មន្ទីរសង្គមកិច្ចខេត្តព្រះសីហនុ នាំយកអំណោយគ្រឿងឧបភោគបរិភោគជូនប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិ ៣០០គ្រួសារនៅស្រុកព្រៃនប់

0

ខេត្តព្រះសីហនុ៖ ដោយមានការយកចិត្តទុក្ខដាក់ខ្ពស់ចំពោះសុខទុក្ខប្រជាពលរដ្ឋពីសំណាក់ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នាល្ងាចថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ លោក សម សភា ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តព្រះសីហនុ អញ្ជើញសំណេះសំណាល និងផ្ដល់គ្រឿងឧបភោគបរិភោគជូនប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិខ្យល់កន្ត្រាក់ នៅក្នុងឃុំចំនួន៣ (ឃុំសាមគ្គី ឃុំទឹកល្អក់ និងឃុំទឹកថ្លា) ក្នុងស្រុកព្រៃនប់ ។


អំណោយសម្ភារៈ និងស្បៀងអាហារជូនប្រជាពលរដ្ឋរងគ្រោះចំនួន៣០០គ្រួសារ មកពី៣ឃុំ (ឃុំសាមគ្គី ឃុំទឹកល្អក់ និងឃុំទឹកថ្លា) ក្នុង១គ្រួសារទទួលបាន២០គីឡូ, អង្ករ, ទឹកស៊ីអីវ១យួរ, មី១កេស, និងកន្ទេល មុង ភួយ ១ឈុត។

លោក សម សភា បានលើកឡើងថា ការរៀបចំកម្មវិធីនាពេលនេះត្រូវបានធ្វើឡើងក្នុងន័យគាំពារដល់ជីវភាពរស់នៅគ្រួសាររងគ្រោះដោយគ្រោះធម្មជាតិ ផ្តោតជាពិសេសដល់គ្រួសាររងគ្រោះធ្ងន់ធ្ងរ និងគ្រួសារ និវត្តជនស៊ីវិល គ្រួសារអតីតយុទ្ធជន គ្រួសារជនមានពិការភាព ដែលស្ថិតក្នុងស្ថានភាពជីវភាពខ្វះខាត ដើម្បីជួយសម្រាលបន្ទុកជីភាពរបស់ពួកគាត់ក្នុងពេលមានគ្រោះមហន្តរាយផ្សេងៗ។

លោកបន្តថា សមិទ្ធិផលសំខាន់ៗរបស់រាជរដ្ឋាភិបាលសម្រេចបានក្នុងវិស័យសង្គមកិច្ចរួមមាន៖
*ទី១. ប្រជាជនក្រីក្រ កម្មករកម្មការនីរោងចក្រ មន្ត្រីរាជការ អតីតមន្ត្រីរាជការ អតីតយុទ្ធជន ទទួលបានសេវាព្យាបាលជម្ងឺនៅមន្ទីរពេទ្ររដ្ឋដោយមិនអស់កម្រៃ តាមរយៈប័ណ្ណសមធម៌ ប័ណ្ណប.ស.ស. និងប័ណ្ណមូលនិធិសុខាភិបាល
*ទី២. ជនមានពិការភាព ទទួលបានសេវាព្យាបាល និងស្តាលទ្ធភាពកាយសម្បទាដោយមិនអស់កម្រៃនៅមណ្ឌលស្ដារលទ្ធភាពកាយសម្បទាខេត្តព្រះសីហនុ(ចំការចេក)
*ទី៣. ប្រាក់បៀវត្សទាបបំផុតសម្រាប់អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន ចំនួន ៧៧ ម៉ឺនរៀល
*ទី៤. ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ទទួលបានការឧបត្ថម្ភសាច់ប្រាក់
*ទី៥. ជនពិការក្រីក្រមានប័ណ្ណសមធម៌(ប័ណ្ណក្រីក្រ) នឹងទទួលបានរបបឧបត្ថម្ភ ប្រចាំខែ
*ទី៦. ជនពិការទទួលបានប័ណ្ណសម្គាលជនមានពិការភាព និងសមិទ្ធិផលនានាផ្សេងជាច្រើនទៀត៕