0

បណ្តា​មេដឹកនាំ​កំពូលៗ មកពី​តំបន់​អាស៊ី និង​អឺរ៉ុប នឹង​ចាប់ផ្តើម​នូវ​កិច្ចប្រជុំ​កំពូល របស់​ពួក គេ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៦ ខែតុលា ឆ្នាំ​២០១៤ នេះ នៅ​ទីក្រុង មី​ឡាន ប្រទេស អ៊ីតាលី ដោយ​ស្ថិតក្នុង គោលដៅ​ប្តេជ្ញា​ជំរុញ​ការអភិវឌ្ឍ​វិស័យសេដ្ឋកិច្ច និង វិស័យ​ចម្បងៗ ផ្សេងៗ​ទៀត ឲ្យ​បាន​ខ្លាំងក្លា​ជាង មុន​រវាង​តំបន់​ទាំងពីរ ។​

​ទីភ្នាក់ងារ​ព័ត៌មាន​ក្យូ​ដូ បានចេញ​ផ្សាយ នៅ​ថ្ងៃ​ព្រហស្បតិ៍ នេះ​ទៀតថា លោកនាយក​រដ្ឋមន្ត្រី ជប៉ុន ស៊ី​ហ្សូ អា​បេ បាន​ដឹកនាំ​គណប្រតិភូ ទៅ​ចូលរួម​កិច្ចប្រជុំ ដែលមាន​រយៈ​ពីរ​ថ្ងៃ​ខាងលើនេះ ដើម្បី​បង្ហាញ ពី​គោលនយោបាយ​សេដ្ឋកិច្ច​ថ្មី​របស់​ជប៉ុន ដែល​លោក​បាន​តាក់តែងឡើង សម្រាប់​ប្រទេស​សេដ្ឋកិច្ច​ធំ ជាងគេ​លំដាប់​ទី ៣​លើ​ពិភពលោក​មួយ​នេះ ក្រោយពី​រូបលោក ឡើងកាន់តំណែង​កាលពី​ខែធ្នូ ឆ្នាំ ២០១២ មក ។​ល

​ចំពោះ​កិច្ចប្រជុំ អាស៊ី​-​អឺរ៉ុប ឬ​ASEM ក៏​នឹង​លើកយក​បញ្ហា​ប្រឈម នៅក្នុង​សកលលោក​មក ពិភាក្សា​ផង ដែរ ដូចជា​បញ្ហា​រីក​រាលដាល​នៃ​ជំងឺ Ebola ដ៏​កាច​សាហាវ​, និង បញ្ហា​ដែល​បង្កឡើង ក្រុម​សកម្មប្រយុទ្ធ បំបែក​រដ្ឋ​មួយចំនួន នៅ​តំបន់​មជ្ឈិមបូព៌ា​ថែមទៀត ។ ដោយឡែក សម្រាប់​ជំហរ​ប្រទេស​ជប៉ុន ចំពោះ បញ្ហា​ភាគ​ខាងកើត អ៊ុយ​ក្រែ​ន ដែលមាន​រុស្ស៊ី និង​រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន កំពុង​ប្រឈមមុខ​ដាក់គ្នា​នោះ ជប៉ុន​នៅតែ​បង្ហាញ​ជំហរ​ជា​កណ្តាល ដោយ​គាំទ្រ​ឲ្យ​មាន​កិច្ចពិភាក្សា ដោះស្រាយ​បញ្ហា ដោយ​សន្តិវិធី រវាង​ភាគី​ជម្លោះ ។​ហ
​គួរ​បញ្ជាក់ថា ស្ថិតនៅក្នុង​ផ្នែក​ផ្សេង​នៃ​កិច្ចប្រជុំ លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន ក៏​គ្រោង​នឹង​ជួប ពិភាក្សា​ផង ដែរ ជាមួយនឹង​លោក​ប្រធានាធិបតី​ចិន ស៊ី ជិន​ពីង​, លោកស្រី​ប្រ​ធានា​ធីប​តី កូរ៉េខាងត្បូង ផាក គឺ​ន​ហេ​, និង បណ្តា​មេដឹកនាំ​ប្រទេស​អាស៊ាន​មួយចំនួនទៀត ដូចជា​ថៃ និង វៀតណាម​ជាដើម ៕