អភិបាលខេត្ត​កំពង់ចាម​ ​បេីក​ការ​ប្រកួត​កីឡា​មហាជន​ ដេីម្បី​អបអរសាទរ​ទិវា​ជ័យជម្នះ​ថ្ងៃ​៧​មករា​

0

កំពង់ចាម​:​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ នាព្រឹក​ថ្ងៃ​ទី​៥​ ខែមករា​ ឆ្នាំ​២០២៤នេះ​ បាន​អញ្ជើញ​បើកការប្រកួតកីឡាមហាជនជ្រើសរើសជើងឯកទូទាំងខេត្ត ប្រចាំឆ្នាំ២០២៤ ដើម្បីអបអរសាទរខួបទី៤៥ នៃទិវា​ជ័យជម្នះ​ ៧ មករា ១៩៧៩-២០២៤​ ដែល​ជាថ្ងៃប្រវត្តិសាស្ត្រនៃការរំដោះប្រជាជនកម្ពុជា ឱ្យរួចចាកផុតពីរបបប្រល័យពូជសាសន៍ ។

ថ្លែងក្នុង​ឱកាស​នោះ​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​​ អភិបាលខេត្តកំពង់ចាម​ បានលើកឡើងថា​ ​វិស័យអប់រំកាយ និងកីឡា គឺជាវិស័យមួយដែលរដ្ឋាភិបាលកម្ពុជាដែលមាន សម្តេចអគ្គមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ក្រសួងអប់រំ យុវជន និងកីឡា បានយកចិត្តទុកដាក់ និងចាត់ទុកថា ជាវិស័យមួយមានសារៈសំខាន់ចំពោះជាតិក្នុងការអភិវឌ្ឍ និងកិត្យានុភាព ព្រមទាំងកិត្តិយសប្រទេសជាតិ។ ដូច្នេះ​សូមឱ្យយុវជនគ្រប់រូបបង្វែចិត្តគំនិតមកលេងកីឡាឱ្យបានគ្រប់ៗគ្នា ពិសេសកីឡា ដើម្បីសុខភាព ដើម្បីអភិវឌ្ឍផ្នែករាងកាយ បញ្ញា ស្មារតី សីលធម៌ ឱ្យសមស្របទៅតាមបញ្ញត្តិ ទាំងឡាយដែលមានក្នុងធម្មជាតិ​ ។ ​
​ឯកឧត្តម​​​អភិបាលខេត្ត​​ បាន​ធ្វើ​ការ​ផ្ញេី​សូម​ឱ្យ​កីឡាករ​ កីឡាការិនី​ទាំងអស់​ ត្រូវ​ខិតខំប្រឹងប្រែងហ្វឹកហាត់ និងថែរក្សាប្រពៃណី វប្បធម៌ ក្នុងពេលប្រកួតឱ្យបានខ្ជាប់ខ្ជួន ដើម្បីដណ្ដើមយកជ័យជម្នះជូនមន្ទីរ-អង្គភាព ក្រុង/ ស្រុករបស់ខ្លួន និងបានក្លាយខ្លួនទៅជាកីឡាករ កីឡាការិនីដ៏ឆ្នើម សម្រាប់បន្តទៅចូលរួមក្នុង ការប្រកួតនៅថ្នាក់ភូមិភាគ ថ្នាក់ជាតិ ថ្នាក់តំបន់ និងថ្នាក់អន្តរជាតិ។

ជាមួយគ្នានោះ​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​​​ ក៏បានធ្វើការអំពាវនាវដល់​បងប្អូនប្រជាពលរដ្ឋ​ ក៏ដូចជា​ប្អូនៗយុវជនជំនាន់ក្រោយ ត្រូវតែចងចាំ និងយល់ដឹងជានិច្ច ចំពោះ​រឿងហេតុកើតឡើងពិតជាក់ស្តែងនៅក្នុងរបប ប៉ុល​ ពត​ ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ហើយធ្វើយ៉ាងណាកុំឱ្យរបបឃោរឃៅព្រៃផ្សៃយង់ឃ្នង ដែលកើតមានដោយកម្រនៅលើពិភពលោកយើងនេះ វិលមកនៅលើទឹកដីមាតុភូមិកម្ពុជាដ៏បវរនៃយើង ជាលើកទី២ ម្តងទៀតបានឡើយ។

លោក​លី​ ម៉េងសាន​ ប្រធាន​មន្ទីរ​អប់រំ​យុវជន​និង​កីឡា​ខេត្ត​កំពង់ចាម​ បាន​ឲ្យដឹងថា​ ក្រុមកីឡាករតាមមន្ទីរ-អង្គភាពជុំវិញខេត្ត ក្លិប និងក្រុង/ស្រុក ដែលមកចូលរួមក្នុងការប្រកួតកីឡាមហាជន​ជ្រើសរើសជើងឯក ប្រចាំឆ្នាំ២០២៤​នេះ​ សរុបរួមទាំងអស់​មាន​ចំនួន ១៤១ក្រុម ក្នុងនោះនារី ៧ក្រុម មានកីឡាករ កីឡាការនី​ សរុប ចំនួន ១១៧៤នាក់ ។ ​ប្រភេទកីឡាដែលបានដាក់​ឲ្យ​ប្រកួត​រួមមាន​ កីឡាបាល់ទាត់​​ បាល់ទះ​ បាល់បោះ​ ប៉េតង់ប៊ូល​ វាយកូនឃ្លីលេីតុ​ និង​កីឡាវាយសី​ ផងដែរ​ ៕