បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ផ្សព្វផ្សាយសេចក្តីណែនាំរបស់ក្រសួងការពារជាតិ ស្ដីពីវិធានការទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀននៅក្នុងកងយោធពលខេមរភូមិន្ទ

0

កំពង់ធំ÷នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានប្រជុំផ្សព្វផ្សាយសេចក្តីណែនាំលេខ ០០៧ សណន របស់ក្រសួងការពារជាតិ ស្ដីពីវិធានការទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀននៅក្នុងកងយោធពលខេមរភូមិន្ទ ដែលកិច្ចប្រជុំផ្សព្វផ្សាយនេះស្ថិតក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងដោយមានការចូលរួមពីមេបញ្ជាការគ្រប់កងឯកភាព និងគ្រូបង្គោលព្រមទាំងស្ថាប័នពាក់ព័ន្ធមួយចំនួនផងដែរ។

លោកវរសេនីយ៍ទោ អ៊ូ ឆេងកន មេបញ្ជាការរងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឡើងអានសេចក្តីណែនាំលេខ ០០៧ សណន  របស់ក្រសួងការពារជាតិ និងបានគូសបញ្ជាក់នូវបណ្តាចំណុចសំខាន់ៗទាំងបីចំណុច ក្នុងសេចក្តីណែនាំនេះ ជូនដល់សមាជិក សមាជិកានៃអង្គប្រជុំ ដើម្បីយល់ជ្រួតជ្រាបនិងចាត់តាំងអនុវត្ត ឱ្យមានប្រសិទ្ធភាពខ្ពស់ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានថ្លែងអំណរគុណនិងថ្លែងនូវការកោតសរសើរ ចំពោះមេបញ្ជាការ គ្រប់ បណ្ដា កងឯកភាព និង យោធិនចំណុះបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំទាំងអស់ រួមជាមួយក្រុមគ្រួសារសាច់ញាតិ ដែលមិនមាននរណាម្នាក់ពាក់ព័ន្ធក្នុងការជួញដូរ និងការប្រើប្រាស់គ្រឿងញៀន ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានសំណូមពរដល់យោធិនទាំងអស់ ត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់តាមសេចក្តីណែនាំលេខ ០០៧ សណន របស់ក្រសួងការពារជាតិ  ដោយត្រូវផ្សព្វផ្សាយអប់រំលើកកម្ពស់ការយល់ដឹងពីបញ្ហាផលប៉ះពាល់នៃគ្រឿងញៀន ជូនដល់យោធិនគ្រប់រូប និងក្រុមគ្រួសារឲ្យបានយល់ជ្រួតជ្រាប   និងបានក្រើនរំលឹកដល់មេបញ្ជាការគ្រប់កងឯកភាព និងស្ថាប័នសុខាភិបាលគិលានដ្ឋាន ត្រូវធ្វើការត្រួតពិនិត្យរកសារញៀននៅក្នុងអង្គភាពនិងស្ថាប័ននីមួយៗ ។ បើរកឃើញថាមានករណីផ្ទុកសារធាតុញៀន ត្រូវរាយការណ៍ជាបន្ទាន់មកបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដើម្បីស្នើសុំលុបឈ្មោះចេញពីបញ្ជីក្របខ័ណ្ឌនៃកងយោធពលខេមរភូមិន្ទ ។

មេបញ្ជាការគ្រប់បណ្ដាកងឯកភាព និងគ្រូបង្គោលព្រមទាំងស្ថាប័ន ដែលមានការពាក់ព័ន្ធ បានប្តេជ្ញាចិត្តផ្សព្វផ្សាយខ្លឹមសារនៃសេចក្តីណែនាំលេខ០០៧នេះជូនដល់នាយទាហាន នាយទាហានរង និងពលទាហានគ្រប់ៗរូប ព្រមទាំងក្រុមគ្រួសារ ឲ្យបានយល់ជ្រួតជ្រាប និងបានប្តេជ្ញាចិត្តជៀសឲ្យឆ្ងាយពីគ្រឿងញៀន ជាដាច់ខាត។