សព្វថ្ងៃនេះតម្លៃគោរស់ចុះថោក តែកសិដ្ឋានសន្តិភាព នៅតែបន្តការចិញ្ចឹមគោ និងដាំពូជស្មៅបន្ថែមឥតឈប់ឈរ

0

កំពង់ធំ៖ មុខមាត់ខេត្តកំពង់ធំ កសិដ្ឋានសន្តិភាពគ្រោងបោះដើមទុន១០លានដុល្លារសហរដ្ឋអាមេរិក នៅក្នុងភូមិតាមិញ ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ខណៈពេលសត្វពាហនៈកំពុងតែមានតម្លៃចុះថោក ក៏ប៉ុន្តែការកសិដ្ឋានមួយនេះនៅតែពន្លឿនការចិញ្ចឹមគ្រប់ប្រភេទ ការបណ្ដុះពូជស្មៅច្រើនប្រភេទ នឹង ហេដ្ឋាចនាសម្ព័ន្ធផ្សេងៗ ឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤។

លោក ម៉ៅ សំបូរ អាយុ៣៨ឆ្នាំ តំណាងឱ្យម្ចាស់កសិដ្ឋានសន្តិភាពបានប្រាប់ឱ្យដឹងថា មូលហេតុនៃការចាប់កំណើតកសិដ្ឋាននេះ គឺដោយយល់ឃើញថា ប្រទេសកម្ពុជាយើងមិនទាន់មានកសិដ្ឋានចិញ្ចឹមសត្វបែបលក្ខណៈបច្ចេកទេស និងស្តង់ដាអន្តរជាតិ។ មួយណាទៀតចង់លើកស្ទួយ សេដ្ឋកិច្ចប្រទេសជាតិ និងក្នុងសេដ្ឋកិច្ចមូលដ្ឋាននានាក្នុងតំបន់ កសិដ្ឋានសន្តិភាពមានផ្ទៃដីជាង៣០០ហិតា ហើយ ក្រុមហ៊ុននៅតែបន្តទិញដីពង្រីកបន្ថែមទៀត ដើម្បីឱ្យប្រជាពលរដ្ឋមានការងារធ្វើ កុំឱ្យមានការចំណាកស្រុកផងដែរ។

លោកបានបន្តទៀតថា ក្នុងកសិដ្ឋានសន្តិភាព មានចិញ្ចឹមសត្វគោ ចិញ្ចឹមសត្វពពែ ចិញ្ចឹមបង្កង ចិញ្ចឹមខ្យង និងបន្លែ ជាពិសេសដាំពូជស្មៅមកពីប្រទេសជិតខាងជាច្រើនប្រភេទដើម្បីទុកផ្គត់ផ្គង់ នៅក្នុងកសិដ្ឋាន និងការនាំចេញទៅលក់បន្តទៅឲ្យកសិដ្ឋានក្នុងស្រុកមួយចំនួនផង។  បច្ចុប្បន្ននេះកសិដ្ឋានសន្តិភាពកំពុងតែស្ថាបនាបន្ថែមនៅកន្លែងផលិតធ្វើផ្អក់ស្មៅ ចំនួន៤កន្លែង ដើម្បីផលិតឱ្យបានទាន់វេលា ក្នុងផ្គត់ផ្គងក្នុងកសិដ្ឋានទាំងមូល និងការនាំចេញទៅក្រៅប្រទេស។

លោកក៏បានបញ្ជាក់ឱ្យដឹងទៀតថា បច្ចេកទេសទាំងអស់នេះគឺលោកបានទៅរៀន និងសិក្សានៅឯប្រទេសអ៊ីស្រាអែល ដែលជាប្រទេស រីកចម្រើនផ្នែកកសិកម្ម ហើយក្នុងការកសាងកសិដ្ឋានសន្តិភាព បានរៀបចំហេដ្ឋារចនាសម្ព័ន្ធបែបអន្តរជាតិ ដូចហ្នឹងប្រទេសអ៊ីស្រាអែលអញ្ចឹង។ មិនថាប្រព័ន្ធទឹក ភ្លើង ប្រព័ន្ធចិញ្ចឹមសត្វពាហនៈ ប្រព័ន្ធទឹកសម្រាប់ស្រោវស្រប់ពូជស្មៅ គឺមានតែមួយគត់ នៅក្នុងប្រទេសកម្ពុជាយើង។

លោក ម៉ៅ សំបូរ តំណាងឱ្យម្ចាស់កសិដ្ឋានសន្តិភាព បានលើកទើងថា នាពេលបច្ចុប្បន្ននេះកសិដ្ឋានសន្តិភាពបានប្រើប្រាស់នៅកម្លាំងពលកម្មជាង១០០នាក់ហើយ ក្នុងនោះលោកក៏បានបញ្ជាក់ថាចាប់ពីឆ្នាំ២០២៤នេះ កសិដ្ឋានសន្តិភាព និងផ្ដល់ពូជស្មៅដល់ប្រជាកសិករ ផ្តល់ចំណេះដឹងដល់ប្រជាពលរដ្ឋ ពីបច្ចេកទេសចិញ្ចឹមសត្វពាហនៈ អាចទាក់ទងមកកសិដ្ឋានដើម្បីសិក្សាស្វែងយល់ក្នុងការចិញ្ចឹមសត្វ បច្ចេកទេសធ្វើកសិដ្ឋាន និងបច្ចេកទេសផ្សេងៗទៀត ដែលមានគោលបំណងមកសិក្សាបន្ថែមដោយឥតគិតថ្លៃ។ អ្វីដែលពិសេសនោះ បើប្រជាពលរដ្ឋ ប្រជាកសិករ ដែលមានជីវភាពខ្វះខាតអាចមកយកចំណេះដឹងបន្ថែម និងពូជស្មៅយកទៅដាំដុះបន្តទៀតដោយឥតគិតថ្លៃ ឱ្យតែប្រជាពលរដ្ឋមានជីវិតភាពខ្វះខាតពិតប្រាកដមែន ដោយក្នុងមួយគ្រួសារកសិដ្ឋានសន្តិភាពផ្ដល់ពូជស្មៅ យកទៅដាំសម្រាប់ផ្គត់ផ្គង់ការចិញ្ចឹមសត្វ ពាហនៈរបស់ខ្លួនបាន៕ អត្ថបទលោក ធូ កែវមុន្នី