កំពង់ធំ÷ នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង និងសហការី បានអញ្ជើញកាត់វិញ្ញាសារប្រឡងយកវិញ្ញាបនប័ត្រធម្មវិន័យថ្នាក់ត្រីទោឯក នៅមណ្ឌលវត្តឃ្លាំងខ្មូត ស្ថិតនៅក្នុងឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ។
ជាការពិតការប្រគេនទៅកាន់សមណបេក្ខជន នាឱកាសនោះ លោកអភិបាលស្រុកស្ទោង បានណែនាំដល់បេក្ខជនទាំងអស់ត្រូវអនុវត្តឱ្យបានហ្មត់ចត់ នូវបទបញ្ជានិងសេចក្តីណែនាំរបស់គណកម្មការប្រឡង ដើម្បីឱ្យដំណើរការប្រឡងប្រព្រឹត្តទៅដោយរលូន និងទទួលបាននូវលទ្ធផលល្អតាមការគ្រោងទុក។
ជាមួយនេះផងដែរលោក សាយ គឹមឡម បានកោតសរសើរដល់បេក្ខជនទាំងពីរភេទ ទាំងគ្រហស្ថនិងបុព្វជិត ជាពិសេសព្រះសង្ឃដែលមានព្រះជន្មច្រើន និងចាស់វស្សា ដែលខិតតស៊ូសិក្សារៀនសូត្រអស់ពីសមត្ថភាពដើម្បីបានប្រឡងយកវិញ្ញាបនប័ត្រនៅក្នុងកាសនេះ ដែលនឹងនាំឱ្យឃើញច្បាស់ពីសមត្ថភាពផ្ទាល់ខ្លួនផងដែរ។
លើសពីនេះលោក សាយ គឹមឡម បានជំរុញដល់ព្រះមន្ត្រីសង្ឃស្រុក និងសាលាអនុគណស្រុកស្ទោង ព្រមទាំងសហការីដែលបានខិតខំសហការ បានរៀបចំដំណើរប្រឡងប្រគេនសមណបេក្ខជនក្នុងពេលនេះ ដើម្បីឱ្យបេក្ខជនមានឱកាសទទួលបានវិញ្ញាបនប័ត្រ និងមានឱកាសយកទៅប្រើប្រាស់តាមតម្រូវការជាក់ស្តែង ក៏ដូចជាសិក្សារៀនសូត្របន្តនៅថ្នាក់ខ្ពស់បន្តទៀត។
ទន្ទឹមនឹងនេះលោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានថ្លែងអំណរគុណ និងកោតសរសើរដល់ញាតិញោមពុទ្ធបរិស័ទ ជិតឆ្ងាយ ដែលមានសទ្ធាជ្រះថ្លា និងបានឧបត្ថម្ភ គាំទ្រ ទាំងសម្ភារ ថវិកា កម្លាំងកាយ កម្លាំងចិត្ត ក្នុងការទ្រទ្រង់ចង្ហាន់ព្រះសង្ឃ និងបេក្ខជនក្នុងឱកាសដ៏វិសេសវិសាលនេះ។ សូមបេក្ខជនទាំងអស់ ត្រូវខិតខំយកចិត្តទុកដាកក្នុងកាប្រឡងដោយមានការប្រុងប្រយ័ត្ន និងឱ្យអស់ពីសមត្ថភាព ដើម្បីទទួលបានលទ្ធផលល្អគ្រប់ៗគ្នា។
គួរបញ្ជាក់ផងដែរថា បេក្ខជនដែលចូលរួមប្រឡង នាឱកាសនេះមានចំនួន៣៨៦ព្រះអង្គ ចំនួនសាមណេរជាថ្នាក់ត្រីមាន២២១ព្រះអង្គ ថ្នាក់ទោមាន១៣៥ព្រះអង្គ និងថ្នាក់ឯកមាន៣០ព្រះអង្គ ហើយចែកចេញជា១៥បន្ទប់ និងមាន០១មណ្ឌលផងដែរ។ អត្ថបទលោក ឆុន ឆេងក្រឹម