សមត្ថកិច្ចខេត្តស្ទឹងត្រែង កំពុងតាមចាប់ខ្លួនក្រុមឧក្រិដ្ឋជនជួញដូរគ្រឿងញៀនឆ្លងដែន ពីប្រទេសជិតខាង ចូលមកកម្ពុជា ខណៈថ្នាំញៀនមានទម្ងន់ជិត ១៦០គីឡូក្រាម ដែលដឹកជញ្ជូនតាមគោរយន្តកន្ត្រៃ បានរងការបង្ក្រាប និងរឹបអូសបាន

0

ខេត្តស្ទឹងត្រែង៖ កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន ក៩ នៃក្រសួងមហាផ្ទៃ បានសហការជាមួយ កម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង និងកម្លាំងនគរបាល BLO ប្រចាំច្រកទ្វាអន្តរជាតិត្រពាំងក្រៀល ខេត្តស្ទឹងត្រែង កំណត់បានមុខសញ្ញាក្រុមឧក្រិដ្ឋជនជួញដូរគ្រឿងញៀនឆ្លងដែន នាំចូលពីប្រទេសជិតខាង មកកម្ពុជា រួចហើយ និងខណៈនេះកំពុងបើកការស្រាវជ្រាវ ស្វែងរកទីតាំងលាក់ខ្លួន ដើម្បីឈានទៅចាប់ខ្លួន នាំយកមកផ្តន្ទាទោសតាមច្បាប់ ខណៈដែលថ្នាំញៀនមានទម្ងន់ជិត ១៦០គីឡូក្រាម ត្រូវបានបង្ក្រាប និងរឹបអូសបាន។ នេះបើតាមការអោយដឹង ពីមន្ត្រីនគរបាលជំនាញគ្រឿងញៀន នាព្រឹកថ្ងៃទី១០មករា២០២៤នេះ។

គួររំលឹកថា កាលពីវេលាម៉ោង ៤ទៀបភ្លឺ ថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ នៅចំណុចអូរអន្លង់ស្វាយ ស្ថិតក្នុងឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន ក៩ ក្រសួងមហាផ្ទៃ បានសហការជាមួយ ​កម្លាំងនគរបាលប្រឆាំងគ្រឿងញៀនខេត្តស្ទឹងត្រែង និងកម្លាំងនគរបាល BLO ប្រចាំច្រកទ្វារអន្តរជាតិត្រពាំងក្រៀលកម្ពុជា បែងចែកចេញជា ៣ក្រុម បានចុះបង្ក្រាបបទល្មើសគ្រឿងញៀនឆ្លងដែនខុសច្បាប់ ដែលក្រុមឧក្រិដ្ឋជនកំពុងដឹកជញ្ជូនតាមគោយន្តកន្ត្រៃ ១គ្រឿង និងបានឆែកឆេររកឃើញ ម្សៅក្រាមពណ៌សថ្លា មានទម្ងន់ជិត ១៦០គីឡូក្រាម ដែលគេវិចខ្ចប់ក្នុងសំបកផ្លាស្ទិក បន្លំជាកញ្ចប់តែ ហើយត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការបង្ក្រាប និងរឹបអូសបាន។ ប៉ុន្តែ ឧក្រិដ្ឋជនពីរនាក់ បានរត់គេចខ្លួនទាំងយប់ នៅក្នុងស្ថានភាពភូមិសាស្ត្រដ៏ស្មុគស្មាញ ដែលមានច្រករបៀងជាច្រើនផងដែរ នៅតាមព្រៃនៃតំបន់ព្រំដែនកម្ពុជា-ឡាវ ដែលមានភូមិសាស្ត្រជាប់ខេត្តព្រះវិហារ។

សមត្ថកិច្ចបានបញ្ជាក់អោយដឹងថា បន្ទាប់ពីឧក្រិដ្ឋជនជួញដូរគ្រឿងញៀនទាំងពីរនាក់ បានរត់គេចខ្លួន កម្លាំងសមត្ថកិច្ចបានធ្វើការបែងចែកជា ៣ក្រុម ដោយចុះប្រតិបត្តិការតាមប្រមាញ់នៅគោលដៅផ្សេងគ្នា ដើម្បីតាមចាប់ក្រុមឧក្រិដ្ឋជនគ្រឿងញៀន យកមកផ្តន្ទាទោសតាមច្បាប់។ ដោយឡែក វត្ថុតាងបទល្មើសដែលកម្លាំងសមត្ថកិច្ចដកហូតបាននាពេលនោះ រួមមាន៖ ថ្នាំញៀនប្រភេទ មេតំហ្វេតាមីន ចំនួន ៦បេ ស្មើ ៦០ដុំ និងមានទម្ងន់ជាង ១៥៩គីឡូក្រាម ក្នុងនោះ ថ្នាំញៀនដែលវិចខ្ចប់ក្នុងកញ្ចប់ពណ៌បៃតង ចំនួន ១១៨ដុំ និងកញ្ចប់ពណ៌លឿង ចំនួន ៤២ដុំ គោយន្តកន្ត្រៃ ១គ្រឿង និងទូរសព្ទដៃម៉ាក nokia ១គ្រឿង ផងដែរ។

កម្លាំងសមត្ថកិច្ចនៅគ្រានេះ បានធ្វើការកំណត់មុខសញ្ញាក្រុមឧក្រិដ្ឋជន ទាំងពីរនាក់នោះរួចហើយ និងក៏កំពុងបើកការស៊ើបអង្កេត ស្រាវជ្រាវរកកន្លែងលាក់ខ្លួន ដើម្បីឈានទៅចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់៕ ដោយ៖ឡុង សំបូរ