កំពង់ធំ៖ ឯកឧត្តមបណ្ឌិត ថោង ខុន សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ បានថ្លែងថាខួបអនុស្សាវរីយ៍៤៥ឆ្នាំ នៃទិវាជ័យជម្នះ ៧ មករា កម្ពុជាសម្រេចបានសមិទ្ធផលធំៗជាច្រើនលើគ្រប់វិស័យពិសេសកំពុងបន្តទៅមុខប្រកបដោយភាពជឿជាក់លើមាគ៌ាសន្តិភាព ប្រជាធិបតេយ្យ និងអភិវឌ្ឍន៍ ជាមួយនឹងការលេចត្រដែតឡើងនូវកិត្យានុភាពរបស់កម្ពុជាលើឆាកអន្តរជាតិ។
ឯកឧត្តមបណ្ឌិត ថោង ខុន បានថ្លែងក្នុងខួបលើកទី៤៥ នៃទិវាជ័យជម្នះ ៧ មករា (០៧.០១.១៩៧៩-០៧.០១.២០២៤) នាព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤ នៅសួនមាត់ស្ទឹងសែន ដែលមានការចូលរួមពីឯកឧត្តម ងួន រតនៈ សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានគណកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ និងសមាជិកសមាជិកា គណបក្សជាច្រើននាក់ផងដែរ។
ឯកឧត្តមបន្តថាថ្ងៃនេះជាទិវាគម្រប់ខួបលើកទី៤៥នៃជ័យជម្នះ ជាប្រវត្តិសាស្ត្ររបស់កម្ពុជាលើរបបប្រល័យពូជសាសន៍ ប៉ុល ពត នាថ្ងៃ ៧ មករា ឆ្នាំ១៩៧៩ ដែលបានសង្គ្រោះជាតិខ្មែរឱ្យរស់រានមានជីវិតឡើងវិញទាន់ពេលវេលារួចផុតពីទារុណកម្មនិងការកាប់សម្លាប់ដ៏សាហាវយង់ឃ្នងបំផុត ដែលពុំធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជា និងរបស់មនុស្សជាតិ។
ឯកឧត្តមបានបន្តថាឆ្លងកាត់រយៈពេល ៤៥ឆ្នាំមកនេះបានបង្ហាញច្បាស់ថាផ្តើមពីជ័យជម្នះ ៧ មករា ប្រទេសកម្ពុជា បាននិងកំពុងឈានទៅមុខឥតឈប់ឈរតាមទិសដៅដ៏ត្រឹមត្រូវ ដែលឆ្លើយតបទៅនឹងបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជន កម្ពុជាបានប្រែក្លាយពីវាលពិឃាតនៃរបបប្រល័យពូជសាសន៍, ពីសមរភូមិនៃសង្គ្រាមដ៏រ៉ាំរ៉ៃ, ពីការបែកបាក់ជាតិ និងការបែងចែកទឹកដី និងពីទឹកដីមួយដែលខឿនសេដ្ឋកិច្ចជាតិត្រូវបំផ្លាញខ្ទេចខ្ទី ទៅជាទឹក ដីដែលមានសន្តិភាព សាមគ្គីភាព ប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស នីតិរដ្ឋ និងការអភិវឌ្ឍលើគ្រប់វិស័យ។
ឯកឧត្តមបញ្ចាក់ថាប្រជាជនគ្រប់រូបបានរស់នៅយ៉ាងសុខដុមរមនាក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយនិងម្លប់ដ៏ត្រជាក់នៃអង្គព្រះមហាក្សត្រជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងរាជរដ្ឋាភិបាលចេញពីគណបក្សប្រជាជនកម្ពុជាពីការខិតខំរបស់គ្រប់ក្រសួង ស្ថាប័នរដ្ឋ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ពីការចូលរួមរបស់ ប្រជាជនគ្រប់ស្រទាប់វណ្ណៈ គ្រប់ជនជាតិ គ្រប់ជំនឿសាសនា ដោយលើកទឹកចិត្តស្នេហាជាតិដ៏ជ្រាលជ្រៅពីការចូលរួមនៃវិស័យឯកជននិងសង្គមស៊ីវិល ព្រមទាំងការគាំទ្រនិងជួយឧបត្ថម្ភដ៏ស្មោះសរពីសំណាក់បណ្តាប្រទេសជាមិត្តជិតឆ្ងាយនិងសហគមន៍អន្តរជាតិពេញចិត្តលើកា រដឹកនាំរបស់គណៈបក្សប្រជាជនកម្ពុជា។
ឯកឧត្តមបានបន្ថែមថានៅឆ្នាំ២០២៤នេះមន្ត្រីរាជការនិងកងកម្លាំងប្រដាប់អាវុធត្រូវបានដំឡើងប្រាក់បៀវត្សមួយកម្រិតទៀត ព្រមជាមួយនេះ ប្រាក់សោធននិវត្តន៍របស់អតីតមន្ត្រីរាជការ និងអតីតយុទ្ធជនក៏ត្រូវបានកែសម្រួល និងដំឡើងផងដែរ។
កម្មវិធីនេះក៏មានការចូលរួមពីសមាជិកព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល អភិបាល អភិបាលរងខេត្ត មន្ទីរអង្គភាព កម្លាំងសមត្ថកិច្ចជុំវិញខេត្ត និវត្តជន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជន យុវតី ប្រជាពលរដ្ឋខេត្ត និងសមាជិក-សមាជិកាគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ ប្រមាណជិត៥ពាន់នាក់។ បន្ទាប់ពីកម្មវិធីនេះ ឯកឧត្តម ថោង ខុន ក៏បានចែកអំណោយដល់និវត្តជនខេត្តកំពង់ធំចំនួន៧០នាក់ផងដែរ៕អត្ថបទសោមពិសី -ពិនិត្យនិងកែសម្រួលដោយអ៊ុមញឹប