កំពង់ធំ÷ នៅព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤ នៅវិមានរំលឹកគុណអតីតយុទ្ធជនពលី នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ស្ថិតនៅក្នុងសង្កាត់អាចា្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ បានរៀបចំពិធីមីទ្ទីងរំលឹកខួបលើទី ៤៥នៃទិវាជ័យជម្នះ៧មករា
(០៧-០១-១៩៧៩/០៧-០១-២០២៤) ដែលពិធីនេះប្រព្រឹតទៅស្ថិតក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងដោយមានការចូលរួមពីនាយទាហាន នាយទាហានរង និងពលទាហាន យ៉ាងច្រើនកុះករ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានឡើងអានសន្ទរកថា ទាំងស្រុងរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានថ្លែងក្នុងពិធីមីទ្ទីងរំលឹកខួបលើកទី ៤៥ឆ្នាំ នៃទិវាជ័យជម្នះ៧មករា
(០៧-០១-១៩៧៩/០៧-០១-២០២៤)កាលពីថ្ងៃទី ៧ ខែមករា ឆ្នាំ២០២៤ នៅទីក្រុងភ្នំពេញ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានមានប្រសាសន៍ថា មានថ្ងៃ ៧ មករា ឆ្នាំ១៩៧៩ ទើបយើងមានអ្វីៗគ្រប់យ៉ាងនៅថ្ងៃនេះ ។ ថ្ងៃទី ៧មករា ឆ្នាំ១៩៧៩ ជាថ្ងៃមហាជយជម្នះជាប្រវត្តិសាស្រ្តដែលវិរៈកងទ័ពររណៈសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដឹកនាំដោយសម្ដេចមហាធម្មពោធិសាល ជា ស៊ីម សម្ដេចមហាពញាចក្រី ហេង សំរិន និងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសហការជាមួយកងទ័ពស្ម័គ្រចិត្តវៀតណាម វាយផ្ដួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត ដែលបានកាប់សម្លាប់ប្រជាជនកម្ពជាអស់ជាង ៣លាននាក់ យ៉ាងសាហាវឃោរឃៅបំផុត និងបានការពារទប់ស្កាត់មិនឲ្យរបបប្រល័យពូជសាសន៍នេះ វិលត្រឡប់មកសារជាថ្មីវិញបាននៅកម្ពុជា ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានគូសបញ្ជាក់បន្ថែមទៀតថា ក្រោមនយោបាយឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន បានបញ្ចប់សង្គ្រាមស៊ីវិលដ៍រ៉ាំរ៉ៃអស់រយៈពេលជាង ៥០០ឆ្នាំនៅកម្ពុជា ដោយបាននាំមក នូវសុខសន្តិភាព និងការឯកភាពជាតិពេញលេញ និងមានការឯកភាពជាតិ ឯកភាពទឹកដីទឹកដីទាំងស្រុងនៅចុងឆ្នាំ១៩៩៨ ។ នៅក្នុងឱកាសនេះផងដែរ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានក្រើនរំលឹកដល់កងកម្លាំងទាំងអស់ ត្រូវប្ដេជ្ញាចិត្តដាច់ខាតការពារឲ្យបាន សុខសន្តិភាព ដែលយើងកំពុងមានដូចសព្វថ្ងៃនេះ ឲ្យនៅគង់វង្សជារៀងរហូត និងប្រកាសគាំទ្រយ៉ាងពេញទំហឹងនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិទី ៧ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាឲ្យទទួលបានជោគជ័យ ។
បន្ទាប់មកអង្គមីទ្ទីងទាំងមូល បានអញ្ជើញគោរពវិញ្ញាណក្ខន្ធ និងដុតធូបនៅតាមផ្នូរសពរបស់វិរ:កម្មាភិបាល យុទ្ធជន យុទ្ធនារី ដែលបានពលីជីវិតក្នុងសម័យសង្គ្រាម ដើម្បីបុព្វហេតុជាតិនិងប្រជាជនកម្ពុជា នឹងបានបួងសួង សូមឱ្យវិញ្ញាណក្ខន្ធពួកគាត់បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ៕ថោយ វេហាស៍