ប្រធានក្រុមការងារចុះជួយឃុំក្តីដូង បានអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៤៥ នៃទិវាជ័យជម្នះ ៧ មករា ជាប្រវត្តិសាស្ត្រ នៅស្រុកកំពង់ស្វាយ

0

កំពង់ធំ÷ លោកជំទាវ លំ គន្ធារី ប្រធានក្រុមការងារចុះជួយឃុំក្តីដូង ឯកឧត្តម នូ ចាន់ដេត អនុប្រធានក្រុមការងារចុះជួយឃុំ ឯកឧត្ដម ប្លុង ពុទ្ធកូរ៉ាក្រុមការងារចុះជួយឃុំ និងលោកស្រី ទត គឹមសុភារិទ្ធ សមាជិកក្រុមការងារចុះជួយឃុំក្តីដូង សមាជិក សមាជិកានៃអង្គពិធីទាំងមូល បានអញ្ជើញចូលរួមក្នុងកម្មវិធី ខួបអនុស្សាវរីយ៍លើកទី៤៥ នៃទិវាជ័យជម្នះ ៧ មករា ជាប្រវត្តិសាស្ត្រ ស្ថិតនៅភូមិស្លែង ឃុំក្តីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤។

លោកជំទាវ លំ គន្ធារី បានថ្លែងថា របប ប៉ុល ពត បានអនុវត្តនយោបាយប្រល័យពូជសាសន៍ដ៏យង់ឃ្នងដែលពុំធ្លាប់មានក្នុងប្រវត្តិសាស្ត្ររបស់មនុស្សជាតិ ធ្វើឲ្យទឹកដីកម្ពុជាក្លាយជាគុកឥតជញ្ជាំង ជាវាលពិឃាត ជោកជាំដោយឈាម និងទឹកភ្នែក គ្មានសិទ្ធិសេរីភាព រស់នៅក្នុងស្ថានភាពភ័យរន្ធត់រកទីបំផុតគ្មាន។ ប្រជាជនកម្ពុជាប្រមាណ ៣លាននាក់ ត្រូវស្លាប់យ៉ាងអាណោចអាធ័ម និងអយុត្តិធម៌បំផុតពិតប្រាកដណាស់ បើគ្មានការជួយសង្គ្រោះឲ្យបានទាន់ពេលវេលាពីសំណាក់ថ្នាក់ដឹកនាំទេនោះ ប្រជាពលរដ្ឋខ្មែរនឹងត្រូវពួកឃាតករ បន្តកាប់សម្លាប់ រកទីបំផុតគ្មានឡើយ។

លោកជំទាវប្រធានក្រុមការងារចុះជួយឃុំក្តីដូង បានបន្តទៀតថា កម្មវិធីនយោបាយ និងគោលនយបាយ ដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានសម្រេចសមិទ្ធផលធំៗជាច្រើន ទោះបីត្រូវរងឥទ្ធិពលពីការវិវត្តដ៏ស្មុគស្មាញនៃសភាពការណ៍អន្តរជាតិ និងបញ្ហាប្រឈមមួយចំនួនទៀតក្តី ក៏កម្ពុជានៅតែបន្តរីកចម្រើនឥតឈប់ឈរប្រកបដោយចីរភាព។ សន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ត្រូវបានថែរក្សាយ៉ាងរឹងមាំដែលបង្កលក្ខណៈឲ្យជីវភាពសង្គមរីកចម្រើនលើគ្រប់វិស័យមានដំណើរការប្រកបដោយភាពវិជ្ជមាន។

លោកជំទាវ លំ គន្ធារី  ជាប្រធានក្រុមការងារចុះជួយឃុំក្តីដូង បានផ្ដាំផ្ញើនិងលើកទឹកចិត្តដល់អ្នកចូលរួមទាំងអស់ ត្រូវលើកកម្ពស់ស្មារតីថែរក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុង ប្រកាន់ខ្ជាប់ប្រពៃណីស្នេហាជាតិ ផ្សារភ្ជាប់ជាមួយប្រជាជន យកអស់កម្លាំងកាយចិត្ត ដើម្បីទប់ស្កាត់មិនឲ្យរបបប្រល័យពូជសាសន៍ប៉ុល ប៉ត វិលត្រឡប់មកវិញ។ ពិសេសយុវវ័យជំនាន់ក្រោយ ឲ្យបានយល់ដឹង និងចងចាំជានិច្ច នូវអត្ថន័យដ៏ធំធេងនៃទិវា ជ័យជម្នះ ៧ មករា ដែលជាថ្ងៃកំណើតទី២ របស់ប្រជាជនកម្ពុជាគ្រប់រូប ហើយរួមគ្នាថែរក្សា និងពង្រីករាល់សមិទ្ធផលសង្គមជាតិ ឲ្យមានការអភិវឌ្ឍរីកចម្រើន ជារៀងរហូត។ គាំទ្រ និងចូលរួមអនុវត្តឲ្យបានជោគជ័យ នូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ អត្ថបទលោក ធូ កែវមុន្នី