សាខាកាកបាទខេត្តកំពង់ធំ បានប្រារព្ធពិធីទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត ៥ធ្នូ ២០២៣ ក្រោមប្រធានបទ(ស្ម័គ្រចិត្តដើម្បីក្ដីសង្ឃឹមសហគមន៍) និងបំពាក់កន្សែងយុវជនកាកបាទក្រហម វិទ្យាល័យហ៊ុនសែនត្បែងចំនួន៥៤នាក់

0

កំពង់ធំ÷ ឯកឧត្តម ជា វ៉ាន់ចាន់ អភិបាលរងខេត្តជាលេខាធិការគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ អមដំណើរដោយលោក ឃុន ប៊ុនហេង អភិបាលរងស្រុក មន្ត្រីសាខា អ្នកស្ម័គ្រចិត្ត ព្រមទាំងយុវជនកាកបាទក្រហមជាច្រើននាក់ បានអញ្ជើញចូលរួមកម្មវិធីអបអរសាទរទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត ៥ធ្នូ ២០២៣ ក្រោមប្រធានបទ(ស្ម័គ្រចិត្តដើម្បីក្ដីសង្ឃឹមសហគមន៍) និងបំពាក់កន្សែងយុវជនកាកបាទក្រហម វិទ្យាល័យហ៊ុនសែនត្បែងចំនួន៥៤នាក់ ប្រារព្ធនៅមុខអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកកំពង់ស្វាយ នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤។

លោក ឃុន ប៊ុនហេង អភិបាលរងស្រុកកំពង់ស្វាយ បានលើកឡើងថា សម្រាប់អនុសាខាកាកបាទក្រហមស្រុកកំពង់ស្វាយមានរចនាសម្ព័ន្ធគឺសមាសភាពគណៈកម្មការធិកាអនុសាខាកាកបាទក្រហមមាន០៩នាក់ សមាសភាពគណៈកិត្តិយសអនុសាខាកាកបាទក្រហមមាន១១នាក់ ក្រុមការងារកាកបាទក្រហមឃុំ០៥នាក់ក្នុង១ឃុំសរុប៥៥នាក់ អ្នកស័គ្រចិត្តទាំង១១ឃុំ មានចំនួន១៨៨នាក់ ស្រី១០០នាក់ យុវជនកាកបាទក្រហមស្រុកកំពង់ស្វាយចំនួន១២៤នាក់ ស្រី៨៥នាក់។

ពិធីសំណេះសំណាលជាមួយអ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជាស្រុកកំពង់ស្វាយឯកឧត្តម ជា វ៉ាន់ចាន់ បានថ្លែងថា ប្រធានបទ(ស្ម័គ្រចិត្តដើម្បីក្តីសង្ឃឹមសហគមន៍)ដែលកាកបាទក្រហមកម្ពុជាបានកំណត់ឡើងនេះគូសបញ្ជាក់ពីការប្តេជ្ញាចិត្ត និងពីបេសកកម្មរួមរបស់សមាគមជាតិ ក្នុងការបន្តពង្រឹងប្រតិបត្តិការតាមវិស័យអាទិភាពទាំង៤ យុទ្ធសាស្ត្រឆ្នាំ២០២១-២០៣០ តាមទិសស្លោក(សកម្មភាពនៅមូលដ្ឋាន សម្រេចបានគោលដៅសកល) រួមជាមួយ ការផ្សារភ្ជាប់ទៅនឹងការ ចូលរួមសម្រេចគោលនយោបាយជាអាទិភាពរបស់យុទ្ធសាស្ត្របញ្ជាកោណ នៃរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។ តាមរយៈការពង្រឹងតួនាទីស្នូលរបស់អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជា ឱ្យចូលរួមបានយ៉ាងពេញលេញក្នុង ការឆ្លើយតបបានទៅនឹងបញ្ហាប្រឈមនានា ការលើកកម្ពស់សុខភាពសាធារណៈ ការលើកកម្ពស់បរិស្ថានបៃតងស្អាត ការបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុ ការលើកកម្ពស់សុខុមាលភាពសង្គមប្រកបដោយបរិយាបន្ន។

ជាចុងក្រោយឯកឧត្តម ជា វ៉ាន់ចាន់ បានបញ្ជាក់ថា ទិវាអន្តរជាតិនៃអ្នជាតិនៃអ្នកស្ម័គ្រចិត្ត ៥ ធ្នូ ២០២៣ ដ៏ប្រសើរថ្លៃថ្លានេះ សូមផ្ញើជូនបងប្អូនអ្នកស្ម័គ្រចិត្តគ្រប់លំដាប់ថ្នាក់ គណៈកម្មាធិការអនុសាខា បន្តដឹកនាំ មន្ត្រី-បុគ្គលិក យុវជន អ្នកស្ម័គ្រចិត្ត ក្នុងការបន្តពង្រឹង និងពង្រីកប្រតិបត្តិការតាមវិស័យអាទិភាពទាំង៤ នៃយុទ្ធសាស្ត្រ ២០២១-២០៣០ របស់កាកបាទក្រហមកម្ពុជា ក្នុងស្មារតីជាក្រុម និងការទទួលខុសត្រូវខ្ពស់។ សូមបងប្អូន អ្នកស្ម័គ្រចិត្តនៅតាមសហគមន៍ ក្មួយៗយុវជន កាកបាទក្រហមកម្ពុជា នៅតាមគ្រឹះស្ថានសិក្សា បន្តរួមកម្លាំងសាមគ្គីភាព ពង្រឹង និងពង្រីកសកម្មភាពកសាងសហគមន៍ឱ្យមានភាពធន់ ផ្តល់សេវា ជួយដល់ប្រជាពលរដ្ឋររងគ្រោះ និងងាយរងគ្រោះ បានឆាប់រហ័សទាន់ពេលវេលា ស្របតាមបាវចនា(សកម្មភាពនៅមូលដ្ឋាន សម្រេចបានគោលដៅសកល)។

គួរបញ្ជាក់ផងដែរថា គណៈអធិបតីនិងអ្នកចូលរួមទាំងអស់ បានបំពាក់កន្សែងដល់យុវជនកាកបាទក្រហមកម្ពុជាស្រុកកំពង់ស្វាយចំនួន៥៤នាក់ និងផ្ដល់សម្ភារៈសិក្សាមួយចំនួនដល់យុវជន ព្រមទាំងប្រគល់វិញ្ញាបនបត្រដល់អ្នកស្ម័គ្រចិត្តផងដែរ៕