា ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី។

មានប្រសាសន៍សំណេះសំណាលជាមួយប្អូនៗ សិស្សានុសិស្ស និងអាណាព្យាបាលនាឱកាសនោះ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប បានលើកឡើងថា សមិទ្ធផលថ្មីដែលយើងកំពុងដំណើរការសាងសង់នេះ គឺជាអំណោយរបស់សម្តេចធិបតី ក្នុងឱកាសដែល សម្តេចអញ្ជើញមកសម្ពោធសមិទ្ធផលនានាក្នុងវត្តកំពង់ត្រឡាចនេះ កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ កន្លងទៅ តាមការស្នើសុំរបស់លោកគ្រូ អ្នកគ្រូ ។ ឯកឧត្តមបន្តថា រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅតែរក្សាបាននូវនិរន្តភាព សន្តិភាព និងការអភិវឌ្ឍន៍គ្រប់វិស័យ និងកំពុងដាក់អនុវត្តយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១ ដោយផ្តោសំខាន់នូវវិស័យចំបងៗ ជាពិសេស វិស័យអប់រំ និងវិស័យសុខាភិបាល។  ឯកឧត្តមបណ្ឌិតបន្ថែមថា តាមរយៈសមិទ្ធផលថ្មីនេះ និងជាកំលាំងចិត្តបន្ថែមទៀតសម្រាប់ប្អូនៗក្មួយៗ ក៏ដូចជាលោកគ្រូអ្នកគ្រូ ក្នុងការខិតខំបង្រៀននិងរៀន អោយបានខ្លាំងពូកែ ដើម្បីក្លាយជាទំពាំងដ៏មានគុណភាព ស្នងបន្តអភិវឌ្ឍន៍ប្រទេសជាតិយើង។ ឯកឧត្តមបណ្ឌិតសង្ឃឹមថា ប្អូនៗក្មួយៗនឹងខិតខំប្រែក្លាយខ្លួន ជាក្មេងបីល្អ គឺកូនល្អ សិស្សល្អ និងមិត្តល្អ ហើយឆ្នាំក្រោយនឹងមានសិស្សពូកែទូទាំងខេត្ត ចេញពីសាលាបឋមសិក្សាវត្តកំពង់ត្រឡាចនេះ ។

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិតភិបាលខេត្ត ក៏បានណែនាំដល់លោកប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត សូមខិតខំ គៀងគរបំពាក់បន្ថែម ឧបករណ៍ និងសំភារៈសិក្សាបន្ថែមទៀត ដូចជាការធ្វើសួនច្បារ ការដាក់អោយមានសៀវភៅអាន ដើម្បីអោយប្អូនៗក្មួយៗមានទំលាប់ក្នុងការអានសៀវភៅ សម្រាប់ជាជំនួយដល់ការសិក្សារៀនសូត្ររបស់ប្អូនៗ។ ក្នុងនោះដែរឯកឧត្តមក៏បានផ្តល់ជូននូវវត្ថុអនុស្សាវរីយ៍ជូនដល់ប្អូនៗ និងអាណាព្យាបាលដែលបានអញ្ជើញចូលរួមផងដែរ៕ សេង ណារិទ្ធ