កំពង់ចាម : ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាល ប្រធានគណៈកម្មាធិការបក្ស ប្រជាជន កម្ពុជា ខេត្តកំពង់ចាម បានថ្លែងថា ប្រមុខរាជរដ្ឋាភិបាល បានកំណត់យកថ្ងៃទី២៩ ខែធ្នូ ធ្វើជាទិវាសន្តិភាព ខណៈ សុខសន្តិភាពធ្វើឲ្យ បងប្អូន ប្រជាពលរដ្ឋ ទទួលបាននូវក្តី សប្បាយរីករាយ ថ្លែង បែប នេះ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារសន្និបាត គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងប្រកាសទទួលស្គាល់ក្រុមការងារគណបក្ស ចុះមូលដ្ឋានសង្កាត់ ក្នុងក្រុងកំពង់ចាម នាព្រឹកថ្ងៃទី ៦ ខែមករា ឆ្នាំ២០២៤ ។
មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងកំពង់ចាម បានថ្លែងការកោតសរសើរដល់ថ្នាក់ដឹកនាំ និងសមាជិកសមាជិការបក្សទាំងអស់ ក្នុងខេត្តកំពង់ចាម ដែលបានលះបង់យ៉ាងធំធេងចំពោះគណបក្ស និងប្រជាជន រហូតទទួលបានជោគជ័យយ៉ាងត្រចះត្រចង់។ ឯកឧត្តមប្រធានក៏បានផ្តាំផ្ញើដល់ក្រុមការងារចុះជួយសង្កាត់ទាំង៤ ក្នុងក្រុងកំពង់ចាម និងមន្ត្រីគ្រប់រូប ត្រូវបន្តរួមគ្នាថែរក្សាឲ្យបាននូវសុខសន្តិភាព ទោះបីជាត្រូវលះបង់ក្នុងតម្លៃណាក៏ដោយ ។
ឯកឧត្តម ប្រធានគណបក្សខេត្ត បាន សង្កត់ ធ្ងន់ថា កត្តាសុខសន្តិភាពនោះហើយ ដែលធ្វើឲ្យបងប្អូនប្រជាពលរដ្ឋ ទទួលបាននូវក្តីសប្បាយរីករាយ ជាពិសេសថ្មីៗនេះ ប្រមុខរាជរដ្ឋាភិបាល បានកំណត់យកថ្ងៃទី២៩ ខែធ្នូ ធ្វើជាទិវាសន្តិភាពផងដែរ ដោយការកំណត់នេះ ត្រូវបានទទួលការគាំទ្រ ពីប្រជាពលរដ្ឋ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ផងដែរ ។
ឯកឧត្តម អ៊ុន ចាន់ដា បានបញ្ជាក់ផងដែរថា ដើម្បីថែរក្សាសុខសន្តិភាពនោះ គឺមន្ត្រីយើងត្រូវមើលទៅលើ ការរក្សាឲ្យបាននូវសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ របៀបរៀបរយ ជាពិសេស មន្ត្រីយើងត្រូវចូលរួមជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ពលគឺ អនុវត្តកត្តាទាំងនេះឲ្យបាន នោះសុខសន្តិភាព និងមានភាពរឹងមាំយូរអង្វែង ៕