ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់៖ មន្ត្រីរាជការថ្នាក់ដឹកនាំត្រូវមានស្មារតីសាមគ្គីឯកភាពផ្ទៃក្នុងឲ្យល្អ ដើម្បីរួមគ្នាបន្តអភិវឌ្ឍន៍ប្រទេសជាតិចម្រើនទៅមុនទៀត

0

ខេត្តកែប: កម្ពុជាបច្ចុប្បន្នរក្សាបាននូវអធិបតេយ្យភាព បូរណភាពទឹកដី និងឯករាជ្យជាតិ មានសុខសន្តិភាពពេញលេញ ហើយដើម្បីបន្តដំណើរការអភិវឌ្ឍន៍ទៅមុខទៀត ដូចនេះ មន្ត្រីរាជការ ថ្នាក់ដឹកនាំទាំងអស់ ត្រូវមានស្មារតីចូលរួមរក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុងឱ្យកាន់តែប្រសើរ។

នេះជាការលើកឡើងរបស់ឯកឧត្តមបណ្ឌិត សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកែប ក្នុងឱកាសថ្លែងបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាលខេត្ត និងពិធីប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកែប នៅរសៀលថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤។ ក្រោមវត្តមានចូលរួមពីសំណាក់ ឯកឧត្ដម សំ សារីន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្ត ឯកឧត្តម លោកជំទាវ ជាអនុប្រធាន សមាជិក សមាជិកា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ក្រុង ស្រុក និងប្រតិភូអមដំណើរជាច្រើនរូបទៀត។

ឯកឧត្តមបណ្ឌិត សាយ សំអាល់ លើកឡើងថា កម្ពុជាធ្លាប់ជាប្រទេសមានប្រវត្តិបែកបាក់ ឈ្លោះប្រកែកផ្ទៃក្នុងប្រមាណ៥០០ឆ្នាំមកហើយ ប៉ុន្តែចាប់តាំងពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានដាក់ចុះនយោបាយ ឈ្នះ ឈ្នះ ដើម្បីបង្រួបបង្រួមផ្សះផ្សា និងស្វែងរកបាននូវសុខសន្តិភាពពេញបរិបូរណ៍  ប្រទេសចាប់ផ្តើមមានការអភិវឌ្ឍន៍គ្រប់វិស័យជាលំដាប់ ហើយរបបនយោបាយមានភាពល្អប្រសើរ ការផ្ទេរតំណែងនាយករដ្ឋមន្ត្រីត្រូវបានធ្វើឡើងដោយសន្តិវិធី ដែលនេះគឺជាជោគជ័យមួយថ្មីនៅក្នុងប្រវត្តិសាស្ត្រកម្ពុជា។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានបន្តថា នៅក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ កម្ពុជាដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺជាការបើកទំព័រប្រវត្តិសាស្ត្រថ្មីមួយទៀត ដែលកម្ពុជាទាមទារឱ្យមានការបង្កើនកិច្ចខិតខំអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រេីន ស្មើមុខស្មើមាត់ជាមួយប្រទេសនានានៅលើពិភពលោក។ និយាយដោយឡែកចំពោះខេត្តកែប ឯកឧត្តមបានស្នើដល់មន្ត្រីរាជការ កងកម្លាំង ថ្នាក់ដឹកនាំ ព្រមទាំងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវបន្តចូលរួមប្រឹងប្រែងទាំងអស់គ្នា ក្នុងស្មារតីរក្សាសាមគ្គីភាព និងឯកភាពផ្ទៃក្នុង រិះគិតគ្រប់មធ្យោបាយធ្វើយ៉ាងណារក្សាបាននូវគុណតម្លៃ និងប្រយោជន៍រួមរបស់ខេត្ត ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។

ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប មានប្រសាសន៍នៅក្នុងពិធីបិទសន្និបាតនេះដែរថា កន្លងមកដោយមានការចូលរួមពី មន្ទីរ-អង្គភាព កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ រួមទាំងប្រជាពលរដ្ឋក្នុងខេត្តកែប បានធ្វើឱ្យរដ្ឋបាលខេត្តសម្រេចបាននូវលទ្ធផលសំខាន់ៗជាច្រើន ដែលធានាបាននូវសុវត្ថិភាព សន្តិសុខសណ្ដាប់ធ្នាប់បានល្អប្រសើរ ការងារអភិវឌ្ឍន៍ផ្សេងៗ មានដំណើរការល្អគ្មានការរាំងស្ទះ ហើយគម្រោងជាច្រើនទៀតក្នុងខេត្ត ក៏កំពុងដំណើរការជាបន្តបន្ទាប់៕ សេង ណារិទ្ធ