បន្ទាយមានជ័យ៖ កាលពីវេលាម៉ោង១៥និង០០នាទីថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោក វរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានបេីកប្រតិបត្តិការស្រាវជ្រាវឃាត់ខ្លួន
ជនសង្ស័យជាបន្តបន្ទាប់ចំនួន០៣នាក់ ករណីធ្វើឱ្យខូចខាតដោយចេតនា ប្រព្រឹត្តកាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៤ នៅចំណុចឃ្លាំងលក់រថយន្តHD ស្ថិតក្នុងភូមិគីឡូម៉ែត្រ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត និងលួចមានស្ថានទម្ងន់ទោស(ឆក់កាបូប) ប្រព្រឹត្តកាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤ នៅចំណុច ភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ករណីនេះធ្វើឡើងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះចំនួន០៣នាក់ ១.ឈ្មោះ គង់ រ៉ាវ៉ាត់ ភេទប្រុស អាយុ៤២ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ២-ឈ្មោះ លី រស្មី ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិគីឡូម៉ែត្រ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ៣-ឈ្មោះ ឈាង សុដាណេ ភេទស្រី អាយុ១៨ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឱ្យដឹងថា ជនសង្ស័យទាំង៣នាក់ ១-ឈ្មោះ ឆេង មុនីរ៉ាហ្វូ ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ២-ឈ្មោះ ធារ លឹមងួន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។៣-ឈ្មោះ ហៀង វុទ្ធា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិគីឡូម៉ែត្រ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានបញ្ជាក់ថា កាលពីវេលាម៉ោង១៦និង០០នាទី ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៤ មានសង្ស័យ០១ក្រុមបានធ្វើសកម្មភាព ជិះម៉ូតូដេញវ៉ៃ ទៅលើជនរងគ្រោះឈ្មោះ គង់ រ៉ាវីត ភេទប្រុស អាយុ១៧ឆ្នាំ ដោយជនរងគ្រោះបានជិះម៉ូតូគេចខ្លួន ចូលក្នុងឃ្លាំងរថយន្តHD ហេីយក្រុមជនសង្ស័យបានជិះម៉ូតូដេញតាមដល់ឃ្លាំងលក់រថយន្ត និងបានធ្វេីសកម្មភាពកាប់បំផ្លាញម៉ូតូម៉ាកCPX ពណ៌ស ផលិត ឆ្នាំ២០២៣ របស់ជនរងគ្រោះ។ ក្រោយពីធ្វើសកម្មភាពកាប់បំផ្លាញម៉ូតូរួច នៅវេលាម៉ោង២០និង ៣០នាទី ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤ ក្រុមជនសង្ស័យបានបន្តធ្វើសកម្មភាពឆក់កាបូប របស់ជនរងគ្រោះឈ្មោះ ឈាង សុដាណេ ភេទស្រី អាយុ ១៨ឆ្នាំ នៅចំណុចភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ រួចបានជិះម៉ូតូគេចខ្លួនបាត់ស្រមោល។
ជនសង្ស័យបន្ទាប់ពីឃាត់ខ្លួននិងសួរនាំ បានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានធ្វើសកម្មភាពដេញវ៉ៃ និងកាប់បំផ្លាញម៉ូតូ ព្រមទាំងឆក់យកកាបូបរបស់ជនរងគ្រោះពិតប្រាកដមែន។ ដោយផ្អែកលេីចម្លេីយសារភាព កម្លាំងមូលដ្ឋានអាវុធហត្ថក្រុងកសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តចាត់ការបន្តតាមនីតិវិធី។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តហើយ នៅព្រឹកថ្ងៃសុក្រ ទី១២ ខែមករា ឆ្នាំ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី៕ដោយ៖ឃិន គន្ធា