អភិបាលខេត្តកំពង់ចាម អះអាងថា ផ្លូវ បេតុង ទៅ ឃុំ បារាយណ៍ ដែល ជា ជំហាន ទី ២ អាច ចាប់ផ្ដើម ក្នុង ខែ មេសា ២០២៤ នេះ បន្ទាប់ ពី ជំហាន ទី ១ត្រូវ បាន បញ្ចប់

0

កំពង់ចាម : អភិបាលនៃគណៈអភិបាលខេត្តំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានអះអាងថា គម្រោង ស្ថាបនា ផ្លូវ បេតុង ពី ឃុំ ព្រែក ដំបូក ទៅ ឃុំ បារាយណ៍ ក្នុង ស្រុកស្រីសន្ធរ ដែល ជា ជំហាន ទី ២ អាច នឹង ចាប់ផ្ដើម កសាង ក្នុង ខែ មេសា ឆ្នាំ ២០២៤ នេះ បន្ទាប់ ពី ការ ចាក់ ដី រៀបចំ គ្រឹះ ក្រោម ដែល ជា ជំហាន ទី ១ ត្រូវ បាន បញ្ចប់ ហើយ នោះ ការ ថ្លែង បែប នេះ ក្នុង កិច្ចប្រជុំសាមញ្ញលើកទី៥៦ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ ។

ក្នុង កិច្ច ប្រជុំ នោះ ឯកឧត្តមអភិបាលខេត្ត បាន បញ្ជាក់ ថា អ្វី ដែល យើង ត្រូវ ការ នោះ គឺ គុណភាព ផ្លូវ ដែល មាន ទាំង ពេល វេលា និង បច្ចេកទេស តួយ៉ាង ដូច ជា ការ ស្ថាបនា ផ្លូវ ពី ឃុំ ព្រែក ដំបូក ទៅ ឃុំ បារាយណ៍ គឺ មាន ២ជំហាន ដែល ត្រូវ អនុវត្ត ដោយ ជំហាន ទី ១ គឺ ចាក់ ដី សរ ដើម្បី រៀបចំ បាត ក្រោម ឱ្យ បាន រឹងមាំ ជាមុន សិន រួច ចាក់ គ្រួស ក្រហម ពី លើ សម្រាប់ ប្រេីប្រាស់ ជា បណ្តោះអាសន្ន បន្ទាប់ មក យើង ត្រូវ អនុវត្ត ជំហាន ទី ២ គឺ ចាក់ បេតុង ពោលគឺ យេីង មិន អាច ធ្វើ ផ្លូវ បេតុង ពីលើ ផ្លូវ គ្រួស ក្រហម ដែល មិន ទាន់ មាន ការ ប្រគល់ និង ទទួល នៅឡើយ នោះ ទេ ដូច្នេះ យេីង ត្រូវ រង់ចាំ ក្នុង កំឡុង ខែ ៤ ឆ្នាំ ២០២៤ នេះ ត្រូវ បញ្ចប់ ជំហាន ទី ១ ហើយ កញ្ចប់ ថវិកា នឹង ធ្លាក់ មក សម្រាប់ អនុវត្ត ជំហាន ទី ២តែម្ដង ។

ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម បានលើកយកសេចក្កី ព្រាងរបៀបវារៈសំខាន់ៗ មកពិភាក្សា រួមមាន៖ ១-ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៥៥ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត ។
២-ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំវិសាមញ្ញលើកទី១២ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត ។
៣-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងរបាយការណ៍ស្តីពីការអនុវត្តការងារប្រចាំខែធ្នូ ឆ្នាំ ២០២៣ និងទិសដៅការងារប្រចាំខែមករា ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្ត ។
៤-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងផែនការសកម្មភាពរយៈពេល៣ខែ (មករា កុម្ភៈ មីនា) ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តកំពង់ចាម ៕