គ្រឿងឧបភោគបរិភោគ និងបច្ច័យមួយចំនួន ត្រូវបានឧត្តមសេនីយ៍ទោ សោម ស៊ុន និងក្រុមគ្រួសារ នាំយកទៅប្រគេនព្រះសង្ឃជាង៥០០អង្គ នៅវត្តឥន្ទ្រីយ៍សំវរៈ(ហៅវត្តកំពង់ធំ) 

0

កំពង់ធំ÷ នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤
ឧត្តម សេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិ បត្តិការសឹករងកំពង់ធំ បានដឹកនាំសហការី រួមជាមួយភរិយា និងក្រុមការងារយេនឌ័រ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បាននាំយកបច្ច័យ ទេយ្យទាន ទៅប្រគេនព្រះសង្ឃ ចំនួនជាង ៥០០អង្គ ដែលត្រូវនិមន្តអញ្ជើញមកពីតាមបណ្ដាក្រុង.ស្រុកទាំង ៩ នៅ ក្នុងខេត្តកំពង់ធំ មកប្រឡងយកវិញ្ញាបនបត្រពុទ្ធិកបឋមសិក្សាបាលីរង រយៈពេលបីថ្ងៃ នៅវត្តឥន្ទ្រីសំវរៈហៅវត្តកំពង់ធំ ស្ថិតនៅភូមិក្តី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានមាន ប្រសាសន៍ថា ដើម្បីជួយសម្រាលដល់ការលំបាក របស់ព្រះទេពសត្ថាបារមី សៀង សុខ ព្រះរាជាគណៈថ្នាក់ចត្វា នៃព្រះរាជាណាចក្រកម្ពុជា ព្រះមេគណខេត្ត និងជាព្រះគ្រូចៅអធិការវត្តឥន្ទ្រីយ៍សំវរៈ ហៅវត្តកំពង់ធំ ក្នុងការផ្គត់ផ្គង់ចង្ហាន់ប្រចាំថ្ងៃដល់ព្រះសង្ឃចំនួនជាង៥០០ អង្គ រយៈពេល៣ថ្ងៃ ក្នុងពេលនិមន្តមកប្រលងយកវិញ្ញាបនបត្រពុទ្ធិកបឋមសិក្សាបាលីរង នៅពេលខាងមុខដ៏ខ្លីនេះ ទើបថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហាន  ព្រមទាំងក្រុមគ្រួសារ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានមានសទ្ធាជ្រះថ្លាក្នុងវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ក្នុងការជួយទំនុកបម្រុងដល់ព្រះសង្ឃ ដែលជាស្រែបុណ្យរបស់ពុទ្ធសាសនិកជនគ្រប់រូបៗ  ដោយបាននាំយកនូវអង្ករចំនួន៥០០ គីឡូក្រាម មីជាតិចំនួន១០ កេស ត្រីខកំប៉ុងចំនួន១០ យួរ ទឹកពិសាបរិសុទ្ធវិតាល់ចំនួន២០កេស និងបច្ច័យមួយចំនួនផងដែរ។

ព្រះទេពសត្ថាបារមី សៀង សុខ ព្រះរាជាគណ:ថ្នាក់ចាត់ថ្វានៃព្រះរាជាណាចក្រកម្ពុជា ព្រះមេគណខេត្ត និងជាព្រះចៅអធិការវត្តឥន្ទ្រីសំវរៈហៅវត្តកំពង់ធំ បានសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះឧត្តមសេនីយ៍ទោ សោម ស៊ុន និងលោកជំទាវ ព្រមទាំងសហការី នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងក្រុមគ្រួសារ ដែលលោកតែងតែជួយឧបត្ថម្ភគាំទ្រក្នុងវិស័យព្រះពុទ្ធសាសនា និងបានជួយដោះស្រាយនូវរាល់ការលំបាកផ្សេងៗរបស់ព្រះសង្ឃនៅតាមទីវត្តអារាមនានានៅក្នុងខេត្តកំពង់ធំកន្លងមក ពិសេសនៅទីអារាមវត្តកំពង់ធំនៅពេលនេះ ។

ព្រះទេពសត្ថាបាមី សៀង សុខ បានប្រសិទ្ធពរជ័យ បវរសួរស្តីមហាប្រសើរ ជូនដល់ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងក្រុមគ្រួសារ សូមទទួលបាននូវពុទ្ធពរទាំងឡាយបួនប្រការគឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕