កំពង់ធំ÷ រដ្ឋបាលស្រុកស្ទោងបានប្រារព្ធពិធីមីទ្ទីង រំលឹកខួបលើកទី ៤៥ ទិវាជ័យជម្នះ (០៧ មករា ១៩៧៩ _០៧ មករា ២០២៤) នៅសាលាស្រុកស្ទោង ក្រោមអធិបតីភាពឯកឧត្តមព្រឹមរដ្ឋា អភិបាលរងខេត្តកំពង់ធំ ដំណាងឯកឧត្តម ថា យ៉ាវ អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំ និងមានការអញ្ជើញចូលរួមជាភ្ញៀវកិត្តិយស និងសមាជិកសមាជិកាប្រមាណជិត៤០០ នាក់ នៅព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ ២០២៤។
ថ្លែងទៅកាន់អង្គពិធីនៅក្នុងឱកាសនេះឯកឧត្តម ព្រឹម រដ្ឋា បានអានសន្ទរកថា ដ៏វិសេសវិសាលនិងមានអត្ថន័យដ៏ជ្រាលជ្រៅរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជាជូនអង្គមីទ្ទីង រំលឹកខួបលើកទី៤៥ នៃទិវាជ័យជំនះ (០៧ មករា ១៩៧៩_០៧ មករា ២០២៤)បានផងដែរ។
ជាមួយគ្នានេះឯកឧត្តម ព្រឹម រដ្ឋា បានលើកឡើងថាទិវាជ័យជំនះ ០៧មករានិងសុខសន្តិភាពដែលគណបក្សប្រជាជនកម្ពុជា ពិសេសសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានពាក់លីសព្វបែបយ៉ាងដើម្បីយកជ័យជំនះលើរបបអាវខ្មៅដែលត្រួតដែលបំភ្លេចបំផ្លាញប្រទេសកម្ពុជាអស់រយៈពេល ៣ឆ្នាំ ៨ខែ និង ២០ថ្ងៃ ក៏ដូចជាការបញ្ចប់សង្គ្រាមស៊ីវិលនិងនាំមកនូវសុខសន្តិភាពពេញបរិបូណ៌ជូនជាតិមាតុភូមិជាពិសេសថ្មីៗនេះគឺការនាំឲ្យមាននូវបុណ្យជាតិ ទិវាសន្តិភាព២៩ខែធ្នូផងដែរ។
លើសពីនេះអធិបតីក៏បានផ្ដាំផ្ញើដល់ សមាជិកសមាជិកា អង្គពិធីទាំងមូល សូមនាំគ្នារក្សាសុខសន្តិភាពនេះឲ្យបានស្ថិតស្ថេរជាអមតៈ គឺមានតែសុខសន្តិភាពនេះហើយទើបមាននូវអ្វីៗសព្វបែបយ៉ាង ជាពិសេសគឺការអភិវឌ្ឍប្រទេសជាតិឲ្យបានមានការរីកចម្រើនជឿនលឿន ក្នុងដំណាក់កាលរាជរដ្ឋាភិបាលអាណត្តិទី ០៧ ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក៏ដូចជាការជំរុញសន្ទុះកំណើនសេដ្ឋកិច្ចសំដៅធ្វើឲ្យព្រះរាជាណាចក្រកម្ពុជា ប្រែក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និង កសាងមូលដ្ឋានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ប្រែក្លាយជាប្រទេសមានចំណូលខ្ពស់។
ជាចុងបញ្ចប់ គណៈធិបតី និងសមាជិកសមាជិកាអង្គពិធីទាំងមូលក៏បានបង្ហោះប៉េងប៉ោងជានិមិត្តរូបនៃសុខសន្តិភាពតរៀងទៅ៕ អត្តបទលោក ឆុន ឆេងក្រឹម