ខេត្តព្រះវិហារ៖ អភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី បានអញ្ជើញដឹកនាំមន្ត្រីខេត្ត ក្រុង ស្រុក មន្ទីរ អង្គភាព កងកម្លាំងទាំង៣ រួមទាំងសហភាពសហព័ន្ធ យុវជនកម្ពុជាខេត្ត ដើម្បីចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដោយប្រមូលបានឈាម ៤ក្រុម និង ៦៣សាក់ សម្រាប់នាំយកទៅជួយសង្គ្រោះអាយុជីវិតជនរងគ្រោះទូទៅ ពិសេសជួយដល់មន្ទីរពេទ្យបង្អែកខេត្តព្រះវិហារ ។
ពិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្ត បានធ្វើឡើងក្រោមប្រធានបទ “ផ្ដល់ឈាម ផ្ដល់ក្ដីស្រលាញ់” និងដើម្បីអបអរសាទរ ខួបអនុស្សារីយ៍លើកទី៤៥ នៃទិវាជ័យជម្នះ ៧មករា(១៩៧៩-២០២៤) ដែលបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ នៅសាលា ខេត្តព្រះវិហារ។
នៅក្នុងការបរិច្ចាគឈាមដោយស្ម័គ្រចិត្តនោះ មានអ្នកចូលរួមបរិច្ចាគឈាមចំនួន ៩៣នាក់ ក្នុងនោះ អ្នកមិនមានលក្ខ័ណ្ឌគ្រប់គ្រាន់ក្នុងការបរិច្ចាកឈាម ៣០នាក់ ឈាមដែលបូមបាន ចំនួន ៦៣នាក់(៦៣សាក់) ក្រុមឈាម O+២៤សាក់, AB+៣សាក់, A+១២សាក់ និងក្រុម B+ ២៤សាក់។
អភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី បានសម្តែង ក្តីរីករាយឥតឧបមា ហើយបានថ្លែងអំណរគុណ ចំពោះវត្តមានបងប្អូនប្រជាពលរដ្ឋ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ដែលបានចូលរួមដោយស្ម័គ្រចិត្ត ក្នុងការបរិច្ចាគឈាមនាពេលនេះ ដែលនេះគឺជាផ្នែកមួយ នៃការលើកកម្ពស់វិស័យមនុស្សធម៌ ក្រោមពាក្យស្លោក “ផ្តល់ឈាម គឺផ្តល់ក្តីស្រលាញ់”។
លោកអភិបាលខេត្តបានថ្លែង ចាត់ទុកការផ្តល់ឈាមដោយស្ម័គ្រចិត្ត ជាប្រភពឈាមតែមួយគត់ ដែលអាចផ្តល់ឈាមប្រកបដោយចីរភាព ដើម្បីផ្គត់ផ្គង់ដល់មន្ទីរពេទ្យខេត្តព្រះវិហារ ក្នុងការយកទៅជួយសង្គ្រោះអាយុជីវិតជនរងគ្រោះទូទៅ ដែលបណ្តាលមកពីកត្តាផ្សេងៗជាច្រើន ដែលពួកគាត់មានតម្រូវការឈាមជាចាំបាច់ ។
អភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី បានលើកឡើងពីអត្ថប្រយោជន៍របស់អ្នកបរិច្ចាគឈាម ដែលអាចជួយកាត់បន្ថយហានិភ័យនៃជម្ងឺបេះដូង និងជម្ងឺផ្សេងៗ ជាច្រើនទៀត ហើយក៏ទទួលបានការសរសើរ និងមានឈ្មោះថា ជាអ្នកជួយសង្គ្រោះជីវិតមនុស្ស ជាពិសេស ទៅទៀតនោះ គឺអ្នកដែលបានផ្ដល់ឈាម និងមានការងាយស្រួលនៅពេលខ្លួន ឬ ក្រុមគ្រួសារខ្លួនត្រូវការឈាមបន្ទាន់ណាមួយ៕ដោយ៖ឡុង សំបូរ