កំពត់: សមាគមកាយឬទ្ធិនារីកម្ពុជាសាខាខេត្តកំពត បានប្រារព្ធធ្វើពិធីសប្បុរសធម៌សមាគមកាយឬទ្ធិនារីកម្ពុជា (កម្មវិធីវិភាគទានរបស់សមាគមកាយឬទ្ធិនារីកម្ពុជាសាខាខេត្តកំពត) សម្រាប់កុមារកំព្រានៅទូទាំងខេត្តចំនួន ៦១០នាក់ មកពីមណ្ឌលទាំង៦ក្នុងខេត្តនៅព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២៤។ ក្នុងពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ លោកជំទាវ ហ៊ុន ចាន់ធី ម៉ៅ ធនិន ប្រធានក្រុមប្រឹក្សាសមាគមកាយឬទ្ធិនារីកម្ពុជាសាខាខេត្តកំពត និងឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត។
ថ្លែងក្នុងពិធីសប្បុរសធម៌នេះ លោកជំទាវ ហ៊ុន ចាន់ធី ម៉ៅ ធនិន ប្រធានក្រុមប្រឹក្សាសមាគមកាយឬទ្ធិនារីកម្ពុជាសាខាខេត្តកំពត បានគូសបញ្ជាក់ថា ដោយទទួលបានការអនុញ្ញាត និងគោរពតាមគោលការណ៍ដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា អនុញ្ញាតឱ្យបង្កើតកម្មវិធីសប្បុរសធម៌នេះឡើង ក្នុងគោលបំណងដើម្បីប្រគល់អំណោយជូនដល់ក្មួយៗកុមារកំព្រា កុមារក្រីក្រនៅតាមសហគមន៍ទូទាំងខេត្តកំពត ដែលមានចំនួន ៦១០នាក់ មកពី៦មណ្ឌលផ្សេងៗគ្នា ហើយកម្មវត្ថុចម្បង នៃកម្មវិធីនេះ គឺជាកម្មវិធី Charity មួយ ដែលទទួលបានគម្រោងពីក្នុងការប្រជុំតុមូលនៅប្រទេសម៉ាឡេស៊ីកាលពីកន្លងមក ដែលពាក់ព័ន្ធនឹង SDGs គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់ពិភពលោក។
ដែលទាំងនេះជាការបង្ហាញពីការគិតគូរយកចិត្តទុកដាក់ជាខ្លាំងពីសំណាក់លោកជំទាវបណ្ឌិតអគ្គស្នងការ ក្នុងការជួយតម្រង់ទិស និងយឹតយោងដល់កូនក្មួយកុមារកំព្រា និងកុមារក្រីក្រទាំងអស់ទូទាំងប្រទេស ហើយបានជួយកែប្រែជោគវាសនាបានល្អប្រសើរពីមួយជំហានទៅមួយជំហាន តាមរយៈគោលនយោបាយរបស់សមាគម កាយឫទ្ធិនារីកម្ពុជា និងតាមរយៈអង្គការសមាគមដ៏ទៃ ជាច្រើនទៀត។
លោកជំទាវប្រធានក្រុមប្រឹក្សាសមាគមបានបន្តថា ទោះជាយើងដឹងច្បាស់ថាកុមារកំព្រាបច្ចុប្បន្ន គឺទទួលបានការថែទាំពីសំណាក់រាជរដ្ឋាភិបាល ដោយមានការផ្តល់ការមើលថែទាំ អាហារហូបចុកប្រចាំថ្ងៃ ការស្នាក់នៅ ព្រមទាំងការអប់រំទាំងក្នុងមណ្ឌល និងសាលារៀនរដ្ឋក្ដី ក៏យើងនៅតែបន្តចូលរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលជានិច្ច ព្រោះកុមារមានតម្រូវការច្រើនជាចាំបាច់ទាំងការសិក្សា សុខុមាលភាពផ្លូវកាយ និងផ្លូវចិត្ត ការអភិវឌ្ឍន៍ជំនាញ ចំណេះដឹងផ្សេងៗទៀត ដែលទាមទាឱ្យយើងទាំងអស់គ្នាត្រូវយកចិត្តទុកដាក់ជួយទៅដល់ពួកគាត់។
ក្នុងពិធីនេះដែរ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ក៏បានថ្លែងកោតសរសើដល់សមាគមកាយឬទ្ធិនារីកម្ពុជាសាខាខេត្តកំពត ក្រោមការចង្អុលបង្ហាញពីសំណាក់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា ដែលបានបង្កើតកម្មវិធីសប្បុរសធម៌នេះឡើង ក្នុងគោបំណងដើម្បីជួយដល់កុមារកំព្រា និងកុមារក្រីក្រក្នុងខេត្តកំពត។ ទន្ទឹមនឹងនោះ ឯកឧត្តមអភិបាលខេត្តក៏បានថ្លែងអំណរគុណដល់លោកគ្រូ អ្នកគ្រូ នៅតាមមណ្ឌលទាំង៦ក្នុងខេត្ត ដែលបានខិតខំបំពេញភារកិច្ចក្នុងការមើលថែ និងផ្តល់នូវចំណេះដឹងដល់កុមារទាំងអស់ ដើម្បីឱ្យពួកគាត់មានអនាគតល្អទៅថ្ងៃមុខ។ ឯកឧត្តមក៏បានជំរុញឱ្យលោកគ្រូ អ្នកគ្រូទាំងអស់ត្រូវយកចិត្តទុកដាក់ថែទាំង និងផ្តល់នូវចំណេះដឹងឱ្យកាន់តែប្រសើសម្រាប់កុមារកំព្រានៅតាមមណ្ឌល ពិសេសត្រូវបណ្តុះនូវវប្បធម៌កត្តញ្ញូដល់កូនក្មួយទាំងអស់ ឱ្យបានដឹង នឹងចងចាំនូវគំរូវីរៈភាពរបស់ស្ថាបនិកសន្តិភាព គឺសម្តេចតេជោ ហ៊ុន សែន ដែលបានផ្តល់នូវសុខសន្តិភាពដល់ប្រទេសយើង។
សូមបញ្ជាក់ថា ក្នុងខេត្តកំពតមានមណ្ឌលថែទាំងកុមារកំព្រាចំនួន០៦ ក្នុងនោះមាន៖ ១.មណ្ឌលអង្គការភូមិកុមារ អេស អូ អេស (SOS) កំពត មានកុមារសរុប ៤៧៨នាក់ ស្ថិតក្នុងក្រុងបូកគោ។ ២.មណ្ឌលអង្គការអភិវឌ្ឍន៍ក្មេងកំព្រា មនុស្សចាស់ជរា និងជនពិការ (OEDDO) មានកុមារសរុប ៤៨នាក់ ស្ថិតក្នុងស្រុកអង្គរជ័យ។ ៣.មណ្ឌលអង្គការកុមារកំព្រា ក្តីសង្ឃឹមថ្មី (NHO) មានកុមារសរុប ១៧នាក់ ស្ថិតក្នុងស្រុកបន្ទាយមាស។ ៤.មណ្ឌលអង្គការអភិវឌ្ឍន៍វប្បធម៌ខ្មែរ មានកុមារសរុប ២១នាក់ ស្ថិតក្នុងក្រុងកំពត។ ៥.អង្គការមណ្ឌលកុមារកំព្រាកំពត (KHC) មានកុមារសរុប ២៤នាក់ ស្ថិតក្នុងក្រុងកំពត។ ៦.អង្គការ Safe Place Mission មានកុមារសរុប ២២នាក់ ស្ថិតក្នុងក្រុងកំពត កុមារសរុបទាំង០៦មណ្ឌល មានចំនួន ៦១០នាក់៕