កំពង់ឆ្នាំង៖កុមារី ហិន លីដា ជាតារាចម្រៀងជាប់ចំណាត់ថ្នាក់លេខ១ក្នុងកម្មវិធីផ្កាយរះក្នុងសួនរបស់ទូរទស្សអប្សរាមិនត្រួវបានគេបាញ់សម្លាប់ដូចពាក្យចចាមអារ៉ាមដែលបានលិចឭនោះទេ គឺនៅព្រឹកថ្ងៃទី០៥ ខែមិនានេះ រូបនាងកំពុងរៀនសូត្រជាធម្មតានៅសាលាបូរីវិជ្ជាក្នុងសង្កាត់កំពង់ឆ្នាំងក្រុងកំពង់ឆ្នាំង។
ស្ត្រីឈ្មោះ ខាន់ សុភាព អាយុ៤៤ឆ្នាំរស់នៅភូមិកណ្តាល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង បានអោយដឹងនៅព្រឹកថ្ងៃទី០៥ ខែមិនានេះថា៖កូនរបស់នាងឈ្មោះ ហិន លីដា អាយុ១៤ឆ្នាំ រៀនថ្នាក់ទី៧ « ក » សាលាបូរីវិជ្ជា ជាតារាចម្រៀងផ្កាយរះក្នុងសួររបស់កម្មវិធីទូរទស្សប៉ុស្តអប្សរាប៉ុន្មានថ្ងៃ នេះនាងមានសេចក្តីសុខជាធម្មតាទេ ហើយក៏មិនត្រួវបានរងគ្រោះដោយគេបាញ់សម្លាប់ ឬក្រឡាប់រថយន្តស្លាប់ ដូចពាក្យចចាមអារ៉ាមនោះដែរ។
អ្នកស្រី ខាន់ សុភាព បានអោយដឹងទៀតថា៖អ្នកស្រីជាស្ត្រីមេម៉ាយប្តីរបស់អ្នកស្រីឈ្មោះ ម៉ុក វុទ្ធី គាត់មានជម្ងឺឈឺស្លាប់ក្នុងឆ្នាំ២០១១បច្ចុប្បន្នអ្នកស្រីមានកូននៅក្នុងបន្ទុកចំនួន៤នាក់ប្រុស៣នាក់ ចំណែកតារាចម្រៀង ហិន លីដា ជាកូនទី៣នាងមានចំណូលចិត្តច្រៀងតាំងពីនៅតូច។ រូបនាងបានប្រឡងជាប់ចំណាត់ថ្នាក់លេខ១ក្នុងកម្មវិធីផ្កាយរះក្នុងសួន របស់កម្មវិធីទូរទស្សអប្សរា។តាំងពីថ្ងៃទី២៣ ខែកុម្ភះ រហូតមកដល់ថ្ងៃទី
០៥ ខែមិនានេះ អ្នកស្រីបានទទួលទូរស័ព្ទពីគ្រប់មជ្ឈដ្ឋានជាច្រើននាក់ ដែលសួរពីមូលហេតុថាកូនរបស់អ្នកស្រីបានស្លាប់ ដោយអ្នកខ្លះថាក្រឡាប់រថយន្តនៅខេត្តតាកែវស្លាប់ អ្នកខ្លះទៀតសួរថាហេតុម្តេចបានជាគេបាញ់នាងស្លាប់ ព្រោះមានហ្វេសប៊ុកនិងគេហទំព័រមួយចំនួន
បានចេញផ្សាយ តែអ្នកស្រីបានឆ្លើយប្រាប់ទៅគេវិញថា៖អា លីដា កូនស្រីរបស់គាត់នាងសុខសប្បាយមិនបានស្លាប់ដូចពាក្យចចាមអារ៉ាមនោះទេ ប៉ុន្តែចម្លើយរបស់អ្នកស្រីមិនបានធ្វើអោយម្ចាស់សំណួរស្ងប់ចិត្តឡើយ គឺនៅមានគេទូរស័ព្ទសាកសួររឿងកូនស្រីគាត់ជារៀងរាល់ថ្ងៃ។ នៅព្រឹកថ្ងៃទី០៥ ខែមិនា នេះដើម្បីបញ្ជាក់ការពិតអ្នកស្រីជាម្តាយកុមារី ហិន លីដា បានជូនអ្នកយកព័ត៏មានយើងទៅថតរូបភាពកូនស្រីរបស់អ្នកស្រីដែលកំពុងរៀននៅក្នុងថ្នាក់ទី៧ ក សាលាបូរីវិជ្ជា។
កុមារី ហិន លីដា ក៏បានបញ្ជាក់នៅក្នុងថ្នាក់រៀនថា៖ប៉ុន្មានថ្ងៃនេះរូបនាងបានសុខសប្បាយធម្មតាទេនិងកំពុងខិតខំរៀនសូត្រ មិនមានគ្រោះថ្នាក់ ដូចពាក្យចចាមអារ៉ាមទេ។ លោក ជា វណ្ណះ នាយប៉ុស្តិនគរបាលរដ្ឋបាលកំពង់ឆ្នាំង បានអោយដឹងនៅព្រឹកថ្ងៃទី០៥ ខែមិនានេះផងដែរថា៖ក្រុមគ្រួសារអ្នកស្រី ខាន់ សុភាព និងកុមារី ហិន លីដា ជាតារាចម្រៀងកំពុងរស់នៅក្នុងភូមិកណ្តាល សង្កាត់កំពង់ឆ្នាំងជាធម្មតាពិតប្រាកដមែន នាងមិនបានជួបហេតុការណ៏គ្រោះថ្នាក់ដូចគេថានោះឡើយ៕